នយោបាយលោកស្រីយីងឡាក់កំពុងធ្វើឲ្យអង្ករថៃពិបាកប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ

នយោបាយរបស់លោកស្រីនាយករដ្ឋមន្រ្តីយីងឡាក់ កំពុងតែគំរាមកំហែងដល់វិស័យនាំចេញអង្កររបស់ថៃ ហើយអាចនឹងធ្វើឲ្យថៃបាត់បង់ចំណាត់ថ្នាក់ជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទីមួយ នៅលើពិភពលោក។ នេះបើតាមការអះអាងរបស់ប្រធានសមាគមក្រុមហ៊ុននាំចេញអង្ករថៃ។
ក្រោយពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានដាក់ចេញនូវនយោបាយប្រមូលទិញអង្ករពីកសិករថៃ ក្នុងតម្លៃថ្លៃជាងទីផ្សារ រហូតដល់ទៅ ៥០%។ ការដាក់ចេញនយោបាយនេះ គឺធ្វើក្នុងគោលដៅបង្កើនប្រាក់ចំណូលដល់កសិករថៃ ក៏ប៉ុន្តែ វាកំពុងតែធ្វើឲ្យអង្ករថៃឡើងថ្លៃកប់ពពក ដែលធ្វើឲ្យថៃបាត់បង់ភាពប្រកួតប្រជែងលើទីផ្សារអង្ករអន្តរជាតិ។
ប្រធានសមាគមក្រុមហ៊ុននាំចេញអង្ករថៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា នៅពេលបច្ចុប្បន្ននេះ ថៃបានបាត់បង់ចំណែកទីផ្សារអង្ករអន្តរជាតិរួចទៅហើយ ដោយចំណែកទីផ្សារនេះត្រូវធ្លាក់ក្នុងដៃប្រទេសជាគូប្រជែង ជាពិសេស ប្រទេសចំណូលថ្មីក្នុងទីផ្សារអង្ករអន្តរជាតិ ដូចជា កម្ពុជា និងភូមា ជាដើម ដែលផលិតអង្ករកាន់តែច្រើនឡើង ដើម្បីនាំចេញ។
គួរបញ្ជាក់ថា បើយោងតាមតួលេខរបស់ក្រសួងកសិកម្មអាមេរិក កាលពីឆ្នាំ២០១១កន្លងទៅនេះ ថៃគឺជាប្រទេសដែលនាំអង្ករទៅក្រៅប្រទេសច្រើនជាងគេបំផុត (១០,៦៤លានតោន) វៀតណាមស្ថិតនៅលំដាប់ទី២ (៧លានតោន) ឥណ្ឌាជាប់លេខ ៣ (៤,៦៣លានតោន) ចំណែកកម្ពុជាស្ថិតនៅលំដាប់ទី ៦ (០,៨៦លានតោន)។ ក៏ប៉ុន្តែ នៅឆ្នាំ២០១២នេះ ការនាំចេញអង្កររបស់ថៃនឹងធ្លាក់ចុះជិតពាក់កណ្តាល មកនៅត្រឹមតែប្រមាណជា ៦,៥លានតោនប៉ុណ្ណោះ។ ហើយបើនិយាយពីចំណាត់ថ្នាក់វិញ ថៃនឹងត្រូវធ្លាក់មកនៅលេខ៣ គឺនៅពីក្រោយឥណ្ឌា និងវៀតណាមវិញ។
បច្ចុប្បន្ននេះ អង្ករដែលរដ្ឋាភិបាលថៃប្រមូលទិញពីកសិករ គឺទិញយកទៅស្តុកទុក។ បើតាមសមាគមក្រុមហ៊ុននាំចេញអង្ករថៃ បច្ចុប្បន្ននេះ ថៃមានអង្ករស្តុកទុកចោល រហូតដល់ទៅប្រមាណជា ១០លានតោនឯណោះ ហើយក្រសួងកសិកម្មអាមេរិកបានព្យាករថា ស្តុកអង្កររបស់ថៃអាចនឹងកើនឡើងរហូតដល់ទៅជាង ១២លានតោន នៅឆ្នាំ២០១៣ខាងមុខ។
ការស្តុកអង្ករទុករាប់លានតោនបែបនេះ គឺជាបន្ទុកដ៏ធ្ងន់មួយ ដល់ថវិកាជាតិថៃ ក៏ប៉ុន្តែ រដ្ឋាភិបាលថៃហាក់ដូចជាគ្មានជម្រើសផ្សេងនោះទេ ពីព្រោះថា ប្រសិនបើបញ្ចេញអង្ករនេះមកលក់ វាអាចនឹងធ្វើឲ្យទីផ្សារអង្ករត្រូវចាល់ ហើយតម្លៃអង្ករត្រូវធ្លាក់ចុះខ្លាំង បង្កទៅជាបញ្ហានយោបាយក្នុងប្រទេសថៃខ្លួនឯង។
សមាគមក្រុមហ៊ុននាំចេញអង្ករថៃវិញបារម្ភថា ប្រសិនបើរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ នៅបន្តនយោបាយ ដែលនាំឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃអង្ករថៃ លើទីផ្សារអន្តរជាតិបែបនេះតទៅទៀត ក្រុមហ៊ុននាំចេញអង្ករថៃជាច្រើនអាចនឹងត្រូវបិទទ្វារឈប់រកស៊ី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ