អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដាស់តឿន​ឲ្យកាសែត​បញ្ឈប់​ការផ្សាយ​ជាបន្ទាន់​នូវរូបភាព​កាចសាហាវ​និងរន្ធត់​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារីទ្ធ​ បាន​ក្រើន​រំលឹក​ជាថ្មី​ម្តងទៀត​ ដល់​ចាងហ្វាង​ការផ្សាយ​កាសែត​ ព្រឹត្តបត្រ និង​ទស្សនាវដ្តី​ទាំងអស់ ​ឲ្យ​បញ្ឈប់​ការផ្សាយ​ជា​បន្ទាន់​នូវ​រូបភាព​ ដែល​បង្ហាញ​នូវ​អំពើ​ហិង្សា​កាច​សាហាវ ​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​គួរឲ្យ​រន្ធត់​ និង​រូបភាព​ឧក្រិដ្ឋ​ ដោយ​មិន​បាន​បិទបាំង នូវ​អត្តសញ្ញាណ និង​មុខមាត់​ជនរងគ្រោះ​។ ការ​ក្រើនរម្លឹក​ដូច្នេះ ក្នុង​បំណង​រក្សា​នូវ​តម្លៃ​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​របស់​អ្នកកាសែត​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារីទ្ធ​
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារីទ្ធ​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

លិខិត​ក្រើន​រំលឹក​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ នៅពេលនេះ​ ជាលើក​ទី២​ហើយ ​ដើម្បី​ឲ្យ​អង្គភាព​កាសែត​ទាំងអស់ រាប់​ទាំង​កាសែត​បោះពុម្ព ទស្សនាវដ្តី​ ព្រឹត្តិបត្រ ​និង​គេហទំព័រ​ យកចិត្ត​ទុកដាក់​ទទួល​ខុសត្រូវ​ឲ្យបាន​ខ្ពស់​ចំពោះ​ការផ្សព្វផ្សាយ ​ឬ​បង្ហោះ​តាម​គេហទំព័រ​នូវ​រូបភាព​ដែល​មើលទៅ​គួរឲ្យ​រន្ធត់​និង​ភ័យ​ខ្លាច​ប្រទេស​ខ្មែរ។

 
តាម​លិខិត​ចុះ​ថ្ងៃទី២៧​កក្កដា ​ឆ្នាំ​២០១២ ​ការផ្សព្វផ្សាយ​នូវ​រូបភាព​អំពើ​ហិង្សា​កាច​សាហាវ​ រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​គួរឲ្យ​រន្ធត់​ និង​រូបភាព​ឧក្រិដ្ឋ ​ដោយ​មិន​បាន​បិទបាំង​ នូវ​អត្តសញ្ញាណ និង​មុខមាត់​ជនរងគ្រោះ ជា​ទង្វើ​ប្រាសចាក​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​ មិន​តែ​ប៉​ណ្ណោះ លោក​រដ្ឋមន្ត្រី ​ចាត់ទុកថា រូបភាព​ទាំងនោះ បាន​ធ្វើឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គ្រួសារ​ជនរងគ្រោះ ដែល​នាំឲ្យ​មាន​ការតវ៉ា មក​ក្រសួង​ព័ត៌មាន​អំពី​បញ្ហា​នេះ។
ក្នុង​លិខិត ដែល​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត កាលពី​ថ្ងៃ​ទី៣០​ ខែកក្កដា ​ឆ្នាំ​២០១២ ក៏​បាន​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត​ ដល់​គ្រប់​អង្គភាព​សារព័ត៌មាន​បោះពុម្ពផ្សាយ និង​គេហទំព័រ​ទាំងអស់​ថា ចាប់ពី​ពេលនេះ​តទៅ រាល់​ការផ្សព្វផ្សាយ​អំពី​រូបភាព បង្ហាញ​នូវ​អំពើហិង្សា​កាច​សាហាវ រូបភាព​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​គួរឲ្យ​រន្ធត់ និង​រូបភាព​ឧក្រិដ្ឋ ដោយ​មិន​បាន​បិទបាំង​នូវ​អត្តសញ្ញាណ​មុខមាត់​ជនរងគ្រោះ ត្រូវតែ​បញ្ឈប់​នូវ​ការ​ដាក់​រូបភាព​ទាំងនោះ នៅលើ​ទំព័រ​សារព័ត៌មាន និង​គេហទំព័រ​របស់ខ្លួន។

លោក ខៀវ កាញារីទ្ធ បាន​គូស​បញ្ជាក់ថា ​ការចុះផ្សាយ​រូបភាព​បែបនេះ ជា​កំហុស​មួយ ដែល​នគរបាល បាន​បញ្ជូន​រូបភាព ទៅ​ឲ្យ​អ្នកកាសែត​។ ​ដូច្នេះ​នគរបាល​ក៏​ត្រូវ​បញ្ឈប់​ការបញ្ជូន​រូបថត​គួរឲ្យ​រន្ធត់​ទាំងនោះ​ផង​ដែរ​។
​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​កត់សម្គាល់​ថា នេះ​ក៏​ជា​បញ្ហា​មួយ ដែល​ទាក់ទង​ទៅ​នឹង​ក្រមសីលធម៌​ធំ​ណាស់ ហើយ​ហាក់បី​ដូចជា​អ្នកកាសែត​កម្ពុជា មិន​បាន​ស្គាល់​តម្លៃ​អំពី​មនុស្សធម៌ មិន​បាន​ស្គាល់​អ្វី​ជា​ភាពថ្លៃថ្នូរ និង​មិន​បាន​ស្គាល់​ពី​វីជ្ជាជីវៈ​របស់​ខ្លួន​។ ដូច្នេះ​លោក​ អំពាវនាវ​ឲ្យ​សមាគម​អ្នកសារព័ត៌មា​ន​ទាំងអស់ ​ពិចារណា​ឡើងវិញ ហើយ​ក្រុមប្រឹក្សា​វិន័យ ក៏​ត្រូវ​គិត​អំពី​បញ្ហា​នេះ។

កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត​ណែនាំ​ម្តង​រួចហើយ ទៅ​ដល់​បណ្តា​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ឲ្យ​បញ្ឈប់​ការផ្សព្វផ្សាយ​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែល​គួរឲ្យ​រន្ធត់ និង​រូបភាព​ឧក្រិដ្ឋ នៃ​អំពើហិង្សា​ល​លើ​ស្ត្រី និង​កុមារ ដោយ​មិន​បាន បិទបាំង​នូវ​អត្តសញ្ញាណ​មុខមាត់​របស់​ជនរងគ្រោះ។

សម្រាប់​កាសែត​ គិតថា​ រូបភាព​ទាំងនោះ អាច​ទាក់ទាញ​អ្នកអាន​កាន់តែ​ច្រើន​ លើ​អត្ថបទ​ ដំណឹង​ពីឃាតកម្ម ឬគ្រោះថ្នាក់ចរាចរណ៍​​ខណៈដែលអ្នកអាន​ភាគច្រើន​ក៏ចង់ឃើញ​រូបភាព​ដោយផ្ទាល់ភ្នែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ