តើមេដឹកនាំខ្មែរក្រហមថ្នាក់ណាដែលតុលាការអាចយកមកកាត់ទោសបាន?

ក្រោយពីការចរចាយ៉ាងស្វិតស្វាញរវាងរដ្ឋាភិបាលកម្ពុជា និងអ.ស.ប. ដោយឆ្លងកាត់ការជាប់គាំងជាច្រើនលើកច្រើនសា ទីបំផុត តុលាការខ្មែរក្រហមបានចាប់ផ្តើមកើតរូបរាងជាផ្លូវការ នៅឆ្នាំ២០០៤។ តើតុលាការនេះមានសមត្ថកិច្ចជំនុំជម្រះលើបុគ្គលណាខ្លះ?
តុលាការខ្មែរក្រហម មានឈ្មោះជាផ្លូវការថា “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ”។ តុលាការនេះ ក៏តែងតែត្រូវបានគេហៅផងដែរថាជា “តុលាការកូនកាត់” ពីព្រោះវាមិនចំជាតុលាការជាតិ ហើយមិនចំជាតុលាការអន្តរជាតិ។ ច្បាប់ដែលគេយកមកអនុវត្ត គឺជាច្បាប់ព្រហ្មទណ្ឌជាតិរបស់កម្ពុជាផង និងច្បាប់អន្តរជាតិផង។ ចៅក្រម និងព្រះរាជអាជ្ញាវិញក៏មានសមាសភាពចម្រុះកម្ពុជា និងអន្តរជាតិដែរ។
តើតុលាការនេះមានសមត្ថកិច្ចជំនុំជម្រះលើបុគ្គលណាខ្លះ? ហើយចំពោះបទឧក្រិដ្ឋអ្វីខ្លះ?
មាត្រា ២ នៃច្បាប់ស្តីពីការបង្កើតតុលាការខ្មែរក្រហម បានកម្រិតដែនកំណត់នៃសមត្ថកិច្ចរបស់តុលាការនេះ ទាំងសមត្ថកិច្ចទាក់ទងនឹងប្រភេទនៃបទឧក្រិដ្ឋ ទាំងកាលវេលាដែលបទឧក្រិដ្ឋត្រូវបានប្រព្រឹត្ត និងទាំងជនដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ។
សមត្ថកិច្ចទាក់ទងនឹងប្រភេទបទល្មើស
គេអាចចែកបទឧក្រិដ្ឋ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការខ្មែរក្រហមជាពីរប្រភេទ គឺបទឧក្រិដ្ឋថ្នាក់ជាតិ និងបទឧក្រិដ្ឋអន្តរជាតិ។
បទឧក្រិដ្ឋថ្នាក់ជាតិ គឺសំដៅលើរាល់បទឧក្រិដ្ឋទាំងឡាយណា ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ រួមមាន បទមនុស្សឃាត ការធ្វើទារុណកម្ម និងការរំលោភបំពានលើសាសនា។
ចំណែកបទឧក្រិដ្ឋអន្តរជាតិ រួមមាន៖
- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិ ឆ្នាំ១៩៤៨។
- ឧក្រិដ្ឋកម្មសង្រ្គាម ដែលមានចែងក្នុងអនុសញ្ញាទាំងបួន អនុម័តនៅឆ្នាំ១៩៤៩ នៅទីក្រុងហ្សឺណែវ។
- ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមានចែងក្នុងអនុសញ្ញាក្រុងរ៉ូម ឆ្នាំ១៩៩៨ ស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ។
- បទឧក្រិដ្ឋបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលមានចែងក្នុងអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤។
- បទឧក្រិដ្ឋប្រឆាំងនឹងមន្រ្តីការទូត ដែលទទួលបាននូវការការពារពីសំណាក់អនុសញ្ញាក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត។
សមត្ថកិច្ចទាក់ទងនឹងកាលវេលា
ក៏ប៉ុន្តែ បទឧក្រិដ្ឋទាំងប៉ុន្មានខាងលើនេះ ចូលក្នុងដែនសមត្ថកិច្ចរបស់តុលាការខ្មែរក្រហម លុះត្រាតែអង្គហេតុបានកើតឡើង នៅក្នុងចន្លោះ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ពោលគឺ ក្នុងចន្លោះពេលដែលខ្មែរក្រហមកាន់អំណាចនៅកម្ពុជា។
សមត្ថកិច្ចទាក់ទងនឹងប្រភេទជនល្មើស
បុគ្គលដែលអាចនឹងត្រូវនាំយកមកកាត់ទោស ដោយតុលាការខ្មែរក្រហមនេះមានតែពីរប្រភេទប៉ុណ្ណោះ៖
- ទីមួយ មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ៖ សំដៅទៅលើអតីតមេដឹកនាំខ្មែរក្រហមទាំងឡាយណា ដែលបានកាន់តំណែងកំពូលៗ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដូចជា ខៀវ សំផន (អតីតប្រមុខរដ្ឋ) នួន ជា (អតីតប្រធានរដ្ឋសភា និងជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា) អៀង សារី (អតីតឧបនាយករដ្ឋមន្រ្តី) និង អៀង ធីរិទ្ធិ (អតីតរដ្ឋមន្រ្តី) ជាដើម ដែលពេលនេះ ត្រូវបានតុលាការខ្មែរក្រហមកំពុងធ្វើការជំនុំជម្រះ។
- ទីពីរ ជនទាំងឡាយណា ដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះរាល់ឧក្រិដ្ឋកម្មទាំងប៉ុន្មានខាងលើ៖ សំដៅទៅលើជនទាំងឡាយណា ដែលថ្វីដ្បិតតែមិនបានកាន់តំណែងកំពូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យក៏ពិតមែន ក៏ប៉ុន្តែ មានការទទួលខុសត្រូវខ្ពស់ ចំពោះបទឧក្រិដ្ឋ ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលនោះ។
គឺការកំណត់ជនល្មើសប្រភេទទីពីរនេះហើយ ដែលជាបញ្ហាស្មុគស្មាញ។ តើអតីតកម្មាភិបាលខ្មែរក្រហមកម្រិតណា ដែលអាចចាត់បញ្ចូលក្នុងចំណោម “ជនដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម ក្នុងរបបខ្មែរក្រហម”? រហូតមកទល់ពេលនេះ បុគ្គលដែលស្ថិតក្នុងប្រភេទទីពីរ ហើយដែលត្រូវតុលាការខ្មែរក្រហមយកមកកាត់ទោស គឺ មានតែ កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង មួយប៉ុណ្ណោះ។ ក៏ប៉ុន្តែ សំណួរចោទឡើងថា បើ ឌុច ដែលមានមុខងារត្រឹមជាអតីតមេគុកទួលស្លែង ត្រូវតុលាការយកមកកាត់ទោសបាន ចុះមេគុកខ្មែរក្រហមផ្សេងទៀត ដែលមានរាប់សិប នៅទូទាំងប្រទេស តើតុលាការអាចយកមកកាត់ទោសបានដែរឬទេ? តើមានអតីតកម្មាភិបាលខ្មែរក្រហមប៉ុន្មាននាក់ ដែលត្រូវប្រឈមមុខនឹងការកាត់ទោស? តើការចោទប្រកាន់នឹងត្រូវធ្វើទៅដល់ត្រឹមណាទើបបញ្ចប់?
ទាំងនេះហើយ ដែលកំពុងជាបញ្ហាចម្រូងចម្រាស ក្នុងដំណើរការរបស់តុលាការខ្មែរក្រហម នាពេលបច្ចុប្បន្ន ដូចដែលយើងឃើញ ក្នុងសំណុំរឿង ០០៣ និង០០៤ ជាឧទាហរណ៍ស្រាប់។
តាមនីតិវិធីព្រហ្មទណ្ឌកម្ពុជា គឺព្រះរាជអាជ្ញា ដែលមានសិទ្ធិសម្រេចកំណត់ជនសង្ស័យ ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេត។ ដូច្នេះ ក្នុងតុលាការខ្មែរក្រហម គឺសហព្រះរាជអាជ្ញា ដែលជាអ្នកកំណត់ថា បុគ្គលណាស្ថិតក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់នៃកម្ពុជាប្រជាធិបតេយ្យ (ជនល្មើសប្រភេទទី១) ហើយបុគ្គលណាស្ថិតក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះបទឧក្រិដ្ឋដែលប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ជនល្មើសប្រភេទទី២) ដែលត្រូវយកមកជំនុំជម្រះ។ ក៏ប៉ុន្តែ សហព្រះរាជអាជ្ញានៃតុលាការខ្មែរក្រហម មានពីររូប គឺមួយរូបជាព្រះរាជអាជ្ញាខ្មែរ និងមួយរូបជាព្រះរាជអាជ្ញាបរទេស។ សំណួរចោទឡើងថា ចុះបើសហព្រះរាជអាជ្ញាទាំងពីររូបនេះមានយោបល់ផ្ទុយគ្នា តើគេត្រូវដោះស្រាយវិវាទនេះដោយរបៀបណា?
នីតិវិធីដោះស្រាយវិវាទក្នុងការកំណត់ជនសង្ស័យ
មាត្រា ២០ នៃច្បាប់ស្តីពីការបង្កើតតុលាការខ្មែរក្រហម ចែងថា នៅក្នុងករណីដែលសហព្រះរាជអាជ្ញាមានយោបល់ខ្វែងគ្នា សហព្រះរាជអាជ្ញាទាំងពីរ ឬសហព្រះរាជអាជ្ញាណាមួយក៏បានដែរ អាចដាក់ពាក្យប្តឹងទាស់ទៅអង្គបុរេជំនុំជម្រះដើម្បីសម្រេចសេចក្តី។ បណ្តឹងទាស់នេះត្រូវដាក់ជូនទៅអង្គបុរេជំនុំជម្រះក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ចាប់ពីពេលមានយោបល់ផ្ទុយគ្នា បើមិនដូច្នោះទេ មានន័យថា សហព្រះរាជអាជ្ញាទាំងពីរមានយោបល់ស្របគ្នា ហើយនីតិវិធីដែលកំពុងដំណើរការនឹងត្រូវបន្តធ្វើតទៅមុខទៀត។
អង្គបុរេជំនុំជម្រះមានចៅក្រម៥រូប រួមមាន ចៅក្រមខ្មែរ៣រូប និងចៅក្រមបរទេស២រូប។ រាល់សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះនេះអាចធ្វើទៅបានលុះត្រាតែមានសំឡេងគាំទ្រយ៉ាងតិច៤សំឡេង។ សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ពោលគឺ គូវិវាទមិនអាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះបានទេ។
ក្នុងករណីដែលអង្គបុរេជំនុំជម្រះមិនអាចរកសំឡេងគាំទ្រគ្រប់៤សំឡេងទេនោះ ការចោទប្រកាន់នឹងត្រូវធ្វើបន្ត។ ឧបមាថា សហព្រះរាជអាជ្ញាមានយោបល់ផ្ទុយគ្នាក្នុងការកំណត់ជនសង្ស័យឈ្មោះ “ក” ដោយព្រះរាជអាជ្ញាមួយរូបថា ត្រូវធ្វើការចោទប្រកាន់ ឯមួយទៀតមិនយល់ស្រប។ សហព្រះរាជអាជ្ញាដែលមិនយល់ស្របប្តឹងទាស់ទៅអង្គបុរេជំនុំជម្រះ ដើម្បីដោះស្រាយវិវាទនេះ ក៏ប៉ុន្តែ អង្គបុរេជំនុំជម្រះមិនអាចរកសំឡេងភាគច្រើន ដើម្បីសម្រេចសេចក្តីបាន។ ក្នុងករណីនេះ ការចោទប្រកាន់លើបុគ្គល “ក” នឹងត្រូវបន្តធ្វើ។
នីតិវិធីនេះនឹងត្រូវអនុវត្តដូចគ្នា ចំពោះករណីវិវាទរវាងសហចៅក្រមស៊ើបអង្កេត។
និយាយជារួម តុលាការខ្មែរក្រហមប្រកាន់យកនូវគោលការណ៍មួយថា រាល់ការចោទប្រកាន់ ឬការស៊ើបអង្កេត ដែលកំពុងដំណើរការ ត្រូវតែបន្តទៅមុខជាប់រហូត។ គេអាចបញ្ឈប់នីតិវិធីនេះបាន លុះត្រាតែសហព្រះរាជអាជ្ញាទាំងពីររូប ឬសហចៅក្រមស៊ើបអង្កេតទាំងពីររូបឯកភាពគ្នាថាបញ្ឈប់ ឬត្រូវមានសំឡេងភាគច្រើន នៅក្នុងអង្គបុរេជំនុំជម្រះ សម្រេចឲ្យបញ្ឈប់។ ការអនុវត្តន៍យកគោលការណ៍បែបនេះ គឺដើម្បីចៀសវាងការជាប់គាំងក្នុងនីតិវិធីតុលាការ។
ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង យើងសង្កេតឃើញថា ការជាប់គាំងនៅតែកើតមាន គឺកើតមានតាំងពីក្នុងដំណាក់កាលតែងតាំងសហព្រះរាជអាជ្ញា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ