អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល សាទរ​ចំពោះ​ពង្រាង​ច្បាប់​អង្គការ ដែល​បញ្ជូន​ត្រឡប់​ពី​គណៈរដ្ឋមន្ត្រី​

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​សម្តែង​ការ​សាទរ​ចំពោះ​រដ្ឋាភិបាល ដែល​បាន​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​កែ​សម្រួល​ឡើង​វិញ បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ បាន​បញ្ជួន​ទៅ​ដល់​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពី​ខែ​សីហា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ទទូច​សុំឲ្យ​ក្រសួង​មហាផ្ទៃ​កែប្រែ និង​លុប​ចោល​នូវ​មាត្រា​មួយ​ចំនួន ដែល​មាន​ការ​ប្រឈម​ខ្លាំង​ដល់​អង្គការ​សង្គម​ស៊ីវិល ដូចជា ការ​កំណត់​ពន្ធ​អាករ​ក្នុង​ការចុះ​បញ្ជី និង​ការ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ ជាដើម។

ក្រុមសហជីពកម្មករ​ និង​អង្គការ​ច្បាប់​បានជួបជុំ​ផ្តល់យោបល់​ដើម្បី​កែប្រែ​លើសេចក្តី​ព្រាងច្បាប់​សហជីព​
ក្រុមសហជីពកម្មករ​ និង​អង្គការ​ច្បាប់​បានជួបជុំ​ផ្តល់យោបល់​ដើម្បី​កែប្រែ​លើសេចក្តី​ព្រាងច្បាប់​សហជីព​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់ ស្តីពី សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ចំនួន ១១​ជំពូក និង ៥៨​មាត្រា ត្រូវបាន​អង្គការ​-​សមាគមជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ថ្លែងការណ៍​ជំទាស់ និង​ស្នើ​ឲ្យមាន​ការកែប្រែ។ ក្រុម​សង្គម​ស៊ីវិល បាន​ចាត់ទុក​ថា ពង្រាង​ច្បាប់​អង្គការ ជា​ឧបករណ៍​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

​ដោយសារ​តែ​ប្រតិកម្ម​រិះគន់​ដូច្នេះ​ហើយ បាន​ជា​ក្រសួង​មហាផ្ទៃ ដែល​ជា​ស្ថាប័ន​តាក់តែង​ពង្រាង​ច្បាប់​អង្គការ ដក​យក​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បី​កែសម្រួល​ចំណុច​មួយ​ចំនួន។

ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៧​កញ្ញា ឆ្នាំ​២០១១ លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​អង្គការ បាន​លើក​ឡើង​ថា ការ​ដែល​រដ្ឋាភិបាល ត្រូវ​ដក​ថយ​បន្តិច​ដូច្នេះ ព្រោះ​ត្រូវ​យក​ពង្រាង​ច្បាប់​នោះ មក​ពិនិត្យ​ពិចារណា​ឡើង​វិញ ទោះបីជា​កន្លង​មក ពង្រាង​ច្បាប់​អង្គការ បាន​ទៅ​ដល់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​បាន​ពិចារណា​ក្នុង​ក្រុម​អ្នក​ច្បាប់​បាន​បី​លើក​មក​ហើយ​ក៏​ដោយ។​

តាម​តំណាង​រដ្ឋាភិបាល ដោយសារតែ​មាន​ប្រតិកម្ម​ពី​ខាងក្រៅ រដ្ឋាភិបាល​បាន​សម្រេច​អោយ​ដក​យក​ពង្រាង​ច្បាប់​អង្គការ មក​ពិចារណា​លើ​ចំណុច​ខ្លះ​ឡើង​វិញ។

​ការសម្រេច​របស់​រដ្ឋាភិបាល​ដូច្នេះ ត្រូវបាន​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​បង្ហាញ​ការ​សាទរ ជាពិសេស​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​អង្គការ​-​សមាគម​ចំនួន ៣១ អង្គការ ជា​សមាជិក បាន​ថ្លែងការណ៍​គាំទ្រ​នៅ​ថ្ងៃទី​៩​កញ្ញា​នេះ។

​ការបញ្ជូន​ត្រឡប់​នូវ​សេចក្តី​ព្រាង​ច្បាប់​អង្គការ ទៅ​កាន់​ក្រសួង​មហាផ្ទៃ​វិញ នៅពេល​នេះ ត្រូវបាន​អង្គការ​សមាគម ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល ចាត់ទុក​ថា ជា​ជំហាន​វិជ្ជមាន​មួយ ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​សុឆន្ទ:​របស់​រដ្ឋាភិបាល ក្នុង​ការប្រកាន់​យក​ការសម្របសម្រួល​ជាមួយ​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ធ្វើ​សុខដុមនីយកម្ម​ជាមួយ​គ្នា។

​ក៏​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ បាន​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ លុប​ចោល​នូវ​មាត្រា​ខ្លះ ដែល​មាន​ការ​ប្រឈម​ខ្លាំង​ពេក​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ពិសេស​មាត្រា​១៣ នៃ​សេចក្តី​ព្រាង​ច្បាប់ ដែល​បាន​ចែងពី​ការ​កំណត់​ពន្ធ​អាករ​ក្នុង​ការចុះ​បញ្ជី និង​កែ​សម្រួល​នូវ​ការ​កំណត់​ទិន្ន័យ ដើម្បី​រាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួង​មហាផ្ទៃ និង​ទៅ​ក្រសួង​ការបរទេស ជាដើម។

​ម្យ៉ាងទៀត តាម​ក្រុម​សង្គម​ស៊ីវិល ដែល​ស្និទ​នឹង​រដ្ឋាភិបាល សេចក្តី​ព្រាង​ច្បាប់​អង្គការ គួរតែ​មាន​ការ​ជួប​ពិភាក្សា និង​ស្តាប់​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ម្តង​ទៀត ដើម្បី​ឲ្យ​​សេចក្តី​ព្រាង​ច្បាប់​នេះ អាច​ទទួល​យក និង​យល់ព្រម​ឯកភាព​ទាំងអស់គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ