អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.​ព្រមាន​ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី​ ឲ្យកែ​តម្រូវ​​​ពាក្យ​ទាក់ទង​បដិវត្តន៍​ក្រុម​យោធា​រដ្ឋាភិបាល​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ព្រមាន​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ អេ ប៊ី ស៊ី ឲ្យ​ឈប់​និយាយ​អំពី​លទ្ធភាព​នៃ​រដ្ឋប្រហារ​យោធា​ ប្រសិនបើ​បក្សប្រឆាំង​ឈ្នះឆ្នោត។ ការ​ព្រមាន​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី គឺ​លោក អាចារ្យ​អេ បាន​និយាយ​ថា ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត ក្រុម​យោធា​ដែល​គាំទ្រ​គណបក្ស​កាន់អំណាច ​នឹង​ងើបឡើង​បះបោរ​ជា​មិនខាន។ ការ​និយាយ​បែបនេះ​ត្រូវបាន​​គ.ជ.ប.ចាត់ទុក​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ។
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ។ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប.) បាន​ព្រមាន​ដល់​ម្ចាស់​វិទ្យុ​ABC​ក្នុងស្រុក​ថា​គជប អាច​នឹង​ឈាន​ដល់​បិទ​វិទ្យុ​អេប៊ីស៊ី​ ផ្ទាល់​តែម្តង  ប្រសិន​ស្ថានីយ៍​វិទ្យុ​នេះ​នៅតែ​បន្ត​និយាយ​ពី​ការកើត​មានការបះបោរ​យោធា​របស់​កងទ័ព​កម្ពុជា ប្រសិនបើ​គណបក្សប្រឆាំង​ឡើង​កាន់​អំណាច​នោះ។

អគ្គលេខាធិការគ.ជ.ប. លោក​ទេព​នីថា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា គ.ជ.ប.នៅ​ល្ងាច​ថ្ងៃពុធ​នេះ ធ្វើលិខិត​អញ្ជើញ​ប្រធាន​វិទ្យុ​អេប៊ីស៊ី លោក​សេង ប៊ុន​វ៉េង ហៅ​អា​ចារ្យ​អេ មកកាន់​គណៈកម្មាធិកា​​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្ទាល់​តែម្តង។ បន្ទាប់ពី​ការ​ទំនាក់​ទង​របស់​គ.ជ.ប.​ទៅកាន់​​ស្ថានីយ៍​វិទ្យុ​នេះ បរាជ័យ​ជាច្រើន​លើក។

ហើយ​បើតាម​លោក​អគ្គលេខាធិការ​ដដែល​ ក្នុងករណី​ចាំបាច់  គ.ជ.ប.នឹង​អាច​ឈានដល់​ការ​បិទ​វិទ្យុ​នេះ​ទៀតផង។ ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក កែវ ផល្លា បាន​ពន្យល់ថា ការអត្ថាធិប្បាយ​បែបនេះ គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែល​មាន​ស្ថាន​ទំងន់​ទោស​តាមរយៈ​ត្រា​ទី​១២៤​ថ្មី​ ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ​បោះឆ្នោត។ ព្រោះ​វា​ធ្វើឱ្យ​មាន​ការភិតភ័យ​ដល់​ប្រជាពលរដ្ឋ និង​រំខាន​ដល់​របៀបរៀបរយ​ចំពោះ​ដំណើរការ​បោះឆ្នោត​ទាំងមូល ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់ ដោយ​ទាន់​គិត​ពីបទ​ព្រហ្មទណ្ឌ​នៅឡើយ។

គួរ​បញ្ជាក់ថា លោក​សេង ប៊ុន​វ៉េង ហៅ​អាចារ្យអេ ក្នុង​កម្មវិធី​វិទ្យុ​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ បាន​និយាយ​ថា កងទ័ព​កម្ពុជា​ដែល​ស្មោះត្រង់​នឹង​គណបក្ស​កាន់អំណាច នឹង​ងើប​បះបោរ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី និង​លោក កឹម សុខា ឈ្នះឆ្នោត​ថ្ងៃទី​២៨ កក្កដា​ខាងមុខ​នេះ។

ទាក់ទិន​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ប្រធាន​វិទ្យុ​អេប៊ីស៊ី ខាងលើ លោក ណឹម សុវត្ថិ ប្រធាន​ខុ​ទ្ធ​កាល័យ​ក្រសួង​ការពារជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ​ថា នេះ​គឺ​គ្រាន់តែ​ជា​ទស្សនៈ​របស់​មនុស្សម្នាក់​តែ​ប៉ុណ្ណោះ ហើយ​លោក​ថា សូម្បី​ពាក្យថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ក៏​មិនអាច​ទៅរួច​ដែរ។ ប្រធាន​ស្ថានីយ៍​វិទ្យុ​អេប៊ីស៊ី ​មិនទាន់​អត្ថាធិប្បាយ​ទាក់ទង​បញ្ហានេះ​នៅឡើយ​ រហូតមក​ដល់​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ