អានតួអត្ថបទ
មូលបត្រ

តើ​អ្វីទៅ​ជា​ពន្ធ​លើ​ការ​ជួញដូរ​ផលិតផល​ហិរញ្ញវត្ថុ?

កាលពីថ្ងៃសុក្រ ៦មករា កន្លងទៅនេះ លោកនីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារាំង បាន​ប្រកាស​ថា បារាំង​នឹង​បង្កើត​ពន្ធ​លើ​ការ​ជួញដូរ​ផលិតផល​ហិរញ្ញវត្ថុ​តែ​ម្នាក់ឯង ទោះបី​ប្រទេស​ផ្សេងទៀត ក្នុង​សហភាព​អឺរ៉ុប​មិន​ឯកភាពគ្នា​ក៏ដោយ។ ការ​បង្កើត​ពន្ធ​នេះ​អាចនឹង​ជា​សំណុំរឿង​ចម្បង​មួយ ក្នុង​ជំនួប​រវាង​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ថ្ងៃ​ចន្ទ​នេះ។ តើ​ពន្ធ​លើ​ផលិតផល​ហិរញ្ញវត្ថុ​គឺ​ជា​អ្វី? បង្កើត​ដើម្បី​អ្វី?

សង្កាត់​ហិរញ្ញវត្ថុ នៅទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស
សង្កាត់​ហិរញ្ញវត្ថុ នៅទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស (Photo : Wikimedia)
ផ្សាយពាណិជ្ជកម្ម

គំនិតបង្កើតពន្ធលើការជួញដូរផលិតផលហិរញ្ញវត្ថុបានចាប់កំណើតឡើង កាលពីឆ្នាំ១៩៧២ ពី​សេដ្ឋវិទូអាមេរិកម្នាក់ គឺលោកជេមស៍ តូប៊ីន (James Tobin) សាស្រ្តាចារ្យសេដ្ឋកិច្ច នៅ​សកលវិទ្យាល័យ Yale និងសកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) និង​ជា​ជ័យលាភី​ពានរង្វាន់​ណូបែលសេដ្ឋកិច្ច នៅឆ្នាំ១៩៨១។ ហេតុដូច្នេះហើយទើបគេនាំគ្នាប្រសិទ្ធិនាមថា “ពន្ធតូប៊ីន”។

តាមគំនិតពីដំបូង លោកតូប៊ីន ចង់ឲ្យបង្កើតពន្ធនេះ ទៅលើតែទីផ្សាររូបិយវត្ថុតែប៉ុណ្ណោះ។ គោលដៅចម្បង គឺដើម្បីកម្រិតសកម្មភាពជួញដូរបែប Speculative ដែលជាដើមចម បង្ក​ឲ្យ​មានអស្ថិរភាពនៅក្នុងទីផ្សារប្តូរប្រាក់អន្តរជាតិ។ ចំណែកលុយដែលបានពីការប្រមូលពន្ធនេះ គេអាចយកទៅប្រើប្រាស់ជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ។ ក្រោយមក គំនិត​របស់​លោក​តូប៊ីន ត្រូវបានគេយកទៅពង្រីកបន្តទៅលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដូចជា ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវេទីវ (Derivatives) ជាដើម។

ការយកពន្ធលើផលិតផលហិរញ្ញវត្ថុ មានន័យថា នៅពេលដែល​មាន​ការទិញលក់​ផលិតផល​ហិរញ្ញវត្ថុ (រូបិយវត្ថុបរទេស ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវាទីវ ជាដើម) គេត្រូវ​បង់ពន្ធតាមអត្រាមួយកំណត់ (០,១% ០,៥% ឬ១% នៃតម្លៃផលិតផល) ដូចក្នុងករណី​ទិញលក់​ផលិតផល នៅលើទីផ្សារធម្មតាដែរ។

ជាទូទៅ គេសង្កេតឃើញថា ការទិញដូរស្ទើតែគ្រប់មុខទំនិញតែងតែមានពន្ធ។ សូម្បីតែ​ការទិញ​ចំណីអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបង់ពន្ធដែរ គឺពន្ធលើតម្លៃបន្ថែម។ ចំណែកការទិញដូរផលិតផលហិរញ្ញវត្ថុវិញ មិនត្រូវបានគេយកពន្ធនោះទេ ដែលជាហេតុ​ធ្វើឲ្យ​មានការរិះគន់ថា ជារឿងមិនយុត្តិធម៌។ អ្នកក្រីក្រតូចតាចគ្រាន់តែទិញម្ហូបអាហារ​ក៏ត្រូវ​បង់​ពន្ធ។ ចំណែកឯអ្នកជួញដូរផលិតផលហិរញ្ញវត្ថុ ដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារ បែរជាមិនបង់ពន្ធទៅវិញ។

វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិប្រាក់បំណុលអឺរ៉ុប នៅពេលបច្ចុប្បន្ននេះ បានធ្វើឲ្យចលនា​គាំទ្រ​ពន្ធលើផលិតផលហិរញ្ញវត្ថុកើតមានកាន់តែខ្លាំងឡើងថែមទៀត។ អ្នកដែលគាំទ្រ ដូចជានៅបារាំង ជាដើម យល់ថា ពន្ធនេះមិនត្រឹមតែអាចជួយរក្សាស្ថិរភាពហិរញ្ញវត្ថុនោះទេ ប៉ុន្តែ លុយដែលបានពីការប្រមូលពន្ធនេះអាចនឹងជួយកាត់បន្ថយឧនភាពថវិការបស់រដ្ឋ​ទៀតផង។

គណៈកម្មការអឺរ៉ុបបានស្នើឲ្យបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ នៅក្នុងក្របខ័ណ្ឌសហភាព​អឺរ៉ុប​ទាំងមូល។ សំណើនេះបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសអាល្លឺម៉ង់ បារាំង និង​អ៊ីតាលី។ ក៏ប៉ុន្តែ អង់គ្លេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យហិរញ្ញវត្ថុ បានជំទាស់​យ៉ាង​ដាច់អហង្ការ។

កាលពីថ្ងៃសុក្រ លោកនីកូឡា សាកូហ្ស៊ី បានប្រកាសថា បារាំងនឹងបង្កើតពន្ធលើ​ផលិតផល​ហិរញ្ញវត្ថុ​តែម្នាក់ឯង ទោះបីគ្មានការឯកភាពគ្នាក្នុងសហភាពអឺរ៉ុបក៏ដោយ។ ក៏ប៉ុន្តែ អាល្លឺម៉ង់ និងអ៊ីតាលីវិញហាក់ដូចជាមិនចង់ដើរតាមផ្លូវរបស់លោកសាកូហ្ស៊ីនេះទេ ដោយនៅ​ទទូច​ទាមទារ​ឲ្យមានពន្ធ ក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប ឬយ៉ាងហោចណាស់ ក្នុងក្របខ័ណ្ឌប្រទេស​ចាយ​លុយអឺរ៉ូ (១៧ប្រទេស)។

គេបារម្ភថា ប្រសិនបើពន្ធលើផលិតផលហិរញ្ញវត្ថុមិនត្រូវបង្កើតនៅគ្រប់ប្រទេសទេនោះ អ្នក​ជួញដូរ​ផលិតផលហិរញ្ញវត្ថុនឹងរត់ចេញពីប្រទេសមានពន្ធ ទៅរកស៊ីនៅក្នុង​ប្រទេស​ដែល​អត់​ពន្ធ។ ក្នុងករណីនេះ ប្រទេសដែលបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុនឹងត្រូវ​ទទួលរង​នូវ​ការ​ខូចខាត​ខ្លាំង។ ប្រាក់ចំណូលមកពីការប្រមូលពន្ធក៏បានតិច។ មូលធនក៏ត្រូវហូរចេញទៅកាន់​ប្រទេស​ផ្សេង។ ការបិទទ្វារឈប់រកស៊ីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក៏អាចបណ្តាលឲ្យ​ប្រជាជន​បាត់បង់ការងារធ្វើ។ ស្ថិរភាពហិរញ្ញវត្ថុក៏មិនប្រាកដថាអាចធានាបាន ព្រោះ បើ​វិបត្តិ​ហិរញ្ញវត្ថុកើតឡើងនៅប្រទេសផ្សេង វានៅតែអាចរាលដាលមកដល់វិញជាដដែល។

បទពិសោធន៍ជូរចត់នេះ ប្រទេសស៊ុយអែតធ្លាប់បានឆ្លងកាត់រួចមកហើយ។ កាលពីឆ្នាំ១៩៨៤ ស៊ុយអែតបានសម្រេចបង្កើតពន្ធលើការជួញដូរភាគហ៊ុន ដោយកំណត់អត្រា ០,៥%។ ក៏ប៉ុន្តែ គ្រាន់តែប៉ុន្មានសប្តាហ៍ក្រោយការបង្កើតពន្ធនេះ សកម្មភាពជួញដូរមូលបត្រនៅស៊ុយអែត​បាន​ធ្លាក់ចុះរហូតដល់ទៅ ៨៥%។ លុយដែលបានពីការប្រមូលពន្ធនេះ ដែលពីដំបូង​គេ​ប៉ាន់ប្រមាណ​ថានឹងអាចបាន ១ ៥០០លាន ក្នុងមួយឆ្នាំ ទីបំផុត បានត្រឹមតែ ៥០លាន​ប៉ុណ្ណោះ។ រដ្ឋាភិបាលស៊ុយអែតក៏បានសម្រេចលុបពន្ធនេះចោលវិញ នៅឆ្នាំ១៩៩១។

នៅពេលនេះ ប្រទេសធំៗមួយចំនួន ដូចជា អាមេរិក អង់គ្លេស កាណាដា ចិន និងឥណ្ឌា ជាដើម សុទ្ធតែប្រឆាំងនឹងការបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ