អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ហេតុអ្វី​បានជា​អាហ្សង់ទីន​ត្រូវ​ប្រឈមមុខ​នឹង​ការ​ក្ស័យធន​ជា​លើក​ទី​ពីរ​នៅពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាហ្សង់ទីន​នៅសល់​ពេលតែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ដើម្បីចរចា​ជាមួយ​ម្ចាស់បំណុល​រក​ដំណោះស្រាយ​ឲ្យ​បាន​មុន​​​ពាក់កណ្តាល​អធ្រាត​ថ្ងៃ​ទី៣០​កក្កដា​នេះ បើ​មិនដូច្នោះ​ទេ អាហ្សង់ទីន​នឹង​ត្រូវ​ក្ស័យ​ធន​ជាលើកទី២ បន្ទាប់​ពី​ការ​​ក្ស័យធន​លើកទី១ កាល​ពី​ឆ្នាំ​២០០១។

ពាក្យស្លោក "កុំសងបំណុល" ត្រូវ​បាន​គេ​សរសេរ​នៅលើ​ជញ្ជាំង​មួយ​ក្នុងក្រុង Buenos Aires រដ្ឋធានី​របស់​អាហ្សង់ទីន
ពាក្យស្លោក "កុំសងបំណុល" ត្រូវ​បាន​គេ​សរសេរ​នៅលើ​ជញ្ជាំង​មួយ​ក្នុងក្រុង Buenos Aires រដ្ឋធានី​របស់​អាហ្សង់ទីន REUTERS/Marcos Brindicci
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​​មាន​ដំណើរ​ដើម​ហេតុអ្វី​ដែល​ជំរុញ​ឲ្យ​​អាហ្សង់ទីន​ត្រូវ​ធ្លាក់​ដល់​ដំណាក់កាល​ស្ទើរ​ក្ស័យធន​​សាជាថ្មី​នៅពេលនេះ?

វិបត្តិ​ដែល​អាហ្សង់ទីន​កំពុងជួបប្រទះ​នៅពេលនេះ គឺ​​ជាប់ទាក់ទង​ទៅនឹង​វិបត្តិ​ចាស់ កាល​​ពីពេល​ក្ស័យធន​លើកទី១ នៅ​​ឆ្នាំ​២០០១។

គួរបញ្ជាក់ថា ករណី​រដ្ឋក្ស័យធន​មិនមែន​ដូចករណី​ក្ស័យធន​របស់​ក្រុមហ៊ុនទេ។ ក្រុមហ៊ុន​នៅពេល​​ក្ស័យធន​ ​អាច​ត្រូវ​បិទទ្វារ​ឈប់​រកស៊ី ក្រុមហ៊ុន​ត្រូវ​រំលាយចោល ហើយ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​អាច​នឹង​ត្រូវ​តុលាការ​ប្រកាស​លក់​ឡាយឡុង ដើម្បីយក​លុយ​មក​សង​បំណុល។ ចំពោះ​ករណី​រដ្ឋ​ក្ស័យធន​វិញ គេមិនអាច​រំលាយ​រដ្ឋចោល ដើម្បី​យក​ទ្រព្យ​មក​លក់​ឡាយឡុង​សងបំណុល​បានទេ។ នៅពេលណា​ដែល​រដ្ឋក្ស័យធន ដំណោះស្រាយ​ដែល​គេតែងតែ​អនុវត្ត​ជា​លក្ខណៈទូទៅ នៅ​ទូទាំង​ពិភពលោក គឺ​ចរចា​ជាមួយ​ម្ចាស់បំណុល ដើម្បី​កាត់បន្ថយ​បំណុលមួយផ្នែក និង​ពន្យារពេល​សងបំណុល​ដែល​នៅ​សល់។ នេះ​ជា​អ្វី​ដែល​អាហ្សង់ទីន​បាន​ធ្វើ នៅ​ពេល​ក្ស័យធន កាល​ពី​ឆ្នាំ​២០០១ ដោយ​ម្ចាស់បំណុល​បាន​សុខចិត្ត​កាត់បន្ថយ​បំណុល​រហូតដល់​ទៅ​ជាង ៧០% ហើយ​បំណុល​ដែល​នៅ​សល់​ជិត ៣០%​ ទៀត​ត្រូវ​ពន្យារពេលសងរហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ក្ស័យធន កាល​ពី​ឆ្នាំ​២០០១​នោះ មិនមែន​ម្ចាស់​បំណុល​ទាំងអស់​របស់​អាហ្សង់ទីន​សុខចិត្ត​កាត់បន្ថយ​បំណុល​នោះទេ។ មាន​ម្ចាស់​បំណុល​មួយ​ផ្នែក​តូច (តិចជាង ១០%) បាន​បដិសេធ​មិន​កាត់បន្ថយ​បំណុល ហើយ​​ក្នុង​ចំណោម​នោះ មាន​មូលនិធិ​វិនិយោគ ២​របស់​អាមេរិក បាន​ប្តឹងផ្តល់​ទៅ​តុលាការ​ក្រុង​ញូវយ៉ក ដើម្បី​​​ទាមទារ​ឲ្យ​អាហ្សង់ទីន​សងបំណុល​ទាំងអស់​​។

តុលាការ​អាមេរិក​ក៏​បាន​កាត់​ឲ្យ​​មូលនិធិ​វិនិយោគ​ទាំង ២នេះ​ឈ្នះ ហើយ​បញ្ជា​ឲ្យ​អាហ្សង់ទីន​សងបំណុល​ទាំងអស់​ដែល​ជំពាក់​ដើមបណ្តឹង​នេះ ទាំងការ ទាំង​ដើម មាន​ចំនួន​ជាង ១ពាន់ ៣រយលាន​ដុល្លារ​អាមេរិក។

សំណួរ-តើ​តុលាការ​អាមេរិក​មាន​សិទ្ធិ​អំណាច​អ្វី​មក​បញ្ជា​អាហ្សង់ទីន​ ដែល​ជា​រដ្ឋ​អធិបតេយ្យ​បែបនេះ?
 
អាហ្សង់ទីន​ ដែល​ជា​រដ្ឋ​អធិបតេយ្យ មិនមាន​កាតព្វកិច្ច​ត្រូវ​តែ​ធ្វើ​តាម​តាម​សេចក្តីសម្រេច​របស់​តុលាការ​អាមេរិក​នេះ​ទេ។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់ថា នៅ​ក្នុង​សេចក្តីសម្រេច​នេះ តុលាការ​ក្រុងញូវយ៉ក​បាន​ដាក់​លក្ខខណ្ឌ​មួយ​ថា បើ​អាហ្សង់ទីន​មិន​សងបំណុល​មូលនិធិ​វិនិយោគ​របស់​អាមេរិក ដែល​ជា​ដើមបណ្តឹង​ក្នុង​រឿង​នេះ​ទេ អាហ្សង់ទីន​មិន​អាច​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ធនាគារ​អាមេរិក ដើម្បី​សងបំណុល​ម្ចាស់​បំណុល​ផ្សេងទៀត​បានទេ ពោលគឺ​ ម្ចាស់​បំណុល​ដែល​សុខចិត្ត​កាត់បន្ថយ​បំណុល​ជាង ៧០% ហើយ​ដែល​នៅ​សល់​ជិត ៣០% ទៀត ដែល​អាហ្សង់ទីន​ដល់​​កំណត់​ត្រូវ​សង​យ៉ាងយូរ​បំផុត ​នៅ​ត្រឹម​ថ្ងៃ​ទី៣០កក្កដា​​នេះ។
 
សំណួរ-បំណុល​ដែល​តុលាការ​អាមេរិក​បញ្ជា​ឲ្យ​​អាហ្សង់ទីន​សង​ទៅ​មូលនិធិ​វិនិយោគ​អាមេរិក​​​​មាន​តែ​ជាង​ ១ពាន់ ៣រយលាន​ដុល្លារ​ប៉ុណ្ណោះ។ តើ​អាហ្សង់ទីន​ពិត​ជា​មិនមាន​លុយសងមែន​ ឬ​ក៏​មិនចង់​សង?
 
នៅ​ក្នុងពេលបច្ចុប្បន្ន​នេះ អាហ្សង់ទីន​មាន​លុយ​បម្រុង ប្រហែល​ជា ២៨ពាន់​លាន​ដុល្លារ​អាមេរិក។ ដូច្នេះ ត្រឹម​លុយ​ ១ពាន់ ៣រយលាន​ដុល្លារ អាហ្សង់ទីន​មិនមែន​ថា​មិនមាន​លទ្ធភាព​សងទេ។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់ថា បើ​សិន​ជា​អាហ្សង់ទីន​សុខចិត្ត​សង​បំណុល​ទាំងអស់​​ទៅ​ឲ្យ​មូលនិធិ​វិនិយោគ​អាមេរិក​ទាំង ២​នេះ​ ម្ចាស់​បំណុល​ផ្សេងទៀត ដែល​កាល​ពី​ពេលក្ស័យធន​ឆ្នាំ​២០០១ មិនព្រម​ទទួល​ដំណោះស្រាយ​កាត់បន្ថយ​បំណុល ក៏​អាច​នឹង​នាំគ្នា​ចេញមុខ​មក​ប្តឹង​ផ្តល់​ទារ​សំណង​ទាំងអស់ដែរ។ កាន់តែ​គ្រោះថ្នាក់​ជាងនេះ​ទៅទៀត គឺ​សូម្បីតែ​ម្ចាស់បំណុល​ដែល​បាន​ព្រមព្រៀង​កាត់បន្ថយ​បំណុល​រួចហើយ​ក៏ដោយ ក៏​អាច​ងាក​មក​ទារ​បំណុល​ទាំងអស់​វិញ​បានដែរ ពីព្រោះ​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​កាត់បន្ថយ​បំណុល​នេះ គេ​បាន​ដាក់​ ខ មួយ​ថា អាហ្សង់ទីន​មិន​អាច​សង​បំណុលទៅ​ម្ចាស់​បំណុល​ដែល​មិនព្រម​កាត់បន្ថយ​បំណុល ក្នុងលក្ខខណ្ឌ​ហិរញ្ញវត្ថុមួយ​ល្អ​ជាង ម្ចាស់បំណុល​ដែល​សុខចិត្ត​កាត់បន្ថយ​​បំណុល​បានទេ។ ដូច្នេះ បើសិន​ជា​អាហ្សង់ទីន​សងបំណុល ១០០% ទៅ​ឲ្យ​មូលនិធិវិនិយោគអាមេរិក ដែល​មិនព្រម​កាត់បន្ថយ​បំណុល កិច្ចព្រមព្រៀង​កាត់បន្ថយ​បំណុល​​ដែល​អាហ្សង់ទីន​បាន​ចុះ​ជាមួយ​នឹង​ម្ចាស់​បំណុល​ផ្សេងទៀត​នឹង​ត្រូវ​លែង​មាន​សុពលភាព ហើយ​ម្ចាស់​បំណុល​ទាំងអស់​នោះ​អាច​នឹង​ទាមទារ​ឲ្យ​អាហ្សង់ទីន​សងបំណុល​ទាំងអស់​មកវិញ។ ក្នុងករណី​នេះ អាហ្សង់ទីន​ប្រាកដ​ជា​មិនមាន​លទ្ធភាព​សងទេ ពីព្រោះ​ថា បំណុល​ទាំងអស់​នេះ មាន​រហូតដល់​ទៅ​ជាង ១០០ពាន់​លាន​ដុល្លារ​អាមេរិក។
 
សំណួរ-តើ​វិបត្តិ​នៅ​អាហ្សង់ទីន​នេះ អាច​នឹងបង្ក​ផលវិបាកអ្វីខ្លះ​?
 
វិបត្តិ​នេះ​អាច​នឹង​បង្ក​ផលប៉ះពាល់ធ្ងន់ធ្ងរ​ទៅដល់​អាហ្សង់ទីន​ផ្ទាល់។ សេដ្ឋកិច្ច​អាហ្សង់ទីន​​មិនទាន់​ងើបចេញ​ពី​វិបត្តិ​ចាស់​ស្រួលបួល​ផង ហើយ​​បច្ចុប្បន្ន​កំពុង​​ប្រឈមមុខ​នឹង​បញ្ហា​អតិផរណា​ខ្ពស់​ផង។ ដូច្នេះ វា​អាច​នឹង​បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត។

ក៏ប៉ុន្តែ ក្រៅពី​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាហ្សង់ទីន អ្វី​ដែល​តុលាការ​អាមេរិក​បាន​សម្រេច ទៅលើ​ករណី​បំណុល​អាហ្សង់ទីន​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពា​ល់​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ទាំងមូល ជាពិសេស ប៉ះពាល់​ទៅដល់​ទម្លាប់​ជា​អន្តរជាតិ ដែល​គេ​តែងតែ​អនុវត្ត ក្នុងករណី​​រដ្ឋក្ស័យធន។ បញ្ហា​ដែល​អាច​នឹង​ចោទឡើង គឺនៅត្រង់ថា ប្រសិនបើ​ទៅថ្ងៃ​អនាគត ប្រទេស​ណា​មួយ​ត្រូវ​ក្ស័យធន ដែល​ចាំបាច់​ត្រូវ​ចរចា​ជាមួយ​ម្ចាស់​បំណុល ដើម្បី​រក​ដំណោះស្រាយ តើ​ម្ចាស់​បំណុល​ណា​សុខចិត្ត​កាត់បន្ថយ​បំណុល ឬ​ពន្យារពេល​ទទួល​សំណង បើ​គេ​រំពឹង​ថា គេ​នៅតែ​អាច​ប្តឹងផ្តល់​ទាមទារ​យក​បំណុល​ទាំងអស់​មកវិញ ដូចករណី​អាហ្សង់ទីន​នេះ?

ដូច្នេះហើយ​បាន​ជា​លោកស្រី Christine Lagarde អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​លើកឡើង​ថា ប្រសិនបើ​អាហ្សង់ទីន​ពិត​ជា​ត្រូវ​ក្ស័យធន​លើកនេះ​មែន គេចាំបាច់​ត្រូវ​តែ​សើរើ​មើល​ឡើងវិញ​នូវ​យន្តការដោះស្រាយ​បញ្ហា​រដ្ឋ​ក្ស័យធន ដែល​គេ​តែងតែ​អនុវត្ត​ពីពេលមុនៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ