អានតួអត្ថបទ
តួកគី-ដើមបូព៌ា

ភាពចំរូងចំរាស់ជុំវិញការបង្កើតតំបន់ការពារពិសេសនៅភាគខាងជើងស៊ីរី

ប្រទេស​តួកគី​បាន​ធ្វើ​ការ​ស្នើសុំ​ទៅ​អង្គការ​អូតង់ ដើម្បី​បង្កើត​តំបន់​ការពារ​ពិសេស​មួយ នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី តាម​បណ្តោយ​ព្រំដែន​ជាមួយ​ទួរគី។ ទំបន់​នោះ​នឹង​ជា​តំបន់​សុវត្ថិភាព​ពិសេស​ ហាម​មិន​ឲ្យ​មាន​អន្តរាគមន៍​យោធា និង​មិន​ឲ្យ​មាន​យន្តហោះ​ហោះ​កាត់ ដើម្បី​ទទួល​ការពារ​ជន​ភៀសខ្លួន​ស៊ីវិល និង​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​របស់​លោក បាឆា អាល់ អាសាដ។ ប៉ុន្តែ​អង្គការ​អូតង់ និង​សហរដ្ឋ​អាមេរិក ហាក់​រារែក​មិន​ចង់​ពិភាក្សា​អំពី​បញ្ហា​នេះ។

ក្រុម​ជន​ភៀសខ្លួន​​គួដ រត់​ពី​ស៊ីរី​ ​នៅ​តាម​បណ្តោយព្រំដែន​ជាមួយ​តួកគី ។ រូបភាព​នៅ​ថត​​នៅ​ថ្ងៃ​២៧ កញ្ញា ២០១៤
ក្រុម​ជន​ភៀសខ្លួន​​គួដ រត់​ពី​ស៊ីរី​ ​នៅ​តាម​បណ្តោយព្រំដែន​ជាមួយ​តួកគី ។ រូបភាព​នៅ​ថត​​នៅ​ថ្ងៃ​២៧ កញ្ញា ២០១៤ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី តួកគី បាន​ស្នើ​សុំ​ទៅ​អង្គការ​អូតង់ ឲ្យ​រៀបចំ​បង្កើត​តំបន់​ការពារ​ពិសេស​មួយ នៅ​ភាគ​ខាងជើង​ស៊ីរី ជាប់​បណ្តោយ​ព្រំដែន​ទួរគី ដើម្បី​ការពារ​ប្រជាជន​ដែល​ភៀសខ្លួន​ពី​ការ​វាយ​ប្រហារ​ របស់​ពួក​អ៊ីស្លាម​ជីហាត។ មួយ​វិញ​ទៀត តួកគី​ថា ការ​បង្កើត​តំបន់​នេះ នឹង​អនុញ្ញាត​ឲ្យមាន​ការ​ការពារ​ ដល់​តំបន់​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ឧទ្ទាម​ ដែល​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ស៊ីរី​របស់​លោក បាឆា អាល់ អាសាដ។

 
ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​តួកគី លោក​ប្រធានាធិបតី​បារាំង បាន​ប្រកាស​គាំទ្រ​គម្រោង​នេះ ដោយ​ចាត់ទុក​ថា នេះ​ជា​ឱកាស​ដ៏ល្អ​ ក្នុង​ការ​ការពារ​អាយុ​ជីវិត​ប្រជាជន​ស្លូតត្រង់ ឲ្យ​ផុត​ពី​ការ​សម្លាប់​រង្គាល។ ទោះ​បី​ជា​យ៉ាងណា អ្នក​នាំពាក្យ​អង្គការ​អូតង់​បាន​ថ្លែង​ឲ្យ​ដឹង​ថា អង្គការ​អូតង់​ នៅ​មិន​ទាន់​លើក​បញ្ហា​នេះ​មក​ពិភាក្សា​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​នេះ​ដែរ សហរដ្ឋ​អាមេរិក មាន​បង្ហើប​ឲ្យ​ដឹង​អំពី​ការ​ជំទាស់​របស់​ខ្លួន ក្នុង​ការ​បង្កើត​តំបន់​ការពារ​ពិសេស​ដែល​តួកគី​ស្នើ​សុំ។

លោក​ចនឃែរី បាន​និយាយ​ថា ការ​បង្កើត​តំបន់​នេះ អាច​នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន។ ទីមួយ ការ​បង្កើត​តំបន់​ពិសេស​ប្រភេទ​នេះ មាន​ន័យ​ថា គឺ​ហាម​មិនឲ្យ​យន្តហោះ​ចម្បាំង​ហោះ​​កាត់។ ដូច្នេះ វា​នឹង​បង្ក​ការ​លំបាក​ដល់​យុទ្ធនាការ​ទ័ព​អាកាស​របស់​អាមេរិក ដែល​ត្រូវ​ហោះ​កាត់​តំបន់​នេះ ព្រមទាំង​ត្រូវ​បង្វែរ​ប្រព័ន្ធ​រ៉ាដា​ទាំងអស់​ គេចចេញ​ពី​តំបន់​នេះ។ ធ្វើ​ដូច​នេះ អាច​នឹង​ធ្វើឲ្យ​ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ពួក​ជីហាត​ ជួប​បរាជ័យ។ ទីពីរ តំបន់​ពិសេស​នេះ នឹង​រាំង​ស្ទះ​ មិនឲ្យ​ទាហាន​ជើង​គោក​ឆ្លងកាត់​ទៅ​ស៊ីរី បើសិន​ជា​ប្រទេស​សម្ព័ន្ធមិត្ត​សម្រេច​បញ្ជូន​ទ័ព​ជើងគោក​ទៅ​វាយ​ពួក​ជីហាត។ ហើយ​ទី​បី​គឺ​ថា ការ​បង្កើត​តំបន់​ការពារ​ពិសេស​នេះ ត្រូវការ​ការ​សម្រេច​ចិត្ត​ ពី​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ អាមេរិក​យល់​ថា រុស្ស៊ី​ប្រាកដ​ជា​បោះឆ្នោត​ជំទាស់ ដើម្បី​ជួយ​ការពារ​របប​ផ្តាច់ការ​របស់​លោក​ បាឆា អាល់ អាសាដ ព្រោះ​ថា បើ​តំបន់​នេះ​ត្រូវ​បាន​បង្កើត​ វា​នឹង​ជួយ​ការពារ​កងកម្លាំង​ឧទ្ទាម​ ដែល​ទាមទារ​រំលំ​របប​ផ្តាច់ការ​ របស់​លោក បាឆា អាល់ អាសាដ។

យ៉ាងណាមិញ មតិ​មួយ​ចំនួន​ បាន​រិះគន់​តួកគី​ថា មាន​នយោបាយ​អាត្មានិយម។ កន្លង​មក​តួកគី ឈរ​ឱបដៃ​មើល​ទីក្រុង​កូបាណេ ធ្លាក់​ចូល​ក្នុង​កណ្តាប់ដៃ​របស់​ពួក​ជីហាត។ មូលហេតុ​ដោយសារ​តំបន់​នេះ សម្បូរ​ទៅ​ដោយ​ជនជាតិ​គួដ។ បើសិន​តួកគី ទៅជួយ​ប្រយុទ្ធ​ការពារ​តំបន់នេះ​មិន​ឲ្យ​ធា្លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ជីហាត ហាក់​ដូច​ជា​តួកគី​ជួយ​ពួក​ជនជាតិ​គួដ​ឲ្យ​បង្កើត​តំបន់​ស្វ័យត្ន​ពិសេស​នៅ​ក្បែរ​ព្រំដែន ហើយ​ទៅ​ថ្ងៃមុខ ពួក​គួដ​ទាំង​នៅ​ស៊ីរី និង​នៅ​តួកគី នឹង​ទៀមទារ​ឯករាជ្យ​​ជាក់​ជា​មិន​ខាន។ តែ​ដល់​ឥឡូវ​ ធ្វើ​ជា​ចេញមុខ​ចេញមាត់​ មក​ចង់​បង្កើត​តំបន់​ការពារ​ពិសេស ប៉ុន្តែ​ធាតុពិត តួកគី ចង់​ក្តោបក្តាប់​តំបន់​នេះ ដែល​សំបូរ​ទៅដោយ​ជនជាតិ​គួដ។ ធ្វើ​ដូច្នេះ ជនជាតិ​គួដ លែង​មាន​ឱកាស​នឹង​បង្កើត​តំបន់​ស្វ័យត្ន​ទៅ​ថ្ងៃមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ