អានតួអត្ថបទ
វៀតណាម

ប្រទេស​ម្ចាស់ជំនួយ​អំពាវនាវ​វៀតណាម​ឲ្យ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ធនាគារ និងសហគ្រាសរដ្ឋ

នៅ​ថ្ងៃ​អង្គារ ទី១១ ធ្នូ ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បាន​អំពាវនាវ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ផ្តើម​គិតគូរ​ធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធ​ធនាគារ និង​សហគ្រាស​រដ្ឋ​ជា​បន្ទាន់។ សេចក្តី​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នំា ២០១២ មាន​អត្រា​ទាប​ខ្លំាង បើ​គិត​ក្នុង​រយៈពេល ១៣ឆ្នំា​ចុង​ក្រោយ​នេះ។

ធនាគារ​កណ្តាល​វៀតណាម
ធនាគារ​កណ្តាល​វៀតណាម Reuter
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​ប្រចំាឆ្នំា​ក្នុង​ទីក្រុង​ហាណូយ លោកស្រី​នាយក​ធនាគារ​ពិភពលោក​ប្រចំា​ប្រទេស​វៀតណាម​បាន​វាយតម្លៃ​ថា កំណើន​សេដ្ឋកិច្ច​វៀតណាម​សម្រាប់​ឆ្នំា ២០១២ នឹង​មាន​កម្រិត​ទាប​ខ្លំាង បើ​គិត​តំាង​ពី​ឆ្នំា ១៩៩៩ មក។ តាម​រយៈ​សេចក្តីជូន​ដំណឹង​មួយ​ចេញ​ផ្សាយ​នៅ​យប់​មិញ លោកស្រី​នាយក​ធនាគារ​ពិភពលោក​ប្រចំា​ប្រទេស​វៀតណាម Victoria Kwakwa បាន​បញ្ជាក់​ថា សក្តានុពល​នៃ​សេដ្ឋកិច្ច​វៀតណាម​បាន​ថយចុះ​យ៉ាង​ច្រើន និង​ដែល​ចំា​បាច់​ធ្វើ​កំណែទម្រង់​លើ​វិស័យ​មួយ​ចំនួន​ដោយ​ចៀសមិន​រួច ពិសេស​លើ​ប្រព័ន្ធ​ធនាគារ និង​រោងចក្រ សហគ្រាស​របស់​រដ្ឋ។ សម្រាប់​លោកស្រី Victoria Kwakwa សក្តានុពល​សេដ្ឋកិច្ច​ថយ​ចុះ​នំា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​ការ​ប្រកួតប្រជែង​ធ្លាក់​ចុះ។ យោង​តាម​ក្រុម​អ្នក​សេដ្ឋកិច្ច សូម្បី​តែ​រដ្ឋាភិបាល​វៀតណាម​ខ្លួន​ឯង​ក៏​បាន​ទទួល​ស្គាល់​ពី​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ក្នុង​ឆ្នំា ២០១២ ពោល​គឺ​មាន​អត្រា​ប្រមាណ​តែ ៥,២% ប៉ុណ្ណោះ។ គឺ​​ជា​អត្រា​មួយ​ដ៏​ទាប​ដែល​មិន​ធ្លាប់​មាន​ទេ ក្នង​រយៈពេល ១៣ឆ្នំា​ចុង​ក្រោយ​នេះ។

សូមជម្រាប​ជូន​ថា ជា​រៀងរាល់​ឆ្នំា វៀតណាម​តែង​តែ​បាន​ទទួល​ជំនួយ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន។ សម្រាប់​ឆ្នំា ២០១៣ ខាង​មុខ ក្រុម​ប្រទេស​ផ្តល់ជំនួយ​បាន​សន្យា​ផ្តល់​ឲ្យ​ចំនួន ៦ ៥០០លានដុល្លារ។ ដូច​ជា​សព្វ​មួយ​ដង ជប៉ុន​ជា​ប្រទេស​ដែល​បាន​សន្យា​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ គឺ​មាន​ទឹកប្រាក់ ២ ៦០០លានដុល្លារ បន្ទាប់​មក​សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​ជំនួយ​ចំនួន​ក្នុង​ទឹកប្រាក់ ៩៦០លានដុល្លារ។ អ្វី​ជា​ការ​កត់សម្គាល់ ទំហំ​ប្រាក់​ជំនួយ​បរទេស​ចំពោះ​រដ្ឋាភិបាល​វៀតណាម​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៣ឆ្នំា​ជាប់ៗ​គ្នា បន្ទាប់​ពី​ទទួល​បាន​យ៉ាង​ច្រើន​សម្បើម​ម្តង​ក្នុង​ឆ្នំា ២០១០ មាន​ទឹកប្រាក់​ចំនួន ៨ ០០០​លាន​ដុល្លារ។ យ៉ាង​ណា​ក៏​ដោយ លោក Bui Quang Vinh រដ្ឋមន្រ្តី​ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម​បាន​អះអាង​ថា ទោះ​បី​ជា​ទំហំ​ប្រាក់​ជំនួយ​សម្រាប់​ឆ្នំា ២០១៣ មាន​តែ ៦ ៥០០​លាន​ដុល្លារ​ក៏​ដោយ ក៏​វា​នៅ​តែ​សារៈសំខាន់ និង​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​វៀតណាម។

ទន្ទឹម​គ្នា​នេះ ក្រុម​ប្រទេស​ម្ចាស់ជំនួយ​ក៏​បាន​ដាស់តឿន​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ឲ្យ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​មួយ​ចំនួន​ដោយ​ចៀស​មិន​រួច ក្នុង​នោះ​មាន ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​នៅ​តាម​រោងចក្រ សហគ្រាស​របស់​រដ្ឋ ការ​ធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធ​ធនាគារ និង​ពង្រឹង​តម្លាភាព​នៅ​តាម​វិស័យ​សាធារណៈ។

គួរ​រំលឹក​ជូន​ថា នៅ​ដើម​ទសវត្ស​ទី ៩០ វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ជា​ប្រទេស​ដែល​នឹង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លំាង រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ចាត់​ទុក​ជា​នាគអាស៊ី​នៅ​ថ្ងៃ​អនាគត​ទៀត​ផង។ តែ​បញ្ហា​នៅ​ត្រង់​ថា របប​កុម្មុយនិស្ត​ក្រុង​ហាណូយ​នៅ​តែ​មិន​ទាន់​អាច​ធ្វើ​កំណែទម្រង់​លើ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ខ្លួន មាន​ន័យ​ថា រដ្ឋាភិបាល​នៅ​តែ​ពិបាក​បោះបង់​ចោល​ទំាង​ស្រុង​នូវ​របៀប​គ្រប់គ្រង​សេដ្ឋកិច្ច​ដែល​គេ​ហៅ​ថា « សេដ្ឋកិច្ច​ផែនការ »។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ