អានតួអត្ថបទ
ចិន

គណបក្ស​កុម្មុយនិស្តចិន​បាន​បើក​សម័យប្រជុំពេញអង្គ​ប្រចំាឆ្នំា​ក្រោម​ប្រធានបទ « នីតិរដ្ឋ »

នៅ​ថ្ងៃ​ចន្ទ ទី២០ តុលា​នេះ គណបក្សកុម្មុយនិស្ត​ចិន​បាន​បើក​សម័យប្រជុំ​ពេញអង្គ​ប្រចំា​ឆ្នំា។ កិច្ចប្រជុំ​នេះ​បាន​ចូលរួម​ដោយ​កម្មាភិបាល​ជាន់ខ្ពស់​ដែល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស​ប្រមាណ​ជា ២០០នាក់ ក្នុង​នោះ​ក៏​មាន​រូប​លោក​ប្រធានាធិបតី​ស៊ី ជីនពីង និង​លោក​នាយករដ្ឋមន្រ្តី​លី ខឺជំាង។ ក៏​ដូច​ជា​សព្វ​មួយ​ដង កិច្ចប្រជុំ​ពេញអង្គ​ប្រចំា​ឆ្នំា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​សម្ងាត់​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកកាសែត​ចូលរួម​ទេ។ កិច្ចប្រជុំ​លើក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ « នីតិរដ្ឋ » ដែល​មាន​គោលដៅ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ដូច​ការ​ចង់​បាន​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង។

ផ្សាយពាណិជ្ជកម្ម

 

តំាង​ពី​លោក​ស៊ី ជីនពីង​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ចិន​ក្នុង​ខែ​មីនា ឆ្នំា ២០១៣ មក នេះ​ជា​លើក​ទី៤ ហើយ​ដែល​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​បាន​បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន។ ជា​ផ្លូវការ កិច្ចប្រជុំ​រយៈពេល ៤ថ្ងៃ​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​នឹង​ផ្តោតសំខាន់​លើ​ការ​ពង្រឹង​អំណាច​នៃ​ច្បាប់។ នៅ​ពេល​ដែល​គេ​និយាយ​ពី​ការ​ពង្រឹង​អំណាច​នៃ​ច្បាប់​នៅ​ក្នុង​ប្រទេស​ចិន គឺ​គេ​ចង់​និយាយ​លើ​ការ​ពង្រឹង​វិន័យ​នៅ​ផ្ទៃក្នុង​គណបក្ស ឬ​អាច​និយាយ​បែប​សាមញ្ញ​ថា បង្កើន​ការ​ត្រួតពិនិត្យ​លើ​ថ្នាក់ដឹកនំា។ ក្រៅ​ពី​ការ​ពង្រឹង​ប្រព័ន្ធច្បាប់​ដើម្បី​រក្សា​ស្ថិរភាព​របស់​ប្រទេស កិច្ចប្រជុំ​ក៏​នឹង​ត្រូវ​គិតគូរ​រឿងរ៉ាវ​របស់​លោក​ហ្ស៊ូ យ៉ុងកង​ផង​ដែរ។ លោក​យ៉ុងកង​ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខសាធារណៈ និង​ដែល​ត្រូវ​បាន​គេ​ដកតំណែង​ដោយសារ​រឿងអាស្រូវ​ពុករលួយ។ អ្វី​ដែល​កិច្ចប្រជុំ​ត្រូវ​សម្រេច​នោះ​គឺ​ថា តើ​បក្ស​ត្រូវ​បណ្តេញ​លោក​យ៉ុងកង​ចេញ​សមាជិកបក្ស ឬ​ក៏​អត់។ គួរ​រម្លឹកជូន​ថា លោក​យ៉ុងកង គឺ​ជា​ឥស្សរជនជាន់ខ្ពស់​លើកដំបូង​ម្នាក់​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ពី​តំណែង​ដោយ​រឿងពុករលួយ តំាង​ពី​ការ​បង្កើត​គណបក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ឆ្នំា ១៩៤៩ មក។

សម្រាប់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង កិច្ចប្រជុំ​លើក​នេះ​នឹង​អនុញ្ញាត​ជា​ពិសេស​ឲ្យ​មាន​ការ​បញ្ជាក់​ឡើង​វិញ​អំពី​ឧត្តមភាព​នៃ​អំណាច​របស់​គណបក្ស​ដែល​ស្ថិត​ក្រោម​ច្បាប់ មាន​ន័យ​ថា គ្មាន​អ្នកណាម្នាក់ អង្គការ ឬមួយ​ក៏​ទីភ្នាក់ងារ​រដ្ឋាភិបាល​ណា​មួយ​ដែល​ស្ថិត​ពី​លើ​ច្បាប់ ឬ​អង្គុយ​លើ​ច្បាប់​នោះ​ទេ។ សូម​ជម្រាប​ជូន​ថា តំាង​ពី​ឡើង​កាន់​អំណាច​មក លោក​ស៊ី ជីនពីង​បាន​បើក​យុទ្ធនាការ​បោសសំអាត​ជនពុករលួយ​គ្រប់​ជាន់ថ្នាក់​ដូច​ដែល​លោក​បាន​បញ្ជាក់​ថា កំចាត់​តំាង​ពី​សត្វខ្លា​ដល់​សត្វរុយ។ មក​ដល់​ពេល​នេះ មាន​ថ្នាក់ដឹកនំាជាន់ខ្ពស់​យ៉ាង​តិច ៥១នាក់​ហើយ​ដែល​ត្រូវ​បាន​ដក​តំណែង​ដោយ​រឿង​ពុករលួយ។ ការ​រំលោភ​អំណាច និង​ការ​ប្រព្រឹត្តិអំពើ​ពុករលួយ​ដែល​ជា​ឧបសគ្គចម្បង​នៅ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ប្រទេសជាតិ។

ដូច្នេះ​តាម​រយៈកិច្ចប្រជុំ​ក្រោម​ប្រធានបទ « នីតិរដ្ឋ » លើក​នេះ ក៏​នឹង​អាច​ជួយ​រំងាប់​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ចិន​ដែល​បាន​ទទួល​អយុត្តិធម៌​ក្នុង​សង្គម និង​កំពុង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ពិសេស​អ្នក​រងគ្រោះ​ក្នុង​បញ្ហាដីធ្លី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ