អានតួអត្ថបទ
កម្ពុជា

បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ព្រម​ព្រៀង​លើការ​ថែរក្សា​សន្តិ​ភាព​

គ្មាន​ការវិវត្តន៍​​ថ្មី​ដែល​ត្រូវបាន​រកឃើញ​ដោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ក្នុង​ដំណោះស្រាយ​នៃ​បញ្ហា​ការបោះឆ្នោត​ឡើយ នៅក្នុង​ជំនួប​ទ្វេភាគី​ នៅ​ថ្ងៃរសៀល​ថ្ងៃ​អង្គារ ​ម្សិលមិញ។ ប៉ុន្តែ បើតាម​ការអះអាង​រប​ស់លោក​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​​លើ​ចំនុច​សំខាន់​មួយ គឺ​ការថែរក្សា​សន្តិភាព។

លោក​ ជាម​ យៀប​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​
លោក​ ជាម​ យៀប​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ RFI
ផ្សាយពាណិជ្ជកម្ម

អ្នកនយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ជួបគ្នា​កាលពី​រសៀល​ថ្ងៃ​អង្គារ​ ម្សិលមិញ​នោះ មិនបាន​ថ្លែងប្រាប់​អ្នកកាសែត​ច្បាស់លាស់​ថា ពួកគេ​បាន​និយាយ​អំពី​ប្រធានបទ​អ្វី​ពិតប្រាកដ​ឡើយ។ ក្រោយ​ជួបគ្នា​លើក​ទី៣ តំណាង​គណបក្ស​ទាំងពីរ​បានត្រឹមតែ​បញ្ជាក់​ឡើងវិញ​ថា ពួកគេ​បាន​ផ្តើម​ស្វែងយល់​ជំហរ​ពីគ្នា​ទៅវិញទៅមក។

ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បាន​ប្រាប់​វិទ្យុ​បារាំង​អោយដឹងថា ចំនុចរួម​សំខាន់​មួយ​ដែល​គណបក្ស​ទាំង​ពីរបាន​ឯកភាព​ជាមួយគ្នា គឺ​ការថែរក្សា​សន្តិភាព​របស់​កម្ពុជា។ លោក​ជាម យៀប​ មិនបាន​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ដោយ​លោក ព្រុំ សុខា​នោះឡើយ។ ប៉ុន្តែ ប្រសិនបើ​គេ​ជឿ​ប្រសាសន៍​របស់ ជាម យៀប​នោះ គណបក្ស​ទាំង​ពីរបាន​និយាយ​អំពី​បញ្ហា​សន្តិសុខ​សង្គម ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រកាន់​ជំហរ​ចុងក្រោយ​ដោយ​ការដឹកនាំ​មហា​បាតុកម្មអហិង្សា ហើយ​​អាជ្ញាធរ​នៃ​រដ្ឋាភិបាលចាំផ្ទះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ត្រៀមកំលាំង​បង្ក្រាប ក្នុងករណី​ហិង្សា​ដែរ។

រហូតដល់​ថ្ងៃ​​ពុធ​នេះ នៅ​មិនទាន់​មានការ​បោះដៃ​រក​គ្នា​ដើម្បី​កំណត់​អំពី​ការជួបគ្នា​លើក​ក្រោយ​ទៀត​នៅឡើយ​ទេ បន្ទាប់ពី​តំណាង​គណបក្ស​ទាំងពីរ​ ដែល​បាន​ជួបគ្នា​កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ បាន​អះអាងថា ពួកគេ​ត្រូវ​នាំយក​លទ្ធផល​នៃ​ការស្វែងយល់​ជំហរ​គ្នា ទៅប្រាប់​ថ្នាក់ដឹកនាំរៀងៗខ្លួន​នោះ។ លោក​ជាម យៀប​ អះអាងថា អាចមាន​ជំនួប​នៅពេល​ក្រោយ​ទៀត ប៉ុន្តែ គេ​នៅ​មិនទាន់​អាច​ដឹង​អំពី​ពេលវេលា​ច្បាស់​នោះទេ។ វិទ្យុយើង​មិនអាច​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​អត្ថាធិប្បាយ​អំពី​បញ្ហា​ទាំងនេះ​បានឡើយ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ