អានតួអត្ថបទ
កម្ពុជា

សាលា​​រាជធានី​​ភ្នំពេញ​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ ធ្វើ​​មហា​បាតុកម្ម​

បន្ទាប់​ពីកិច្ច​ប្រជុំ​ជាង​៣​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​៣ខែ​កញ្ញា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំងធ្វើ​បាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៧​កញ្ញា​ខាង​មុខ​នេះ​ហើយ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ក្រោម​​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​សង​ខាង ទាំង​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខាង​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ម្ចាស់​សំណើ។

ក្រុម​​គាំទ្រ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​ ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅទី​លាន​ប្រជា​ធិប​តេយ្យ​ កាល​ពីពេល​កន្លង​ទៅថ្មី​ៗនេះ​។
ក្រុម​​គាំទ្រ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​ ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅទី​លាន​ប្រជា​ធិប​តេយ្យ​ កាល​ពីពេល​កន្លង​ទៅថ្មី​ៗនេះ​។ ©REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ កាល​ពី​យប់​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ថា ការ​សម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រជុំ​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់ រវាង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​នោះ​រួម​មាន​តំណាង​​គណបក្ស​សង្គ្រោះជាតិ​​ជា​ម្ចាស់​សំណើ តំណាង​សាលា​រាជធានី​ភ្នំពេញ និង​លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ផង​ដែរ។

 
លោក​ឡុង ឌីម៉ង់ ឲ្យ​ដឹង​បន្ត​ថា តំណាង​គណបក្ស​សង្គ្រោះជាតិ គឺ​លោក ហូរ វ៉ាន់ បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​ពី​គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្ម។ ជា​បាតុកម្ម​អហិង្សា​ដែល​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​ពិសេស​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត។ ជា​ចុង​ក្រោយ អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ថា ​មហាបាតុកម្ម​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​ព្រឹក ហើយ​បញ្ចប់​ទៅ​វិញ​យ៉ាង​យូរ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ និង​គ្មាន​ការ​ដង្ហែ​​ក្បួន​ចល័ត ​ក្រោយ​ការ​ធ្វើ​បាតុកម្ម​ឡើយ។ ​

លោក​ឡុង ឌីម៉ង់ បន្ថែម​ថា តំណាង​​ស្រប​ច្បាប់​របស់​គណបក្ស​សង្គ្រោះជាតិ​​ចំនួន​៣​នាក់ គឺ​លោក​ហូរ វ៉ាន់, លោកម៉ៅ មុនីវណ្ណ, និង​លោក​គួយ ប៊ុនរឿន ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​សុំ​ធ្វើ​បាតុកម្ម ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​រៀប​ចំ​មហាបាតុកម្ម​នេះ។ ហើយ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​ធានាកិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ផ្ទៃ​ក្នុង​មហាបាតុកម្ម​ឲ្យ​បាន​ល្អ ពិសេស​គឺ​ការ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​។ ដោយ​ចំពោះ កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​នៅ​ខាង​ក្រៅ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច។ ជាង​នេះ​ទៅ​ទៀត ដើម្បី​​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​បន្ទាន់​ផ្សេង​ៗ គណបក្ស​សង្គ្រោះជាតិ​​ត្រូវ​រៀប​ចំ​ក្រុម​ការងារ​ដើម្បី​ទាក់ទង​ជាមួយ​សមត្ថកិច្ច។

ដោយ​ឡែក ​ចំពោះ​ចំនួន​អ្នក​ចូល​រួម​ដែលគណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​បាន​២​ម៉ឺន​នាក់ សាលា​រាជធានី​ភ្នំពេញ​មិន​អាច​សម្រេច​បាន​ទេ គឺ​ត្រូវ​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​ជាមុន​សិន។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ លោក​ឡុង ឌីម៉ង់។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​ទម្រង់​មហាបាតុកម្ម​អហិង្សា និង​សន្តិវិធី​ថា ជាពិធី​ស្មឹងស្មាធ បួងសួង ដើម្បី​សន្តិភាព ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ជា​ពិធី​ស្មឹងស្មាធ បួងសួង​ក៏​ពិត​មែន តែ​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា វា​នៅ​តែ​ជា​មហាបាតុកម្ម។ គ្រាន់​តែ​មហាបាតុកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​រូបភាព​អហិង្សា ដោយ​សន្តិវិធី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​ខាង​មុខ។ ប្រមុខ​បក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​កាន់​តែ​ធូប ទៀន និង​ផ្កា​ប៉ុណ្ណោះ នៅ​ក្នុង​មហាបាតុកម្ម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ