អានតួអត្ថបទ
បារាំង

បារាំង​ឈាន​ទៅ​ទប់​ស្កាត់​មេរោគ​អេបូឡា​តាម​ផ្លូវ​ទឹក

ឆ្លៀត​ក្នុង​ឱកាស​ជំនួប​កំពូល​របស់​សហភាព​អឺរ៉ុប​ ស្តីពី​ការ​រីក​រាលដាល​នៃ​មេរោគ​អេបូឡា លោក​ប្រធានាធីបតី​បារាំង​បាន​ប្រកាស​​ថា​ បារាំង​នឹង​ដាក់​វិធានការ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេបូឡា​ តាម​រយៈ​អ្នក​ដំណើរ​ដែល​ចូល​មក​បារាំង​តាម​ផ្លូវ​ទឹក។ វិធានការ​នេះ ​វា​នឹង​បន្ថែម​ពី​លើ​វិធានការ​ដែល​បាន​ដាក់​ចេញ ទៅ​តាម​ច្រក​ព្រលាន​យន្តហោះ​ធំៗ​របស់​បារំាំង ដែល​មាន​អ្នក​ដំណើរ​មកពី​ប្រទេស​តំបន់​អាហ្រ្វិក​ ដែល​កំពុង​តែ​មាន​ជំងឺ​នេះ។

លោកស្រី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង និង លោក​វិជ្ជបណ្ឌិត ប្រធានក្រុមត្រួតពិនិត្យសុខភាព អ្នកដំណើរ នៅព្រលានយន្តហោះ ក្រុងប៉ារីស
លោកស្រី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង និង លោក​វិជ្ជបណ្ឌិត ប្រធានក្រុមត្រួតពិនិត្យសុខភាព អ្នកដំណើរ នៅព្រលានយន្តហោះ ក្រុងប៉ារីស AFP PHOTO / KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​ថា បារាំង​នឹង​បន្ថែម​ការ​ត្រួត​ពិនិត្យ​លើ អ្នក​ដំណើរ​តាម​ផ្លូវទឹក ដែល​ចូល​មក​ប្រទេស​បារាំង​ ពី​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក ដែល​កំពុង​តែ​មាន​ជំងឺ​អេបូឡា។ លោក​បន្ថែម​ថា ការ​នេះ​មិនមែន​មាន​ន័យ​ថា បារាំង​ធ្វើ​ឲ្យ​ភ័យ​ជ្រួល​ច្របល់​ខ្លាច​មេរោគ​នេះ​ទេ ប៉ុន្តែ​វា​មាន​ន័យ​ថា យើង​មិន​ត្រូវ​ឈរ​អោបដៃ មិន​ព្រម​ចាត់​វិធានការ​ទប់ស្កាត់​ឡើយ។ បើ​យោង​តាម​ប្រសាសន៍​របស់​លោក ប្រធានាធិបតី​បារាំង បារាំង​នឹង​បន្ត ធ្វើការ​ត្រួត​ពិនិត្យ​ គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំងអស់។

 
លោក​ស្រី ម៉ារីសុល ទូរ៉ែន រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង បាន​មាន​ប្រសាសន៍​បន្ថែម​ថា វិធានការ​ថ្មី​នេះ តំរូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​កប៉ាល់ ក៏​ដូច​ជា​បុគ្គលិក​ធ្វើការ​លើ​កប៉ាល់​ទាំងអស់ ដែល​បាន​ចេញ​ដំណើរ​ពី​ប្រទេស​បី នៅ​អាហ្រ្វិក គឺ ហ្គីណេ សេរ៉ាឡេអូន និង​លីបេរីយ៉ា ក្នុង​រយៈ​ពេល​៣អាទិត្យ ត្រូវ​ធ្វើ​តេស្ត៍​ពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន មុន​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ឡើង​គោក ចូល​ប្រទេស​បារាំង។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី១៨ តុលា បារាំង​បាន​ចាប់ផ្តើម រាយ​កម្លាំង​ពិសេស ដើម្បី​ត្រួត​ពិនិត្យ តាម​ព្រលាន​យន្តហោះ​នៅ​ក្នុង​ក្រុង​ប៉ារីស។ អ្នក​ដំណើរ​ដែល​ចេញ​មក​ពី ប្រទេស​ទាំង​បី​ខាងលើ នឹង​ត្រូវ​ឆ្លងកាត់​ម៉ាស៊ីន​ស្ទង់​កំដៅ​ក្នុង​ខ្លួន។ ទន្ទឹម​នឹង​ការ​ទប់ស្កាត់​មិន​ឲ្យ​អ្នក​ជំងឺ​អេបូឡា របូត​ចូល​ទៅ​ឆ្លង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង បារាំង​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​​ព្យាបាល​អ្នក​ជំងឺ​អេបូឡា​នៅ​ក្នុង​ប្រទេស​ហ្គីណេ។ យ៉ាង​ណាមិញ បារាំង នឹង​បើក​បន្ថែម​មណ្ឌល​សុខភាព​ទីបី​មួយ​ទៀត នៅ​ប្រទេស​ហ្គីណេ និង​មណ្ឌល​មួយ​ទៀត​ដែល​ពិសេស​សម្រាប់​ទទួល​ព្យាបាល​តែ​បុគ្គលិក​ពេទ្យ​ ដែល​អាន​អាការៈ​ឆ្លង​មេរោគ​អេបូឡា។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងែ​សុក្រ ម្សិលមិញ​នេះ មាន​ករណី អ្នក​ជំងឺ​ម្នាក់​នៅ​ក្រុង​ញូយ៉ក ដែល​បាន​ឆ្លង​មេរោគ​អេបូឡា ក្នុង​ពេល​ដែល​គាត់​បាន​ទៅ​បំពេញ​ការងារ​ជាមួយ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​នៅ​ប្រទេស​ហ្គីណេ។ បន្ថែម​ពី​នេះ នៅ​ប្រទេស​ម៉ាលី​ក៏​ចាប់ផ្តើម​មាន​អ្នក​ជំងឺ​អេបូឡា​ម្នាក់​ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នកឆ្លង​មេរោគ​អេបូឡា​សរុប​ទាំងអស់ ១ម៉ឺន​ករណី ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ៤៩០០នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ