អានតួអត្ថបទ
អ៊ីរ៉ង់

ប្រទេស​មហាអំណាច​ព្រម​ចរចា​ជាមួយ​អ៊ីរ៉ង់​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ

ប្រទេស​មហាអំណាច​បាន​យល់ព្រម​បើក​កិច្ចចរចា​ឡើងវិញ​ជាមួយ​អ៊ីរ៉ង់ ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ។ កិច្ចចរចា​ កាល​ពី​លើកមុន​ ត្រូវ​ជាប់គាំង​ចាប់តាំង​ពី​ខែ​មករា ឆ្នាំ​២០១១មក។ ​លោក​អូបាម៉ា​បាន​លើកឡើង​ថា ការចរចា​នេះ​ប្រហែល​ជា​នឹង​អាច​​បិទមាត់​អ្នក​ទាមទារ​ឲ្យ​ប្រើ​កម្លាំង​យោធា​លើ​អ៊ីរ៉ង់​បាន​ខ្លះ។

អៀរ៉ង់​អះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ
អៀរ៉ង់​អះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ ©AFP
ផ្សាយពាណិជ្ជកម្ម

ប្រទេស​មហាអំណាច ដែល​ចូលរួម​ក្នុង​កិច្ចចរចា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់ រួមមាន សមាជិក​អចិន្រ្តៃយ៍​ទាំង៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ (អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី) បូក​ជាមួយ​នឹង​ប្រទេស​អាល្លឺម៉ង់ ដែល​គេ​ច្រើន​ហៅថា ក្រុមប្រទេស ៥ + ១។

សំណើសុំ​បើក​កិច្ចចរចា​ឡើងវិញ នៅពេលនេះ គឺ​ធ្វើឡើង​ដោយ​ភាគី​អ៊ីរ៉ង់ តាមរយៈ​លិខិត​ផ្ញើ​ទៅ​សហភាព​អឺរ៉ុប កាលពីថ្ងៃ​ទី១៤ ​ខែកុម្ភៈ ២០១២។ នៅថ្ងៃ​អង្គារ ម្សិលមិញ​នេះ លោកស្រី Cathrine Ashton ប្រមុខការទូត​សហភាព​អឺរ៉ុប បាន​ឲ្យដឹង​ថា ក្នុងនាម​ជា​តំណាង​ប្រទេស ៥+១ លោកស្រី​បាន​ផ្ញើ​លិខិត​មួយ​តប​ទៅ​អ៊ីរ៉ង់វិញថា ប្រទេស​មហាអំណាច​សុខចិត្ត​បើក​កិច្ច​ចរចា​ឡើងវិញ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគី​ពាក់ព័ន្ធ​នៅមិនទាន់​ឯកភាព​គ្នា ក្នុងការ​កំណត់​កាលបរិច្ឆេទ​ចរចា​នៅឡើយទេ។

គួររំឭកឡើងវិញ​ថា កិច្ចចរចា​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ជាច្រើន​លើក ហើយ​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំមកហើយ ប៉ុន្តែ តែងតែ​ជាប់គាំង​ម្តងហើយ ម្តងទៀត។ កិច្ចចរចា​លើកចុងក្រោយ ត្រូវ​បាន​បើកធ្វើ នៅ​ប្រទេស​តួកគី កាល​ពី​ខែមករា ឆ្នាំ​២០១១ ប៉ុន្តែ ត្រូវ​ជាប់គាំង​ទៅវិញ​ភ្លាមៗ ក្រោយ​ពី​អ៊ីរ៉ង់​បដិសេធ​មិន​ជជែក​អំពី​ការ​ផ្អាក​កម្មវិធី​ចម្រើន (បន្សុទ្ធ) ​ធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ជា​ចំណុចចម្រូងចម្រាស។

បន្ទាប់​ពី​ការចរចា​ នៅ​តួកគី ត្រូវ​ជាប់គាំង ប្រទេស​លោកខាងលិច​ក៏​បាន​នាំ​គ្នា​បង្កើន​ទណ្ឌកម្ម​លើ​​អ៊ីរ៉ង់។ ចុងក្រោយ អាមេរិក និង​សហភាព​អឺរ៉ុប បាន​ឯកភាពគ្នា​​​ដាក់​ទណ្ឌកម្ម​លើវិស័យ​ប្រេងកាត ដែល​ជា​ប្រភព​ចំណូល​ដ៏ធំបំផុត​របស់​​អ៊ីរ៉ង់។

នៅ​ក្នុង​ពេល​ដែល​ការចរចា​លើកនេះ នៅមិនទាន់​បាន​ចាប់ផ្តើម​នៅឡើយផង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង និង​អាល្លឺម៉ង់​បាន​នាំគ្នា​បង្ហាញ​នូវ​ទុទ្ទិដ្ឋនិយម​​រួចជាស្រេច។ គេសង្ស័យថា អ៊ីរ៉ង់​ទាមទារ​ចរចា​នៅពេលនេះ ដើម្បី​គ្រាន់តែ​​​ចង់ពន្យារពេល​ និង​បន្ធូរបន្ថយ​​ទណ្ឌកម្ម​​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក​​​អូបាម៉ា​វិញ​បាន​ថ្លែង​ថា ការចរចា​នេះ​អាច​នឹង​បិទមាត់​អ្នក​ដែល​ទាមទារ​ឲ្យ​វាយប្រហារ​លើ​អ៊ីរ៉ង់​បាន​ខ្លះៗ។

នៅពេលនេះ ព័ត៌មាន​ជុំវិញ​គម្រោង​របស់​អ៊ីស្រាអែល ដែល​ចង់​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​​កំពុង​កើតមាន​កាន់តែ​ខ្លាំងឡើងៗ។ កាលពីថ្ងៃចន្ទ នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល នៅ​សេតវិមាន លោក​អូបាម៉ា​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កុំឲ្យ​អ៊ីស្រាអែល​វាយប្រហារ​លើ​អ៊ីរ៉ង់ នៅពេលនេះ ដោយ​លើកឡើង​ថា ដំណោះស្រាយ​ដោយ​សន្តិវិធី (ចរចា និង​ទណ្ឌកម្ម) នៅមិនទាន់​ចូលដល់​ដំណាក់កាល​ទ័លច្រក​នៅឡើយទេ។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលវិញបានលើកឡើង​ថា អ៊ីស្រាអែល​នៅតែ​រក្សា​សិទ្ធិ​ក្នុង​ការ​សម្រេច​ដោយ​ខ្លួនឯង​ថា តើ​ត្រូវ​វាយប្រហារ​លើ​អ៊ីរ៉ង់​ ឬ​អត់?

ប្រសិនបើ​​ការចរចា​លើកនេះ​ត្រូវ​ជាប់គាំង​សាជាថ្មី​ម្តងទៀត លទ្ធភាព​នៃ​ការប្រឈមមុខ​ដោយ​យោធា ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ប្រាកដ​ជា​នឹង​​កើនឡើង​កាន់តែ​ខ្លាំង​ឡើង​មួយកម្រិត​ទៀត។ ហេតុដូច្នេះហើយ​បាន​ជា​គេយល់ថា ប្រទេស​ពាក់ព័ន្ធ​នឹង​ការចរចា​នេះ ទំនង​ជា​នឹង​សុខចិត្ត​ធ្វើ​សម្បទាន​ខ្លះៗ ដើម្បី​​យ៉ាងហោចណាស់​អាច​ឲ្យ​កិច្ចចរចានេះ​​បន្ត​ធ្វើ​ទៅមុខ ដោយ​មិន​ជាប់គាំង។

គួររំឭកឡើងវិញ​ថា អ៊ីរ៉ង់​គឺ​ជា​សមាជិក​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ។ អ៊ីរ៉ង់​មាន​សិទ្ធិ​អភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែរ​ ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ស៊ីវិល។ អ៊ីរ៉ង់​ក៏​មាន​កាតព្វកិច្ច​​បង្ហាញ​នូវ​តម្លាភាព​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ដែរ។ ក៏ប៉ុន្តែ អ៊ីរ៉ង់​បាន​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​សម្ងាត់ ដោយ​លាក់​មិន​ឲ្យ​​ទីភ្នាក់ងារ AIEA ដឹង រយៈពេល ១៨​ឆ្នាំ ដែល​ជា​ហេតុធ្វើ​ឲ្យ​គេ​សង្ស័យថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ គឺ​ធ្វើឡើង ក្នុងគោលដៅ​យោធា។

នៅឆ្នាំ​២០០៦ ក្រុមប្រឹក្សាសន្តិសុខ​​អ.ស.ប.​បាន​ចេញសេចក្តីសម្រេច​មួយ​បញ្ជា​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​រាល់​កម្មវិធី​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ទាំងអស់។ ក៏ប៉ុន្តែ អ៊ីរ៉ង់​​មិន​គោរព​តាម​សេចក្តីសម្រេច​នេះ។ ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជាច្រើន​លើក ក៏ប៉ុន្តែ ភាគច្រើន​ជា​ទណ្ឌកម្ម​ស្រាលៗ ដោយសារ​តែ​មាន​ការជំទាស់​ពី​សំណាក់​​រុស្ស៊ី និង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ