អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមលោក​លើកទី២៖ ​ហ៊ីត្លែរ​ចូល​ឈ្លានពាន​សហភាព​សូវៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​និយាយ​អំពី​សង្រ្គាម​លោក​លើកទី២ នៅ​តំបន់​អឺរ៉ុប ដោយ​លើកឡើង​អំពី​សង្រ្គាម​រវាង​អាល្លឺម៉ង់ និង​សហភាព​សូវៀត។

កងទ័ព​អាល្លឺម៉ង់​ឆ្លងកាត់​ព្រំដែន​សហភាព​សូវៀត នៅថ្ងៃ​ទី២២ មិថុនា ឆ្នាំ​១៩៤១
កងទ័ព​អាល្លឺម៉ង់​ឆ្លងកាត់​ព្រំដែន​សហភាព​សូវៀត នៅថ្ងៃ​ទី២២ មិថុនា ឆ្នាំ​១៩៤១
ផ្សាយពាណិជ្ជកម្ម

នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៤១ ក្រោយ​ពី​ទទួលបរាជ័យ​មិន​អាច​ឈ្លានពាន​កាន់កាប់​ប្រទេស​អង់គ្លេស​ ហើយ​ក៏​មិន​អាច​បង្ខំ​ឲ្យ​អង់គ្លេស​​ចូល​មក​ចរចា​ចែកអំណាច​គ្នា​គ្រប់គ្រង​អឺរ៉ុបបាន ហ៊ីត្លែរ​ក៏​បាន​ផ្អាក​សកម្មភាព​យោធា​នៅ​អឺរ៉ុប​ខាង​លិច ហើយ​ងាក​ទៅរក​អឺរ៉ុប​ខាង​កើតវិញ​ម្តង។ គោលដៅ​របស់​ហ៊ីត្លែរ គឺ​ចូល​ឈ្លានពាន​សហភាព​សូវៀត។

តាមការពិត​ នៅមុនពេល​សង្រ្គាម​លោកលើកទី២​ចាប់ផ្តើម​ផ្ទុះឡើង ហ៊ីត្លែរ និង​ស្តាលីន បាន​ព្រមព្រៀង​សហការគ្នា និង​បែងចែក​ដែនឥទ្ធិពលគ្នា តាមរយៈ​ការចុះ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា កាលពី​ខែ​សីហា ឆ្នាំ​១៩៣៩ ពោលគឺ​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​អាល្លឺម៉ង់​ចូល​ឈ្លានពាន​ប៉ូឡូញ។ នៅ​ខែ​កញ្ញា ​នៅពេល​ហ៊ីត្លែរ​បញ្ជូន​ទ័ព​​ចូល​ឈ្លានពាន​ប៉ូឡូញ​ពី​ទិស​ខាង​លិច កងទ័ព​របស់​ស្តាលីន​ក៏​​វាយលុក​មក​លើ​ប៉ូឡូញ​​ចូល​តាម​ទិស​ខាង​កើត​ដែរ ហើយ​​ប្រទេស​ប៉ូឡូញ​ក៏​ត្រូវ​បាន​ហ៊ីត្លែរ និង​ស្តាលីន​ពុះ​​ជាពីរ​ចែក​គ្នា​កាន់កាប់។

បន្ទាប់​ពី​បាន​កាន់កាប់​ប៉ូឡូញ​ម្នាក់​មួយ​ចំណែក​ហើយ ហ៊ីត្លែរ​បាន​បន្ត​ធ្វើការ​​ឈ្លានពាន​អឺរ៉ុប​ដោយវាតទី​ទៅ​ទិស​ខាងលិច គឺ​ឈ្លានពាន​ប្រទេស​ន័រវែស ដាណឺម៉ាក ហូឡង់ លុចសំបួ ប៊ែលហ្ស៊ិក បារាំង និង​អង់គ្លេស (តែមិនបាន​សម្រេច)។ ចំណែក​ស្តាលីនវិញ វាតទី​នៅ​ទិស​ខាងកើត ដោយ​ឈ្លានពាន​ហ្វាំងឡង់ ប្រទេស​បី​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​លីទុយអានី ឡេតូនី និង​អេស្តូនី ព្រមទាំង​ចូល​កាន់កាប់​ទឹកដី​មួយផ្នែក​របស់​ប្រទេស​រូម៉ានី។

បើពិនិត្យ​មើល​ជារួម នៅ​ឆ្នាំ​ដំបូង​នៃ​សង្រ្គាម​លោកលើកទី២ អាល្លឺម៉ង់ និង​សហភាព​សូវៀត​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ទាំង​ខាង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ហ៊ីត្លែរ និង​ស្តាលីន សំឡឹង​មើល​គ្នា​ទៅវិញទៅមក​ប្រកប​ដោយ​ការមិនទុកចិត្តគ្នា ហើយ​ម្ខាងៗ​សុទ្ធតែ​នាំគ្នា​ត្រៀមជើងព្រួល​​​រៀងៗខ្លួន​ ដើម្បី​​ត្រៀមធ្វើ​សង្រ្គាម​នឹងគ្នា។

តាមការពិត នៅពេលដែល​អាល្លឺម៉ង់ និង​សហភាព​សូវៀត​ចុះសន្ធិសញ្ញា​មិនឈ្លានពាន​គ្នា អ្នកណាៗ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែរ ដោយសារតែ​គេមើលឃើញ​ពី​ភាព​ជា​សត្រូវ​នឹង​គ្នា​ រវាង​គណបក្ស​ណាហ្ស៊ី​អាល្លឺម៉ង់ និង​គណបក្ស​កុម្មុយនិស្តសូវៀត។ សម្រាប់​ហ៊ីត្លែរ ក្រុម​បុលឆេវិក​សូវៀត សុទ្ធតែ​ជា​ក្រុម​បម្រើ​ផលប្រយោជន៍​ឲ្យ​ពួក​ជ្វីហ្វ។

ម្យ៉ាងទៀត នៅ​ក្នុង​សៀវភៅ Mein Kampf ដែល​ហ៊ីត្លែរ​​សរសេរ​កាល​ពី​មុនពេល​ឡើងកាន់អំណាច ហ៊ីត្លែរ​ក៏​បាន​បង្ហើប​ឲ្យដឹង​ផងដែរ អំពី​គម្រោង​ចង់​ឈ្លានពាន​កាន់កាប់​សហភាព​សូវៀត ដោយ​ហ៊ីត្លែរ​លើកឡើង​ថា អាល្លឺម៉ង់​ត្រូវការ​ពង្រីក​ទឹកដី​ ដើម្បី​ឲ្យ​ប្រជាជន​រស់​នៅ​ផង និង​ដើម្បី​ទាញ​យក​ធនធាន​ធម្មជាតិ​ផង ហើយ​ទឹកដី​នេះ ​អាល្លឺម៉ង់​ត្រូវ​ពង្រីក​ទៅ​ទិសខាងកើត។ ក្រោយៗ​មកទៀត នៅ​ពេល​បាន​ឡើង​កាន់អំណាច ហ៊ីត្លែរ​​បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​កាន់តែច្បាស់​ថា ទៅថ្ងៃ​អនាគត អាល្លឺម៉ង់​ប្រាកដ​ជា​ចៀសមិនផុត​នឹង​ចូល​ឈ្លានពាន​កាន់កាប់​សហភាព​សូវៀត​​​នោះទេ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ហ៊ីត្លែរ​ក៏​បាន​គិតទុក​ជាមុនផងដែរ​ថា នៅ​ក្នុង​ជំហាន​ដំបូង អាល្លឺម៉ង់​អាច​សហការ​ជាមួយ​សូវៀត​ជា​បណ្តោះអាសន្ន​ ប្រសិនបើ​​វា​អាច​ផ្តល់​ផលប្រយោជន៍​ដល់​អាល្លឺម៉ង់។
 

នៅ​ចុងឆ្នាំ​១៩៤០ ហ៊ីត្លែរ​បាន​ចេញ​បញ្ជា​ឲ្យ​មេទ័ព​អាល្លឺម៉ង់​​រៀបចំ​គម្រោងការណ៍​ឈ្លានពាន​សហភាព​សូវៀត ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ហ៊ីត្លែរ​បាន​ព្យាយាម​ទាក់ទាញ​ស្តាលីន​ឲ្យ​ចូល​រួម​ក្នុង​បក្សសម្ព័ន្ធត្រី​ភាគី រួមជាមួយ​នឹង​អ៊ីតាលី និង​ជប៉ុន ដើម្បី​បង្កើត​ជា​បក្សសម្ព័ន្ធ​ចតុភាគី​អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន-សូវៀត។

ស្តាលីន​ក៏ដឹង​អំពី​ចេតនា​របស់​ហ៊ីត្លែរ​ដែល​ចង់​លេបយក​ទឹកដី​សហភាព​សូវៀតដែរ។ ក៏ប៉ុន្តែ ស្តាលីន​គិត​ថា ការ​ចូល​ក្នុង​បក្ស​សម្ព័ន្ធ​ជាមួយ​ហ៊ីត្លែរ​​យ៉ាងហោចណាស់​ក៏​អាច​បញ្ចៀស​សង្រ្គាម​ជាមួយ​អាល្លឺម៉ង់​បាន​មួយរយៈដែរ ដើម្បី​ទុកពេល​ឲ្យ​សូវៀត​អាច​ពង្រឹងកម្លាំង​ទ័ព​ទុក​ទប់ទល់​នឹង​ហ៊ីត្លែរ។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤០ ស្តាលីន​ក៏​បាន​បញ្ជូន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​ឲ្យ​ទៅ​ចរចា​ជាមួយអាល្លឺម៉ង់ អំពីការចូល​ក្នុង​បក្ស​សម្ព័ន្ធ​​ហ៊ីត្លែរ។

នៅពេល​បើក​កិច្ចចរចា​ រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​បាន​ប្រាប់​ទៅ​សមភាគី​សូវៀត​ថា បើមើល​ទៅលើ​ស្ថានភាព​យោធាបច្ចុប្បន្ន បក្សសម្ព័ន្ធត្រីភាគី​​ប្រាកដ​ជា​នឹង​ទទួល​ជោគជ័យ​ក្នុង​សង្រ្គាម​លោក​លើកទី២​នេះ គ្រាន់តែ​មិនដឹង​ថា​តើ​ជោគជ័យ​នេះ​នឹង​មកដល់​ឆាប់​ប៉ុណ្ណាតែ​ប៉ុណ្ណោះ។ ដូច្នេះ វា​ល្មម​ដល់​ពេល​​​ដែល​ប្រទេស​មហាអំណាច​ទាំង ៤ (អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហភាព​សូវៀត) ត្រូវ​ធ្វើការ​បែងចែក​គ្នា ដើម្បី​ត្រួតត្រា​ពិភពលោក។

នៅ​ក្នុង​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​​ដែល​អាល្លឺម៉ង់​ដាក់​លើ​តុចរចា​ជាមួយ​សហភាព​សូវៀត ប្រទេស​ទាំង ៤ ត្រូវ​បន្ត​កាន់កាប់​ទឹកដី​ដែល​ខ្លួន​កំពុង​កាន់កាប់​បច្ចុប្បន្ន ហើយ​អាច​ធ្វើការ​ឈ្លានពាន​វាតទី​ពង្រីក​ទឹកដី​​ទៅតាម​ទិសដៅ​រៀងៗខ្លួន គឺ​អាល្លឺម៉ង់ នៅ​អាហ្វ្រិក​ប៉ែក​កណ្តាល អ៊ីតាលី នៅ​អាហ្វ្រិក​ខាងជើង និង​ខាង​កើត ជប៉ុន​ នៅ​អាស៊ីអាគ្នេយ៍ ចំណែក​សហភាព​សូវៀត​ នៅ​តំបន់​អាស៊ី​កណ្តាល​ចាក់ចុះ​ទៅ​ទិស​ខាង​ត្បូងសំដៅ​ទៅ​មហាសមុទ្រ​ឥណ្ឌា។

សំណើនេះ​មិនត្រូវ​បាន​សហភាព​សូវៀត​​ទទួល​យក​ទាំងស្រុង​នោះទេ ដោយ​ស្តាលីន​ទាមទារ​ឲ្យ​ហ៊ីត្លែរ​កំណត់​ឲ្យបាន​ច្បាស់លាស់ អំពី​ការបែងចែក​​ដែន​ឥទ្ធិពល​ នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត ជាពិសេស ប្រទេស​ហ្វាំងឡង់ ប៊ុលហ្ការី និង​រូម៉ានី ដែល​​​អាល្លឺម៉ង់ និង​សហភាព​សូវៀត​កំពុងតែ​ប្រជែងគ្នា​កាន់កាប់។ ស្តាលីន​បាន​ផ្ញើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មីមួយ​ជា​សំណើតប​ទៅ​ហ៊ីត្លែរ​វិញ ក៏ប៉ុន្តែ ហ៊ីត្លែរ​មិនឆ្លើយតប ហើយ​ការចរចា​បង្កើត​បក្ស​សម្ព័ន្ធ​ចតុភាគី​ក៏​ត្រូវ​ជាប់គាំង។

នៅ​​ថ្ងៃ​ទី២២​ ខែ​មិថុនា ឆ្នាំ​១៩៤១ កងទ័ព​អាល្លឺម៉ង់​ក៏​បាន​បើក​ការ​វាយលុក​ចូល​ឈ្លានពាន​សហភាព​សូវៀត ក្នុង​ប្រតិបត្តិការ​ដែល​អាល្លឺម៉ង់​ដាក់​ឈ្មោះ​ថា “Barbarossa”។

ការឈ្លានពាន​របស់​អាល្លឺម៉ង់​ទៅលើ​សហភាព​សូវៀត​នៅពេលនោះ ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ប្រតិបត្តិការ​ឈ្លានពាន​ដ៏​ធំបំផុត នៅ​ក្នុងប្រវត្តិ​សឹកសង្រ្គាម​ពិភពលោក។ ទាហាន​អាល្លឺម៉ង់​ជាង ៣លាន​នាក់ ចែកចេញ​ជា ១៥០កងពលធំ អមដោយ​រថក្រោះ​ជាង ៤ពាន់គ្រឿង យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ជិត ៥ពាន់​គ្រឿង ព្រមទាំង​កាំភ្លើង​ធំ​ជាង ៧ពាន់​ដើម បាន​បើក​ការវាយលុក​​​ចូល​ទៅ​ក្នុង​ទឹកដី​សហភាព​សូវៀត នៅ​ក្នុង​សមរភូមិ​ដែល​បើក​មុខ​​រហូតដល់​ទៅ​ជិត​៣ពាន់​គីឡូម៉ែត្រ។

នៅ​មួយខែ​ដំបូង​ កងទ័ព​អាល្លឺម៉ង់​បាន​វាយលុក​ចូល​យ៉ាងជ្រៅ​ទៅ​ក្នុង​ទឹកដី​រុស្ស៊ី រហូត​ចូល​ទៅដល់​ទ្វារ​ក្រុង​ម៉ូស្គូ នៅ​​ដើមខែ​តុលា។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន រដូវ​ត្រជាក់​ក៏​ឈានចូល​មកដល់ ហើយ​​​កងទ័ពអាល្លឺម៉ង់​​ដែល​​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន ហើយ​មិនមាន​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់​នៃ​រដូវរងារ​រុស្ស៊ី​ក៏​ចាប់ផ្តើម​ធ្លាក់ចុះ​ខ្សោយ​ ហើយ​​​​​ត្រូវ​បាន​កងទ័ពរុស្ស៊ី ដែល​ជា​ម្ចាស់ស្រុក​វាយទប់ជាប់​​​មិន​ឲ្យ​ចូល​កាន់កាប់​​ក្រុងម៉ូស្គូ​បាន។

បន្ទាប់​ពី​បរាជ័យ​នៃ​ប្រតិបត្តិការ “តោសមុទ្រ” (Sealion) នៅ​អង់គ្លេស ប្រតិបត្តិការ “Barbarrossa” បាន​ក្លាយ​ជា​បរាជ័យ​ដ៏​ជូរចត់​មួយ​ទៀត​របស់​ហ៊ីត្លែរ នៅ​ក្នុង​សង្រ្គាម​លោក​លើកទី២។ ការឈ្លានពាន​លើ​សហភាព​សូវៀត ដែល​ហ៊ីត្លែរ​រំពឹង​ថា​នឹង​អាច​ទទួល​ជោគជ័យ​ឆាប់ៗ បាន​ក្លាយ​ជា​សង្រ្គាម ដែល​អូសបន្លាយពេល​រហូតដល់​ទៅ ៤ឆ្នាំ។ បរាជ័យ​នៃ​ប្រតិបត្តិការ “Barbarrossa” នៅ​សហភាព​សូវៀត​បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់​​​ត្រូវ​ប្រឈមមុខ​នឹង​សមរភូមិ​ពីរ​ទិស​ធំៗ​ក្នុងពេល​តែមួយ នៅពេល​ដែល​កងកម្លាំង​នៃ​ចលនាតស៊ូ​បារាំង រួមជាមួយ​នឹង​កងទ័ព​អង់គ្លេស និង​អាមេរិក ចាប់ផ្តើម​វាយបក​មក​លើ​ហ៊ីត្លែរ​វិញ នៅ​សមរភូមិ​អឺរ៉ុប​ខាង​លិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ