អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ក្រុមហ៊ុនខ្មែរ​ចំនួន៣​ទទួល​បាន​ពានរង្វាន់​សហគ្រាសឆ្នើម​អាស៊ាន

ក្រុមហ៊ុនខ្មែរ​ចំនួន ៣​ទទួល​បាន​ពានរង្វាន់​សហគ្រាសឆ្នើម​អាស៊ាន​ឆ្នាំ២០១២ ក្នុង​នោះ​មាន ធនាគារ​អេស៊ីលីដា ក្រុមហ៊ុន Agro-tec និង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​មួយ​ផ្សេង​ទៀត។ គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​ខ្នាតតូច និង​ធំ​របស់​ខ្មែរ​ទទួល​បាន​ពាន​រង្វាន់​លំដាប់ថ្នាក់តំបន់។

ក្រុមហ៊ុនខ្មែរ​ចំនួន៣​ទទួល​បាន​ពានរង្វាន់​សហគ្រាសឆ្នើម​អាស៊ាន
ក្រុមហ៊ុនខ្មែរ​ចំនួន៣​ទទួល​បាន​ពានរង្វាន់​សហគ្រាសឆ្នើម​អាស៊ាន
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ចំនួន​២៦​មក​ពី​ប្រទេស​ចំនួន​១០​​នៃ​សមាគម​អាស៊ាន​ទទួល​បាន​ពានរង្វាន់​សហគ្រាស​ឆ្នើម​អាស៊ាន​ឆ្នាំ​២០១២​។ នេះ​គឺ​ជា​ការ​ប្រកាស​ជា​ផ្លូវការ​កាល​ពី​យប់​ម្សិលមិញ​របស់​​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ឆ្នើម​របស់​អាស៊ាន​ទាំង​២៦​ដែល​ជ្រើសរើស​ចេញ​ពី​ក្រុមហ៊ុន​ជាង​១៦០​របស់​អាស៊ាន​ ក៏​មាន​ក្រុមហ៊ុន​ខ្មែរ​ចំនួន​៣​ផង​ដែរ ក្នុង​នោះ​មាន​៖ធនាគារ​អេស៊ីលីដា ក្រុមហ៊ុន Agro-tec និង​ក្រុមហ៊ុន​កសិកម្ម​មួយ​ផ្សេង​ទៀត។ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ
ដែល​ក្រុមហ៊ុន​ខ្មែរ​ទទួល​បាន​ពាន​រង្វាន់​លំដាប់​ថ្នាក់​តំបន់​យ៉ាង​ដូច្នេះ។

នា​ពេល​កន្លង​មក ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា ភាគ​ច្រើន​ជា​ក្រុម​ហ៊ុន​ដឹកនាំ​របៀប​គ្រួសារ​និយម​គ្មាន​គណនេយ្យ​ត្រឹមត្រូវ ប៉ុន្តែ​សម្រាប់​ពេល​នេះ​ ក្រុមហ៊ុន​របស់​ខ្មែរ​មួយ​ចំនួន​ចាប់​ផ្តើម​កែប្រែ​អោយ​ក្លាយ​ទៅ​ជាក្រុមហ៊ុន​ពហុភាគហ៊ុន​ជា​បណ្តើរ​ៗ​ហើយ។ ដើម្បី​ទទួល​បាន​ពានរង្វាន់​ឆ្នើម​អាស៊ាន​ឆ្នាំ​២០១២​នេះ​ ក្រុមហ៊ុន​ទាំង​២៦​ត្រូវ​គោរព​លក្ខណៈ​វិនិច្ឆ័យ​លម្អិត​មួយ​ចំនួន​​របស់​ខ្លួន ដូច​ជា​ការ​រីក​ធំធាត់​លឿន​រហ័ស បង្កើត​ការងារ​បាន​ច្រើន មាន​គំនិត​ច្នៃ​ប្រឌិត និង​ការ​ទទួល​ខុសត្រូវ​ផ្នែក​សង្គម។ល។ និយាយ​ជារួម​មាន​ន័យ​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​ចូលរួម​​ធ្វើ​អោយ​តំបន់​អាស៊ាន​ទាំង​មូល​មាន​កំណើន​សេដ្ឋកិច្ច និង​មាន​វិបុលភាព។

លោក អ៊ិន ចាន់នី អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្រោយ​ពី​ទទួល​បាន​ពានរង្វាន់​សហគ្រាស​ឆ្នើម​របស់​អាស៊ាន​ថា លោក​មាន​ក្តី​សប្បាយ​រីករាយ​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​នេះ។ ធនាគារ​អេស៊ីលីដា​មិន​ត្រឹមតែ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ធនាគារ​អេស៊ីលីដា​បាន​ចូល​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន​ថែម​ទៀត​ផង។ អេស៊ីលី​ដា​បច្ចុប្បន្ន​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត អេស៊ីលីដា មាន​គម្រោង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន និង​ប្រទេស​ភូមា​បន្ថែម​ទៀត។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ទាំង​២៦​​របស់​អាស៊ាន​ដែល​ទទួល​បាន​ពានរង្វាន់​សហគ្រាស​ឆ្នើម​អាស៊ាន​ឆ្នាំ​២០១២។ សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​ឆ្នើម​ទាំង​នេះ​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​សុខុមាលភាព ​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាស៊ាន​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ