អានតួអត្ថបទ
កម្ពុជា

ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួល​សំណុំរឿង​ពាក់ព័ន្ធ​វិវាទ​ការងារ​ជាង​​១៥០០​​ករណី​ ក្នុង​រយៈ​ពេល​​១០​ឆ្នាំ​

ចាប់តាំងពី​បង្កើត​អស់​រយៈពេល ១០​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០០៣ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ទទួល​សំណុំរឿង​វិវាទ​ការងារ​ចំនួន​ជាង ១.៥០០ ករណី មក​ពី​វិស័យ​ផ្សេងៗ រួមមាន វិស័យ​ផលិត បដិសណ្ឋារកិច្ច និង​វិវាទ​ការងារ​ពី​អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែ​សំណុំរឿង​ភាគច្រើន មក​ពី​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ដែល​តំណាងឲ្យ​៩០​ភាគរយ​នៃ​សំណុំរឿង​ទាំងអស់​។ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ទាំងនោះ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ​បាន​ជាង ១៤០០ ករណី។​

លោក សុខ ឡោ នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល
លោក សុខ ឡោ នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល RFI/Ly Menghour
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ១០ ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៣ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួលបាន​សំណុំរឿង​ជាង ១.៥០០​ករណី។ ក្នុងនោះ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ​បាន​ជាង ១.៤០០ ករណី។ វិវាទ​ការងារ​ទាំងនោះ​ទាក់ទង​នឹង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍ ការសម្រាក​លំហែ​មាតុភាព ការរើសអើង​សហជីព និង​ការបញ្ឈប់​កម្មករ​ពី​ការងារ​ផ្សេងៗ។

​លោក សុខ ឡោ នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ថ្ងៃទី​១០​ឧសភា​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​ដោះស្រាយ​លើ​វិវាទ​ការងារ ហើយ​ចេញ​សេចក្តីសម្រេច​ត្រឹមតែ ១៥ ទៅ ៣០ ថ្ងៃ​ប៉ុណ្ណោះ។​ លោក សុខ ឡោ បាន​បន្តថា ជាទូទៅ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​លើ​វិវាទ​ការងារ មិនមែន​ជា​សេចក្តីសម្រេច​​ចង​កាតព្វកិច្ច​ទេ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១២ សហជីព​តំណាង​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ផ្តល់​អំណាច​បន្ថែម​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ចេញ​សេចក្តីសម្រេច​មាន​លក្ខណៈ​ជា​ការចង​កាតព្វកិច្ច និង​ជា​ស្ថាពរ​បិទផ្លូវ​តវ៉ា​។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​ជម្លោះ​វិវាទ​សិទ្ធិ​ការងារ និង​មួយ​ចំណុច​ទៀត​បាន​កំណត់​ថា កូដកម្ម​មិន​ត្រូវ​ធ្វើ​មុន​នីតិវិធី​ដោះស្រាយ នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទេ។​

​ក៏​ប៉ុន្តែ​លោក សុខ ឡោ បាន​បន្តថា ពាក់ព័ន្ធ​នឹង​វិវាទ​ការងា​រលើ​ផ្នែក​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​​ការងារ និង​ការទាមទា​រលើ​ប្រាក់​ឈ្នួល គឺ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល មិនមែន​ជា​ការ​ចាប់បង្ខំ​ឲ្យ​ភាគី​សហជីព​តំណាង​កម្មករ និង​ថៅកែ​រោងចក្រ គោរព​តាម​នោះឡើយ។​

​លោក សុខ ឡោ បាន​បន្តថា នៅពេល​​​ទំហំ​នៃ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ បាន​កើន​ឡើង​នៅ​កម្ពុជា ពេល​នោះ​វិវាទ​ការងារ​ក៏​បាន​កើន​ឡើង​ដែរ។ នោះ​គឺ​នៅ​ឆ្នាំ​២០១១ ការនាំ​ចេញ​វិស័យ​កាត់ដេរ​មាន ៤,០៤ ពាន់​លាន​ដុល្លារ និង​មាន​វិវាទ​ការងារ ១៩១​ករណី​។ នៅ​ឆ្នាំ​២០១២ ការនាំ​ចេញ​វិស័យ​កាត់ដេរ​កើន​ដល់ ៤,៤៤ ពាន់​លាន​ដុល្លារ ហើយ​វិវាទ​ការងារ​ឡើងដល់ ២៥៥​ករណី។

​តាម​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់​នៅ​កម្ពុជា​ពេលនេះ មាន​កម្មករ​ជាង​កន្លះ​លាន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​មាន​ជីវភាព​ក្រីក្រ​នៅតាម​ទីជនបទ ដែលជា​អ្នក​មាន​សមាជិក​ច្រើន។ ចាប់តាំងពី​ឆ្នាំ​២០០៣ តម្លៃ​នៃ​ការនាំចេញ​សំលៀក​បំពាក់​និង​វាយនភ័ណ្ឌ សរុប​ចំនួន ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ មក​ត្រឹម​ឆ្នាំ​២០១២ តម្លៃ​នេះ បាន​កើនឡើង​ដល់​ចំនួន ៤,៤ ពាន់​លាន​ដុល្លារ​អាមេរិក។​

​ខួប​គម្រប់​១០ ឆ្នាំ​នៃ​ការបង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២១​ឧសភា ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការងារ តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ និង​សហជីព​តំណាង​កម្មករ។ សកម្មភាព និង​ដំណោះស្រាយ​វិវាទ​ការងារ​រយៈពេល ១០ ឆ្នាំ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក៏​នឹង​ត្រូវលើក​​បង្ហាញ​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ