អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សហគ្រិន​វ័យ​ក្មេង​កំពុង​ធ្វើ​អោយ​ជំនួញ​នៅ​កម្ពុជា​ កាន់​តែ​មាន​ស្តង់ដារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្របពេល​ដែលប្រទេស​កំពុង​អភិវឌ្ឍន៍ គេ​ឃើញ​យុវជន​កាន់តែ​ច្រើន​បាន​ហក់​ចូល​ក្នុង​វិស័យ​ជំនួញ។ នេះគឺ​ជា​ចលនា​ថ្មី​មួយ​ដែល​នឹង​ជួយ​ពង្រឹង​វិស័យ​ជំនួញ​នៅ​កម្ពុជា។ ពីព្រោះថា ក្រុម​សហគ្រិន​វ័យ​ក្មេងនេះហើយ​​ដែល​នឹងនាំ​យក​របៀប​ធ្វើ​ជំនួញ​ ដែល​មិន​មែនជា​លក្ខណៈ​គ្រួសារ ហើយ​នឹង​​បញ្ចញ​របៀប​ធ្វើជំនួញ​ដែល​មាន​លក្ខណៈទំនើប និង​ស្តង់ដារ​នោះ។ ប៉ុន្តែ​អ្នកសេដ្ឋកិច្ច​បាន​ណែនាំអោយពួកគេ​ធ្វើ​ផែនការ​អោយ​បាន​ច្បាស់​លាស់​មុន​នឹង​ចាប់ផ្តើម​ជំនួញ។

​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​​បាន​រៀបចំ​វគ្គបណ្តុះបណ្តាល​។
​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​​បាន​រៀបចំ​វគ្គបណ្តុះបណ្តាល​។ ©លាង​ ដឺលុច
ផ្សាយពាណិជ្ជកម្ម

អាហារដ្ឋាន ហាង​កាហ្វេ​បែប​ទំនើប សាលារៀន​ឯកជន ហាង​លក់​គ្រឿង​អេឡិចត្រូនិក អាជីវកម្ម​ទាំងអស់នេះ ក្នុង​រយៈ​ពេល​ចុងក្រោយនេះ គេ​សង្កេត​ឃើញថា សុទ្ធតែ​ត្រូវបាន​បើក​ដោយ​ក្រុម​អ្នកជំនួញ​វ័យ​ក្មេង។ និយាយ​បែបម្យ៉ាង​ទៀត យុវជន​កម្ពុជា​បច្ចុប្បន្ន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ងារ​ធ្វើ​ជំនួញ និង​អាជីវកម្ម។ នេះ​គឺជា​និន្នាការ​មួយ​ថ្មី​ទៀត​នៅ​កម្ពុជា។ ជា​និន្នាការ​មួយ​ថ្មី ពីព្រោះ​ក្នុងពេលកន្លងមក យុវជន​ខ្មែរ​ តាម​រយៈ​ឥទ្ធិពល​របស់​ឪពុកម្តាយ​ផង ពួកគេ​​មាន​និន្នាការ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ បន្ទាប់មក​គឺ​ការ​ធ្វើ​ការ​ងារ​ក្នុង​ក្រុមហ៊ុន​ឯកជន និង​បច្ចុប្បន្ននេះ ពួកគេ​ចង់​ធ្វើ​ជា​ម្ចាស់​សហគ្រាស ឬ​ក្រុមហ៊ុន​ខ្លួន​ឯង។

ឥឡូវ​នេះ ជាមួយ​នឹង​ការ​វិវឌ្ឍន៍​នៃ​សង្គម និង​ផ្នត់គំនិត​នៃ​ការ​គិតគូរ​របស់​យុវជន​ទៅ​តាម​បរិបទ​នៃ​សង្គម​ផង ជំនួញ ទោះជាក្នុង​ទ្រង់ទ្រាយ​ធំ​ក្តី តូច​ក្តី​ គឺ​ជា​ចំណាប់​អារម្មណ៍​របស់​យុវជន។ គេ​ក៏​មិនអាច​មើល​រំលង​ក្រុមយុវជន​មួយ​ចំនួន ដែល​​កំពុង​នៅ​សិក្សា​ផង បាន​បង្កើត​ហាង​លក់​ទំនិញ​អនឡាញ ដោយ​ពួកគេ​មិន​ត្រូវ​ចំណាយ​ដើមទុន​អ្វីធំដុំ​សោះឡើយ។

នេះ​មិន​ត្រឹម​តែជាជំនួញ តែ​​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​ក្រុម​យុវជន​ ទាំង​ប្រុស​ទាំងស្រី​បាន​បង្កើត​ផ្សារ​អនឡាញ​នេះ លក់​សម្លៀក​បំពាក់ ស្បែកជើង និង​គ្រឿង​អលង្កា​ ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​​អ្នកលក់ដុំ​នៅ​បរទេស​ទៀតផង ពិសេស​ប្រទេស​ចិន ហើយ​បន្ត​ចែក​ចាយ​ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ។

តើ​សន្ទុះ​ថ្មីរបស់​យុវជន​នៅ​ក្នុង​វិស័យ​ជំនួញ​នៅ​កម្ពុជា​នេះ​ នឹង​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស?

ពិត​ជា​មាន។ វត្តមាន​របស់​អ្នកជំនួញ​វ័យ​ក្មេង​នឹង​ធ្វើ​អោយមាន​ការ​​ផ្លាស់ប្តូរ​ទិដ្ឋភាព​ក្នុង​វិស័យ​ជំនួញ​នៅ​កម្ពុជា។ ទី១ គេ​មិន​ត្រូវ​ភ្លេចទេថា ក្រុម​យុវជន​អ្នកជំនួញ​សម័យ​ថ្មី​ភាគច្រើន​សុទ្ធតែមាន​មូលដ្ឋាន​ទ្រឹស្តី​នៃជំនួញដែល​ពួកគេ​បាន​រៀន​នៅ​សាកល​វិទ្យាល័យ។ តាម​រយៈ​ទ្រឹស្តី​ទាំងនេះ ពួកគេ​នឹង​លុប​បំបាត់​ចោលបន្តិចម្តងៗ ការ​គ្រប់គ្រង​ជំនួញ​តាម​បែបគ្រួសារ។

បានន័យ​ថា គំនិត​ថ្មី​របស់​អ្នកជំនួញ​វ័យក្មេង​គឺ​ការ​រៀបចំ​ជំនួញ​របស់​ពួកគេ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​គណនេយ្យ​ភាព។ បើទោះជា​ក្រុមហ៊ុន​ថ្មី​ក្តី ឬ​ក្រុមហ៊ុន​ដែល​ជា​កេ​រមរតក​ពី​ក្រុម​គ្រួសារ​ក្តី។

ទី២ និយាយ​អំពី​គំនិត ឬ​របៀប​នៃ​ការ​ធ្វើ​ជំនួញ​របស់​យុវជន​ដដែល។ សហគ្រិន​ជំនាន់ថ្មីភាគ​ច្រើន​ ពួកគេ​មាន​និន្នាការ​ដាក់ហ៊ុន​ចូលគ្នា​ដើម្បី​ធ្វើ​ជំនួញ។ នេះ​ហើយ​ជា​និន្នាការ​ទូទៅ​នៃ​ជំនួញ​នៅ​លើ​ពិភពលោក។ ប្រយោជន៍​នៃ​ការ​ដាក់​ទុន​រួមគ្នា​នេះ គឺ​នឹង​ធ្វើ​អោយ​ជំនួញ​ទាំងនោះ​​មាន​ទ្រង់ទ្រាយ​ធំ ច្បាស់លាស់ និង​មាន​និរន្តរភាព ហើយ​នឹង​អាច​មាន​ឱកាស​រីកធំធាត់​ច្រើនឡើង​ថែមទៀត​ផង។

ទី៣ ការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង​នេះ នឹង​មាន​ប្រយោជន៍​ក្នុង​បង្កើត​ការងារ​ផង និង​ការ​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​របស់​អាជីវករ​វ័យ​ក្មេងផង។

ទី៤ នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​ការ​បង្កើត​ជំនួញ​កាន់តែច្រើននោះ ក្នុង​ន័យ​សេដ្ឋកិច្ច​ដែល​គេ​និយាយ​ថា មាន​ការប្រកួត​ប្រជែង​ខ្លាំងនោះ ការ​នោះ​នឹង​ផ្តល់​ផល​ល្អ​ដល់​អ្នកប្រើប្រាស់​​ទៅវិញ​ទេ។ ការ​ប្រកួត​ប្រជែង​ដែល​នឹង​ធ្វើអោយ​តម្លៃ​ទំនិញ​ធ្លាក់ចុះ គុណភាព​ទំនិញ​កាន់តែ​ល្អ និង​សេវាកម្ម​កាន់តែ​រហ័ស​ទាន់ចិត្ត​ជា​ដើម។

និងទី៥ នៅពេល​ដែល​កម្ពុជា​មាន​អាជីវកម្ម​ច្រើន​ប្រភេទ​យ៉ាង​ដូច្នេះ​ហើយនោះ វា​ក៏បង្កើត​ឱកាស​ដល់​វិនិយោគិន​បរទេស ដើម្បីពួកគេ​អាច​ចាប់ដៃគូ​ធ្វើ​ជំនួញ​ជាមួយ​ពាណិជ្ជករ និង​អាជីវករ​ខ្មែរ​ដែរ។

​វាមាន​ផល​ចំណេញ​ជាច្រើន​ទៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ នៅពេល​ណា​ដែល​មាន​សហគ្រិន​វ័យក្មេង​កាន់តែច្រើន។ សហគ្រិន​សម័យ​ថ្មីដែល​មាន​ចំណេះដឹងច្រើន​ផ្នែក​បច្ចេកទេសជំនាញ​ផង និង​ភាសា​បរទេស​ផង ដែល​អាច​ជា​យាន​នាំពួកគេ​ទៅ​រក​ភាព​ជោគជ័យកាន់តែ​ខ្លាំង។

ទាំងអស់នេះ​សុទ្ធសឹង​តែ​ជា​ចំនុច​វិជ្ជមាន​​ដែល​អាច​កើតចេញ​ពីវត្តមាន​នៃ​ក្រុម​សហគ្រិន​វ័យក្មេង។ ប៉ុន្តែអ្នកសេដ្ឋកិច្ច​នៅ​តែ​ជំរុញ​អោយអ្នកជំនួញ​វ័យក្មេង ដែល​មាន​ថាម​ពល​ទាំង​កំលាំង​កាយ និង​កំលាំង​ចិត្ត​ខ្លាំង​នេះ ​យកចិត្ត​ទុកដាក់​បំផុត ​ទៅ​លើ​ការ​ធ្វើ​ផែនការ​ជំនួញ​អោយ​បាន​ច្បាស់លាស់​ មុន​នឹង​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួកគេ។

ចំពោះ​អ្នកសេដ្ឋកិច្ច នៅពេល​មាន​អាជីវកម្ម​ថ្មី​ច្រើន​ត្រូវ​បិទទៅវិញ​ជា​បន្ត​បន្ទាប់គ្នា បន្ទាប់​ពី​ការ​ដាក់សម្ពោធ​អោយ​ដំណើរការ​នោះ វា​នឹង​ជះឥទ្ធិពល​អាក្រក់ ឬ​ថា​ជា​សញ្ញា​មិន​ល្អ​សំរាប់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជាទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ