អានតួអត្ថបទ
កម្ពុជា

ខ្មែរ និង​បរទេស​រង់ចាំ​ចូលរួម​ពិធី​ថ្វាយ​ព្រះភ្លើង​នៅ​ថ្ងៃ​ចន្ទ​ស្អែក

ប្រជាជាតិ​ខ្មែរ មិនថា នៅក្នុងប្រទេស​និង​ក្រៅប្រទេសទេ​បាន​និង​កំពុង​រង់ចាំ​ចូលរួមពិធីថ្វាយ​ព្រះភ្លើងព្រះ​បរមសពស​ម្តេច​ព្រះបាទ​ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ស្អែក។ ក្រៅ​ពី​ប្រជារាស្ត្រ​ខ្មែរ ឥស្សរជន​បរទេស​សំខាន់ៗ​ជិត​២០​ប្រទេស​បាន​​អញ្ជើញ​មក​ដល់​ទីក្រុង​ភ្នំពេញ​ជា​បណ្តើរៗ​ហើយ ​ដើម្បី​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេចឪ។

ព្រះបរម​មេន
ព្រះបរម​មេន © Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃ​អាទិត្យ​នេះ ប្រជារាស្ត្រ​ខ្មែរ​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​ទិសទី​បន្ត​ចូល​រួម​គោរព​ព្រះ​បរមសព​ស​ម្តេច​ព្រះបាទ​ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វាល​ព្រះ​មេរុ​​ក្បែរ​ព្រះ​បរមរាជ​វាំង។ ការ​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​​ចូល​គោរព​ព្រះ​បរមសព​អាច​​ត្រូវ​បាន​គេ​ពន្យា​រហូត​ដល់ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​ព្រឹក​បន្ថែមទៀត។

សម្រាប់​ថ្ងៃ​អាទិត្យ​នេះ មនុស្ស​ក្នុង​ខ្ទង់​ម៉ឺន​នាក់​បាន​មក​គោរព​ព្រះ​បរម​សព​ចុង​ក្រោយ​ នៅ​វាល​ព្រះមេរុ។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចន្ទ​ស្អែក​ ជាថ្ងៃ​ថ្វាយ​ព្រះភ្លើង​ គេ​នៅ​មិន​ទាន់​អាច​ទស្សន៍ទាយ​ពីចំនួន​អ្នកចូលរួមបាន​នៅ​ឡើយ​ទេ។ ​លោក ជួន សុវណ្ណ ស្នងការ​នគបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់នៅថ្ងៃអាទិត្យនេះថា លោក​ពិបាក​នឹង​ប៉ាន់​ស្មាន​ចំនួន​អ្នក​ចូលរួម​នៅ​ថ្ងៃ​ស្អែក​ណាស់ ពីព្រោះ​អ្វីៗ​វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​បងប្អូន​​ដោយ​ខ្លួន​ឯង។

ចំពោះ​លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ​វិញ លោក​ក៏​ពិបាក​ប៉ាន់ស្មាន​ចំនួន​មនុស្ស​ដែល​គ្រោង​នឹង​មក​ចូលរួម​ដែរ។ លោក​បាន​ពន្យល់​ថា អ្នកខ្លះ​អាច​សម្រេច​ចិត្ត​តាមដាន​ពិធី​ថ្វាយ​ព្រះភ្លើង​តាម​រយៈ​ទូរទស្សន៍​នៅគេហដ្ឋាន​ប៉ុន្តែ​អ្នកខ្លះ​ទៀត​ក៏​អាច​សម្រេច​​ចិត្ត​ឡើង​មកទីក្រុង​ភ្នំពេញ​ដើម្បីចូល​រួម​ពិធី​ផ្ទាល់​តែ​ម្តង​ក៏​មាន​ដែរ។

បើទោះ​បី​ជា​អាជ្ញាធរ​មិន​ទាន់ហ៊ាន​ប៉ាន់ស្មាន​ពី​ចំនួន​អ្នក​ចូល​ក៏​ដោយ​ ក្តី​​ក៏​តួលេខ​​កន្លងមក​បាន​បង្ហាញថា ​ក្នុង​អំឡុង​ការយាង​ព្រះរាជសព​ពី​ទីក្រុង​ប៉េងកាំង​មកទីក្រុង​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​​ចូលរួម​ជាង​១​លាន​នាក់។ ក្នុង​អំឡុង​ពិធី​ដង្ហែរ​ព្រះ​បរមសព​ចេញ​ពី​ព្រះបរម​រាជវាំង​ចូល​ទៅ​ក្នុង​​វាល​ព្រះមេរុ ប្រជារាស្រ្ត​ប្រមាណ​ជា​២០​ម៉ឺន​​នាក់​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា បាន​ចូលរួម​។ ប៉ុន្តែ​សម្រាប់​ពិធី​ថ្វាយ​ព្រះភ្លើង​នៅ​ថ្ងៃ​ស្អែក​នេះ គេ​នៅ​មិនទាន់​ហ៊ាន​ប៉ាន់ស្មាន​នៅ​ឡើយ​ទេ។

ក្រៅ​ពី​ប្រជារាស្ត្រ​ខ្មែរ​ ឥស្សរជន​សំខាន់ៗ​មក​ពីជិត​២០​ប្រទេស​ដែល​នឹង​ត្រូវ​ចូលរួម​ពិធីថ្វាយ​ព្រះភ្លើង​នៅ​ថ្ងៃ​ស្អែកនេះ ​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ជា​បណ្ដើរ​ហើយ។ បើយោង​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម សីហមុនី និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​ មុនីនាថ ​ស្តេចនឹង​​យាង​ថ្វាយ​ព្រះភ្លើង​ផ្ទាល់​ព្រះអង្គ​នៅ​វេលាម៉ោង​ប្រមាណជា​៦​ល្ងាច​នៅថ្ងៃទី​៤ខែ​កុម្ភៈ​​ខាង​មុខ​នេះ​។

ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​ព្រះបរមមេន​ ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្តេច​ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ ទ្រង់​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះ​សម្តេច​ចៅហ្វា​វាំង គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ដែល​បាន​ដឹកនាំ​ការ​សាងសង់​ព្រះ​បរម​មេន ទាំងយប់​ទាំង​ថ្ងៃ​អស់​រយៈពេល១១សប្តាហ៍​រហូត​សម្រេចបានជា​ស្ថាពរ។

ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា ទ្រង់​បាន​កត់​សម្គាល់​នៅ​ក្នុង​ព្រះរាជសារ​ថា ព្រះ​បរម​មេន​ប្រកប​ដោយ​ក្បូរ​ក្បាច់រចនា​ល្អឥតខ្ចោះ​នៃ​កូន​ខ្មែរ​សម័យបុរាណ ​រួម និង​សម័យ​បច្ចេកវិជ្ជា​ទំនើប បានបង្ហាញ​នូវ​ស្នាដៃ​ដ៏​ប៉ិនប្រសព្វ និង​មាន​សោភណភាព​យ៉ាង​ប្រណីត​តាម​រចនាបទ​ប្រពៃណី​របស់​ស្ថាបត្យករ វិស្វករ​នារី បុរស គួរ​ជាទី​មោទនភាព​នៃ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា ហើយ​សក្តិសម​បំផុត​នឹង​ព្រះ​កិត្តិយស​ព្រះកិត្តិនាម ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ