អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ជនជាតិ​អ៊ីស្រាអែល​៤នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ទៅលើ​វិហារ​ជ្វីហ្វ​នៅ​ហ្ស៊េរុយសាឡិម

ជនជាតិ​អ៊ីស្រាអែល ៤នាក់ ត្រូវ​បាត់បង់​ជីវិត នៅថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ការវាយប្រហារ​ទៅលើ​វិហារ​ជ្វីហ្វ​នៅហ្ស៊េរុយសាឡិម ដែល​គេ​សង្ស័យ​ថា​ ជា​ស្នាដៃ​របស់​ពួក​ប៉ាឡេស្ទីន។ នេះ​គឺ​ជា​អំពើ​ហិង្សា​ថ្មីមួយ​ទៀត នៅ​ក្នុង​ពេល​ដែល​ភាព​តានតឹង​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កំពុងតែ​កើនឡើង​ដល់​កម្រិត​កំពូល។

ប៉ូលិស​ស៊ើបអង្កេត​អ៊ីស្រាអែល​កំពុង​ពិនិត្យ​ទីតាំង​វិហារជ្វីហ្វ ដែល​ទទួលរង​ការ​វាយប្រហារ​ពី​ជនសង្ស័យ​ប៉ាឡេស្ទីន ថ្ងៃ​អង្គារ ១៨ វិច្ឆិកា ២០១៤
ប៉ូលិស​ស៊ើបអង្កេត​អ៊ីស្រាអែល​កំពុង​ពិនិត្យ​ទីតាំង​វិហារជ្វីហ្វ ដែល​ទទួលរង​ការ​វាយប្រហារ​ពី​ជនសង្ស័យ​ប៉ាឡេស្ទីន ថ្ងៃ​អង្គារ ១៨ វិច្ឆិកា ២០១៤ REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​អះអាង​របស់​ប៉ូលិស​អ៊ីស្រាអែល ការ​វាយប្រហារ​បាន​កើតឡើង​នៅ​ព្រឹកព្រលឹម​ថ្ងៃ​អង្គារ ដោយ​ជនសង្ស័យ​ប៉ាឡេស្ទីន ២រូប ប្រដាប់​ដោយ​កាំបិត និង​ពូថៅ បាន​បើក​ការ​វាយប្រហារ​ទៅលើ​​វិហារ​ជ្វីហ្វ​មួយ​កន្លែង នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ខាងលិច។ ការ​វាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ជនជាតិ​ជ្វីហ្វ​អ៊ីស្រាអែល ៤នាក់​ត្រូវ​បាត់បង់​ជីវិត និង ៦នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ចំណែក​ឯ​ជនប៉ាឡេស្ទីន​ទាំងពីរ​រូប​ក៏​ត្រូវ​បាន​ប៉ូលិស​អ៊ីស្រាអែល​បាញ់​សម្លាប់​ផងដែរ។ ប៉ូលិស​អ៊ីស្រាអែល​បាន​ចាត់ទុក​ការ​វាយប្រហារ​នេះ​ថា ជា​អំពើ​ភេរវកម្ម។

ក្រុម​ហាម៉ាស់​ដែល​កំពុង​កាន់​កាប់​តំបន់​ហ្កាហ្សា ហើយ​ដែល​តែងតែ​ប្រកាន់​នយោបាយ​ហិង្សា​លើ​អ៊ីស្រាអែល​ ថ្វីដ្បិត​តែ​មិនបាន​ប្រកាស​ទទួលខុសត្រូវ ក៏ប៉ុន្តែ បាន​ចេញមុខ​​លើកសរសើរ​ជនប៉ាឡេស្ទីន​ទាំងពីរ​រូប ចំពោះ​ការ​វាយប្រហារ​នៅ​ព្រឹកមិញ​នេះ។ ការ​វាយប្រហារ​ដែល​ទទួល​រងនូវ​ការ​ថ្កោលទោស​ពី​សំណាក់​​​លោក​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន ​ម៉ះមូដ អាបាស់ ក៏ដូចជា ពី​សំណាក់​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​អង់គ្លេស។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បេនយ៉ាមីន នេតាន់យ៉ាហ៊ូ​វិញ បាន​ទម្លាក់​ការទទួលខុសត្រូវ​​ទាំង​ទៅលើ​ក្រុម​ហាម៉ាស់ និង​ក្រុម​របស់​លោក​ម៉ះមូដ អាបាស់។ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​បាន​​កោះប្រជុំ​បន្ទាន់​នូវ​មន្រ្តី​ប៉ូលិស និង​យោធា ដើម្បី​ជជែក​អំពី​វិធានការ​តបត​ទៅនឹង​ការ​វាយប្រហារ​នេះ។ វិធានការ​តបត ដែល​លោក​នេតាន់យ៉ាហ៊ី​បាន​ប្រកាស​ថា​នឹង​ធ្វើឡើង​យ៉ាង​ចាស់ដៃ​បំផុត។

គួរបញ្ជាក់ថា នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ការវាយប្រហារ​ទៅលើ​វិហារ​សាសនា​ គឺ​ជា​រឿងមួយ​ដ៏​កម្រ ហើយ​ការ​វាយប្រហារ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​កើតឡើង នៅ​ក្នុង​ពេល​ដែល​ភាពតានតឹង នៅ​ហ្ស៊េរុយសាឡិម​បាន​កើនឡើង​ខ្លាំង​ដល់​កម្រិត​កំពូល​ បង្ក​ជា​អំពើ​ហិង្សា​ជាប់​ជា​ប្រចាំ​ អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ