បាក់រលំធ្នើរផ្ទុកឥវ៉ាន់ក្នុងរោងចក្រស្បែកជើងខេត្តកំពង់ស្ពឺ ស្លាប់កម្មករ២នាក់
បន្ទាប់ពីគ្រោះថ្នាក់រលំអគារកាត់ដេរនៅប្រទេសបង់ក្លាដែស ដែលបានបណ្តាលឲ្យកម្មករកាត់ដេរយ៉ាងហោចណាស់ ជាង ១.០០០ នាក់ ស្លាប់ កាលពីពេលថ្មីៗ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ កម្មករក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes តាមផ្លូវជាតិលេខ៣ ក្នុងខេត្តកំពង់ស្ពឺ ក៏ជួបប្រទះនឹងគ្រោះថ្នាក់ ដោយសារតែធ្នើរផ្ទុកឥវ៉ាន់បានបាក់រលំ។ ហេតុការណ៍នោះ បានបណ្តាលឲ្យកម្មករស្លាប់២នាក់ និង ៦ នាក់ផ្សេងទៀត រងរបួស។ អាជ្ញាធរកម្ពុជា បានចាត់ទុកហេតុការណ៍បាក់រលំនោះ ថាមកពីការសាងសង់អគារខុសលក្ខណៈបច្ចេកទេស ហើយបានប្រកាសផ្តើមធ្វើអធិការកិច្ចលើអគាររោងចក្រកាត់ដេរ នៅទូទាំងប្រទេស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៨
ធ្នើរផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes បានបាក់រលំ សង្កត់កម្មករ ក្នុងពេលធ្វើការ កាលពីព្រឹកព្រលឹមម៉ោងជាង ៧ ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។ រោងចក្រផលិតស្បែកជើងនោះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ជិតផ្សារត្រាំខ្នា ក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីប៉ូលិស និងទាហាន រុកអស់ពេលពេញមួយព្រឹក នៅគំនរបាក់បែក ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes ក្នុងខេត្តកំពង់ស្ពឺ តុល្យាការចុងក្រោយ បានបង្ហាញថា មានកម្មករ ២ នាក់ បានស្លាប់ និង ៦ នាក់ទៀត បានរងរបួស។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកកាសែត នៅរោងចក្រកើតហេតុ កាលពីព្រឹកថ្ងៃទី១៦ឧសភាថា ហេតុការណ៍បាក់ធ្នើរផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes បណ្តាលមកពីការសាងសង់អគារបន្ថែមខុសលក្ខណៈបច្ចេកទេស ហើយផ្ទុកលើសទម្ងន់។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកទទួលខុសត្រូវរ៉ាប់រងលើការចំណាយទាំងស្រុង ទាំងការព្យាបាល និងទាំងការរៀបចំបុណ្យសព ចំពោះកម្មករស្លាប់ និងរបួស។
ចំពោះការចោទសួរលើវិធានការផ្តន្ទាទោសទៅលើក្រុមហ៊ុនរោងចក្រផលិតស្បែកជើងដែលបានសាងសង់អគារខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានកម្មករស្លាប់ និងរបួសដូច្នេះ ត្រូវបានលោក អ៊ិត សំហេង គូសបញ្ជាក់ប្រាប់អ្នកកាសែតថា ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការអង្កេតចំពោះឧបទ្ទវហេតុនោះ ហើយរដ្ឋាភិបាលនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនរោងចក្រផលិតស្បែកជើង។
តំណាងរោងចក្រផលិតស្បែកជើងរបស់ចិនតៃវ៉ាន់ Wing Star Shoes បានទទួលស្គាល់ថា ឧបទ្ទេវហេតុបាក់រលំធ្នើនោះ ដោយសារតែការផ្ទុកលើសទម្ងន់ នាំឲ្យរលំសង្កត់កម្មករ ស្លាប់ និងរបួស។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានគូសបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំធ្នើផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើងនោះ ជាហេតុការណ៍មួយដែលទាញអារម្មណ៍របស់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធលើបញ្ហាបច្ចេកទេសនៃការសាងសង់អគាររោងចក្រនៅកម្ពុជា។
តាមលោករដ្ឋមន្ត្រី រដ្ឋាភិបាលនឹងបង្កើតគណៈកម្មការមួយដើម្បីអង្កេតករណីនេះឲ្យម៉ត់ចត់ ហើយចាត់វិធានការតាមច្បាប់។ ក្នុងនោះ ក្រសួងសង្គមកិច្ចក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ នឹងឲ្យមានការធ្វើអធិការកិច្ចទៀងទាត់ ប្រចាំខែ ប្រចាំត្រីមាស និងអធិការកិច្ចចៃដន្យ ចំពោះអគាររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងទាំងអស់ ដែលកំពុងដំណើរការរាល់ថ្ងៃ នៅកម្ពុជា។ ក្នុងករណីមានការសង្ស័យ រដ្ឋាភិបាលនឹងធ្វើការណែនាំឲ្យមានការកែប្រែ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ