អានតួអត្ថបទ
តួកគី

រដ្ឋាភិបាល​តួកគី​ចង់​រឹត​បន្តឹង​ច្បាប់ ដើម្បី​បង្ក្រាប​ការ​តវ៉ា​របស់​ជនជាតិ​គួដ

មិន​ដល់​ពេល​មួយ​សប្តាហ៍​ បន្ទាប់​ពី​មាន​បាតុកម្ម​ហិង្សា​ បង្ក​ឡើង​ដោយ​ក្រុម​ជនជាតិ​គួដ​ផង រដ្ឋា​ភិបាល​ប្រទេស​តួកគី បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​នឹង​ធ្វើ​សេចក្តី​ព្រៀងច្បាប់​ថ្មី​មួយ ដើម្បី​រឹត​បន្តឹង និង​បង្ក្រាប​រាល់​អំពើ​ហិង្សា ទាំង​ឡាយណា​ ដែលប្រឆាំង​និង​នយោបាយ​របស់​រដ្ឋាភិបាល។ លោក​ប្រធានាធិបតី​តួកគី​បាន​បន្ថែម​ថា ក្នុង​នាម​ជា​ប្រទេស​មាន​ច្បាប់ រដ្ឋាភិបាល​ មិន​អាច​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកលេង​ ធ្វើ​អ្វី​តាម​តែ​ចិត្ត​បាន​ឡើយ។

នគរបាល​តួកគី បាន​បង្ក្រាប​​យ៉ាង​ចាស់ដៃ ទៅ​លើ​ក្រុម​បាតុករ​ជនជាតិគួដ នៅថ្ងៃ ៨ តុលា ២០១៤
នគរបាល​តួកគី បាន​បង្ក្រាប​​យ៉ាង​ចាស់ដៃ ទៅ​លើ​ក្រុម​បាតុករ​ជនជាតិគួដ នៅថ្ងៃ ៨ តុលា ២០១៤ REUTERS/Sertac Kayar
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១២ តុលា​ថា រដ្ឋាភិបាល​លោក និង​ដាក់​ស្នើ​សេចក្តី​ព្រៀង​ច្បាប់​ថ្មី​មួយ ទៅ​រដ្ឋសភា។ ច្បាប់​ថ្មី​នេះ មាន​គោលដៅ រឹត​បន្តឹង​ការ​ជួបជុំ​គ្នា និង​ដើម្បី​បង្ក្រាប​រាល់​ការ​ប្រមូល​ផ្តុំ ដែល​មាន​លក្ខណៈ​ហិង្សា។ ប្រតិកម្ម​របស់​រដ្ឋាភិបាល​តួកគី​នៅ​ពេល​នេះ​ គឺ​ឆ្លើយតប​ទៅ​នឹង​បាតុកម្ម​ហិង្សា​ ដែល​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

 
សូម​រំលឹក​ថា បាតុកម្ម​ដែល​ដើមឡើយ​ ធ្វើឡើង​ដោយ​ក្រុម​ជនជាតិ​គួដ​រស់នៅ​ក្នុង​ប្រទេស​តួកគី ភាគ​ខាងកើត។ ពួកគេ មាន​ការ​ខឹងសម្បារ​ទៅ​លើ​រដ្ឋាភិបាល​តួកគី ថា​បាន​ឈរ​ឱបដៃ​មើល មិន​ជួយ​រំដោះ​ក្រុង​កូបាណេ ទុកឲ្យ​ពួក​ជីហាត​អ៊ីស្លាម វាយ​ដណ្តើម​បាន ហើយ​ធ្វើបាប​ជនជាតិ​គួដ​ដែល​រស់នៅ​តំបន់​នោះ។ បាតុកម្ម​បាន​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា ដោយ​មាន​ការ​ប្រឈមមុខ​ជាមួយ​នគរបាល ដែល​ទី​បំផុត មាន​មនុស្ស ៣៤នាក់​បាន​ស្លាប់ ហើយ​៣៥០នាក់​រង​របួស។

ក្រោយ​ហេតុការណ៍​នេះ លោក​ប្រធានាធិបតី​តួកគី បាន​អំពាវនាវ​ឲ្យ​អាណាព្យាបាល​របស់​ក្មេងៗ​ស្ទាវៗ ត្រូវ​តែ​ចេះ​ហាម​ឃាត់​កូនចៅ មិន​ឲ្យ​មក​ធ្វើ​បាតុកម្ម​ហិង្សា។ លោក​បន្តថា ក្នុង​នាម​តួកគី​ជា​ប្រទេស​មាន​ច្បាប់ លោក​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​ចាប់​ក្រុម​ជនពាល​ដែល​បាន​បង្ក​អំពើ​ហិង្សា មក​ទទួល​ទោស​តាម​ច្បាប់។ ពាក្យ​ថា​ក្រុម​ជនពាល លោក​ប្រធានាធិបតី បាន​សំដៅ​ទៅ​ដល់​ជនជាតិ​គួដ​នៅ​តួកគី និង​គណៈបក្ស​នយោបាយ​ពីរ​ដែល​មាន​និន្នាការ​ ការពារ​ជនជាតិ​គួដ ហើយ​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​មេ​ញុះញង់​ ឲ្យមាន​ការ​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ហិង្សា។

ទោះ​បី​ជា​យ៉ាងណា គ្រប់​គ្នា​បាន​ដឹង​យ៉ាងច្បាស់ អំពី​គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក ប្រធានាធិបតី​តួកគី​បច្ចុប្បន្ន​ ដែល​មាន​និន្នាការ​អភិរក្ស ប្រកាន់​សាសនា​អ៊ីស្លាម។ កន្លង​មក មាន​ភស្តុតាង​ជាច្រើន បាន​បង្ហាញ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​តួកគី​ បាន​បើកផ្លូវ​ឲ្យ​ពួក​អ៊ីស្លាម​ជីហាត​ចេញ​ចូល ឆ្លងកាត់​ប្រទេស​ខ្លួន​ដោយ​សេរី។ នរណា​ក៏​ដឹង​ដែរ ថា​តួកគី​ មិន​ចង់​ឃើញ ពួក​ជនជាតិ​គួក​ មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​រដ្ឋ​ឯករាជ្យ​នោះ​ឡើយ ព្រោះ​ថា​បើ​ដូច្នេះ តួកគី​អាច​នឹង​បាត់បង់​ទឹកដី​ ភាគ​ខាងកើត​ ដោយសា​ពួក​ជនជាតិ​គួដ​នៅ​តំបន់​នោះ​រើ​បំរាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ