អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ស្ថានភាព​ពិភពលោក​មុន​សង្រ្គាម​លោក​លើកទី១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​ជូន​លោក​អ្នកនាង​ អំពី​ស្ថានភាព​ទូទៅ​របស់​ពិភពលោក នៅ​មុន​សង្រ្គាម​លោក​លើកទី១ ដោយ​ផ្តោត​ជាពិសេស ទៅលើ​ការ​ប្រជែង​គ្នា រវាង​មហាអំណាច​នៅ​អឺរ៉ុប។

គំនូរត្លុក​ស្តីពី​ចំណង​សម្ព័ន្ធភាព​ប្រទាក់ក្រឡា​គ្នា នៅមុន​សង្រ្គាម​លោក​លើកទី១
គំនូរត្លុក​ស្តីពី​ចំណង​សម្ព័ន្ធភាព​ប្រទាក់ក្រឡា​គ្នា នៅមុន​សង្រ្គាម​លោក​លើកទី១
ផ្សាយពាណិជ្ជកម្ម

 

នៅ​ចុង​សតវត្សរទី១៩ និង​ដើមសតវត្សរ៍​ទី២០ ប្រទេស​មហាអំណាច​ធំៗ ដែល​ត្រួតត្រា​ពិភពលោក ភាគច្រើន​ស្ថិត​នៅ​ក្នុង​តំបន់អឺរ៉ុប។ ក្រៅពីនេះ សុទ្ធសឹង​ជា​មហាអំណាច​បន្ទាប់​បន្សំ។

សហរដ្ឋ​អាមេរិក​ គឺ​ជា​មហាអំណាច​មួយ​ ដែល​ទើប​នឹង​ងើបមុខថ្មី ក៏ប៉ុន្តែ ជា​មហាអំណាច​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ហើយ​​មិនទាន់​មាន​កម្លាំង​ទ័ព​ខ្លាំងក្លា ជា​មហាអំណាច​ពិភពលោក​នៅឡើយទេ។ ម្យ៉ាងទៀត សហរដ្ឋ​អាមេរិក​​នៅពេលនោះ​​​ប្រកាន់​យក​នូវ​នយោបាយ​ឯកោនិយម និង​​គោលការណ៍​មិន​ធ្វើ​អន្តរាគមន៍​នៅក្រៅប្រទេស។ សហរដ្ឋ​អាមេរិក​គិតថា ខ្លួនមាន​សុវត្ថិភាព​ ដោយសារ​មាន​មហាសមុទ្រ​ធំៗ​ពីរ​នៅ​ការពារ​ទាំងសងខាង គឺ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ខាង​លិច និង​មហាសមុទ្រ​អាត្លង់ទិក នៅ​ខាង​កើត ដូច្នេះ​ ហើយ​បាន​ជា​​​មិនសូវ​ជា​រវីរវល់​នឹង​កិច្ចការ​នៅ​ក្រៅ​ទ្វីបអាមេរិក​ប៉ុន្មាន​នោះទេ។

សូមអាន៖ អាមេរិក​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស

នៅ​អាស៊ីវិញ ជប៉ុន​​ក៏​ជា​មហាអំណាច​ដែល​ទើប​នឹង​ងើបមុខ​ថ្មី​មួយដែរ ប៉ុន្តែ ផ្ទុយ​ពី​​សហរដ្ឋ​អាមេរិក ជប៉ុន​បាន​បោះបង់​ចោល​នយោបាយ​ឯកោនិយម​របស់​ខ្លួន ហើយ​ងាក​មក​ចាប់យក​នយោបាយ​អាណានិគម​និយម ដូចជា​បណ្តា​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប​ដែរ។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ ជប៉ុន​នៅ​ពេលនោះ គ្រាន់តែ​ជា​មហាអំណាច​ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ ដោយ​នៅ​​មិនទាន់​មាន​កម្លាំង​ទ័ព​ខ្លាំង​ក្លា ជា​មហាអំណាច​ពិភពលោក​​ដូចជា​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​នោះទេ។

សូមអាន៖ ចក្រភព​ជប៉ុន​ មហាអំណាច​អាណានិគម​តែមួយ​គត់​នៅ​អាស៊ី

នៅ​អឺរ៉ុប គេឃើញ​មាន​មហាអំណាច​ធំៗ​ចំនួន ៥ ដែល​​ប្រកួតប្រជែងគ្នា​ រហូត​ដល់​ឈាន​ទៅ​ផ្ទុះ​ជា​សង្រ្គាម​លោក​លើកទី១ គឺ​រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អូទ្រីសហុងគ្រី។

នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ ​មហាអំណាច​ធំជាងគេ​បំផុត គឺ​ចក្រភព​អង់គ្លេស ដែល​នៅ​ក្នុង​ចន្លោះ​សតវត្សរ៍ទី១៩ ដល់​ដើមសតវត្សរ៍ទី២០ គឺ​ជា​មហាអំណាច​ពិភពលោក​លំដាប់ទីមួយ ពោលគឺ ដូចទៅនឹង​​សហរដ្ឋ​អាមេរិក​ដែល​​ជា​មហាអំណាច​ពិភពលោក នៅ​ក្នុង​សតវត្សរ៍ទី២០ និង​ដើម​សតវត្សរ៍​ទី២១​នេះ​ដែរ។

សូមអាន៖ ការប្រជែង​ដណ្តើម​ដែនដី​អាណានិគម​រវាង​មហាអំណាច​អឺរ៉ុប

ក៏ប៉ុន្តែ នៅ​ចុងសតវត្សរ៍​ទី១៩ មហាអំណាច​ថ្មីមួយ​បាន​​ចាប់លេចមុខ​មក​ប្រជែង​ជាមួយ​នឹង​ចក្រភព​អង់គ្លេស គឺ​អាល្លឺម៉ង់។

នៅ​មុន​ឆ្នាំ​១៨៧០ អាល្លឺម៉ង់​មិនទាន់​ជា​ប្រទេស​រួបរួមគ្នា​មួយ​នៅឡើយទេ ដោយ​ត្រូវ​បែងចែក​ជារដ្ឋ​​ ​ដែល​​មាន​រចនាសម្ព័ន្ធដឹកនាំ​ដាច់ៗ​ពីគ្នា ដោយ​ក្នុងចំណោម​នោះ នគរ​ព្រុស្ស៊ី (Prusse/Prussia) គឺ​ជា​នគរ​ដែល​មាន​ទឹកដី និង​កម្លាំង​ទ័ពខ្លាំង​ជាងគេ។

អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ Wilhelm ទី១ តែងតាំង​ឲ្យ​ធ្វើ​ជា​​​អធិការបតី​ (នាយករដ្ឋមន្រ្តី) ព្រុស្ស៊ី នៅ​ឆ្នាំ​១៨៦២ គឺ​ជា​អ្នក​នយោបាយ​អភិរក្សនិយម ដែល​​មាន​ក្តីបំណង​​​​ចង់ឃើញ​អាល្លឺម៉ង់​រួបរួមគ្នា បង្កើត​ទៅជា​មហាអំណាច​ដ៏ធំមួយ។ ដើម្បី​សម្រេច​តាម​ក្តីបំណង​នេះ ប៊ីស្មាក់​បាន​រកឃើញ​យុទ្ធសាស្រ្ត​មួយ គឺ​បង្ក​សង្រ្គាម​ជាមួយ​បារាំង ដែល​ជា​គូសត្រូវ​រួម​របស់​គ្រប់ដែនដី​ទាំងអស់​របស់​អាល្លឺម៉ង់។ ភាព​ជា​សត្រូវ​ដែល​បាន​បន្សល់​ទុក តាំង​ពី​សម័យ​អធិរាជ​ណាប៉ូឡេអុង​ទី១ (ណាប៉ូឡេអុង បូណាប៉ាត)។ ប៊ីស្មាក់​​ក៏​បាន​គិត​ឃើញ​​ផងដែរ​ថា ដើម្បី​អាច​ដុត​បញ្ឆេះ​ចលនា​ជាតិ​និយម​អាល្លឺម៉ង់​​ឲ្យ​រួបរួមគ្នា​ច្បាំង​នឹង​បារាំង​បាន ចាំបាច់​ត្រូវ​តែ​ឲ្យ​ប្រជាជន​អាល្លឺម៉ង់​ទាំងអស់​មើលឃើញ​ថា បារាំង គឺ​ជា​អ្នក​ឈ្លានពាន​លើ​អាល្លឺម៉ង់។

សូមអាន៖ បារាំង​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​ណាប៉ូឡេអុង

ប៊ីស្មាក់​​ក៏​បាន​ចាប់ផ្តើម​​បង្ក​រឿងជាច្រើន​ជាមួយ​​បារាំង រហូត​ធ្វើ​ឲ្យ​អធិរាជ​ណាប៉ូឡេអុង​ទី៣ (ល្វីស ណាប៉ូឡេអុង) ប្រកាស​សង្រ្គាម​លើ​នគរព្រុស្ស៊ី នៅខែកក្កដា ឆ្នាំ​១៨៧០ ហើយ​ប៊ីស្មាក់​ក៏​បាន​ប្រមែរប្រមូល​រដ្ឋ​ទាំងអស់​របស់​អាល្លឺម៉ង់​ឲ្យ​ចង​ជា​សម្ព័ន្ធភាព ដើម្បី​ទប់ទល់​នឹង​សកម្មភាពដែល​ប៊ីស្មាក់​ហៅ​ថា​ជា​ "ការឈ្លានពាន​របស់​បារាំង"។​

កងទ័ព​អាល្លឺម៉ង់​បាន​យកឈ្នះ​បារាំង នៅ​ឆ្នាំ​១៨៧១ ហើយ​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​នេះ អាល្លឺម៉ង់​​​បាន​​រួបរួមគ្នា​បង្កើត​ជា​ចក្រភព​មួយឡើង ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ Wilhelm ទី១ និង​ដោយ​មាន​​អូតូ វ៉ុន ប៊ីស្មាក់ ជា​អធិការបតី ពោលគឺ ជា​ប្រមុខ​រដ្ឋាភិបាល។
 

អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) អធិការបតី​នៃ​ចក្រភព​អាល្លឺម៉ង់
អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) អធិការបតី​នៃ​ចក្រភព​អាល្លឺម៉ង់

នៅពេលនោះ ចក្រភព​អាល្លឺម៉ង់​ គឺ​ជា​មហាអំណាចដ៏ធំមួយ ខាង​ផ្នែក​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ក៏ប៉ុន្តែ អាល្លឺម៉ង់​​មាន​មហិច្ឆតា​ចង់​បានអ្វីៗ​លើសពីនេះ​ទៀត ដើម្បី​អាច​ក្លាយ​ជា​មហាអំណាច​ស្មើមុខ​​ជាមួយ​នឹង​មហាអំណាច​ផ្សេងទៀត ហើយ​អ្វី​ដែលមហាអំណាច​ផ្សេង​មាន តែ​អាល្លឺម៉ង់​មិន​ទាន់​មាន គឺ​ដែនដី​អាណានិគម។

ចក្រភព​អាល្លឺម៉ង់​មាន​មហិច្ឆតា​ចង់​​​​ក្លាយ​ជា​មហាអំណាច​អាណានិគម​ ដោយ​យល់ឃើញ​ថា ការវាតទី​ពង្រីក​ដែនដី​អាណានិគម​អាច​នឹង​ជួយ​ឲ្យ​អាល្លឺម៉ង់​ពង្រីក​ទីផ្សារ​​ និង​​​គ្រប់គ្រង​ធនធាន​ធម្មជាតិ​បាន​កាន់តែ​ច្រើន​ផង ព្រមទាំង​ធ្វើ​ឲ្យ​អាល្លឺម៉ង់​អាច​ក្លាយ​ជា​មហាអំណាច​ស្មើមុខ​នឹង​មហាអំណាច​អឺរ៉ុប​ផ្សេងទៀត​ផងដែរ។

អាល្លឺម៉ង់​ក៏​បាន​ចាប់ផ្តើម​ដាក់ចេញ​នូវ​នយោបាយ​វាតទី​ពង្រីក​ដែនដី​អាណានិគម​ ដោយ​ផ្តោត​ជា​ពិសេស​ទៅលើ​​តំបន់​អាហ្វ្រិក និង​តំបន់អាស៊ី​​ប៉ាស៊ីហ្វិក។ ការពង្រីក​ដែនដី​អាណានិគម​ ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ត្រូវ​មាន​វិវាទ​ជាមួយ​នឹង​មហាអំណាច​អាណានិគម​ចាស់ គឺ​បារាំង និង​អង់គ្លេស។

ការប្រកួតប្រជែងគ្នា រវាង​​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប ដែល​​​បាន​កើតមាន​ឡើង​កាន់តែ​ខ្លាំង ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក៏​បាន​ធ្វើ​ឲ្យ​​ប្រទេស​នីមួយៗ​ខិតខំ​ពង្រឹង​កម្លាំង​ទ័ព​រៀងៗ​ខ្លួន ហើយ​ការ​ប្រណាំង​ប្រជែង​ផ្នែក​សព្វាវុធ​បាន​កើតមាន​ឡើង​យ៉ាងពេញ​ទំហឹង ជាពិសេស គឺ​ការ​ប្រណាំង​ប្រជែង​សព្វាវុធ​ខាង​ទ័ព​ជើងទឹក រវាង​អាល្លឺម៉ង់ និង​អង់គ្លេស។

ព្រមពេល​ជាមួយគ្នា នឹង​ការ​ប្រណាំង​ប្រជែង​ខាង​សព្វាវុធ មហាអំណាច​នៅ​អឺរ៉ុប ក៏​បាន​ស្វះស្វែង​ចង​សម្ព័ន្ធមិត្ត​​នឹង​គ្នា​យ៉ាង​ប្រទាក់ក្រឡា​ផងដែរ។

សម្ព័ន្ធភាព​​​ទ្វេភាគី រវាងអាល្លឺម៉ង់ និង​អូទ្រីស​ហុងគ្រី ត្រូវ​​បាន​បង្កើតឡើង នៅ​​ឆ្នាំ​១៨៧៩ ហើយ ៣ឆ្នាំ​ក្រោយ​មក សម្ព័ន្ធភាពនេះ​បាន​ក្លាយ​ជា​សម្ព័ន្ធភាពត្រីភាគី​ ក្រោយ​ពីមាន​ការ​ចូលរួម​ពី​សំណាក់​អ៊ីតាលី។

ដើម្បីទប់ទល់​នឹង​អាល្លឺម៉ង់​និង​សម្ព័ន្ធមិត្ត​ បារាំង​ក៏​បាន​ទៅ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រទេស​ផ្សេងទៀត​ផងដែរ គឺ​សម្ព័ន្ធភាព​បារាំង-រុស្ស៊ី នៅ​ឆ្នាំ​១៨៩២ និង​សម្ព័ន្ធភាព​បារាំង-អង់គ្លេស នៅ​ឆ្នាំ​១៩០៤។ នៅ​ឆ្នាំ​១៩០៧ ក្រោយ​ពី​អង់គ្លេស និង​រុស្ស៊ី បាន​ចុះ​សន្ធិសញ្ញា​បង្កើត​សម្ព័ន្ធភាព​នឹង​គ្នា​ សម្ព័ន្ធភាពត្រីភាគី បារាំង-អង់គ្លេស-រុស្ស៊ី ក៏​បាន​ចាប់កំណើត​ឡើង។

សម្ព័ន្ធភាព​ទាំងពីរ​ក្រុម​ គឺ​អាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី និង​ បារាំង-អង់គ្លេស-រុស្ស៊ី​នេះ​ហើយ ដែល​ជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​សង្រ្គាម​លោក​លើកទី១ នៅ​ចន្លោះ​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ