អានតួអត្ថបទ
ស៊ីរី-ស.រ.អា.

វ៉ាស៊ីន​តោន​​លែង​​បដិសេធ​​ពី​​លទ្ធភាព​​បំពាក់​​អាវុធ​​ដល់​​ពួក​​ប្រឆាំង​​ស៊ីរី​​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ឧសភា​ម្សិលមិញ លោក ប្រធានាធិបតី អាមេរិក​បារ៉ាក អូបាម៉ា បាន​លើក​ឡើង​អំពី​លទ្ធភាព​បំពាក់​អាវុធ​ដល់​ពួក​ប្រឆាំង​នឹង​លោក​ ប្រធានាធិបតីស៊ីរី Bachar al-Assad។ គឺ ​ជា​លើក​ទី​មួយ​ ដែល​ទីក្រុង​វ៉ាស៊ីនតោន បាន​ថ្លែង​​យ៉ាងច្បាស់ទែង ​​ពី​​វិធានការ​បែប​នេះ។ ប៉ុន្តែ សហរដ្ឋអាមេរិក នៅ​តែ​ប្រកាន់​ជំហរ​ប្រុងប្រយ័ត្នជានិច្ច នៅ​លើ​​សេចក្តី​​ជូនដំណឹង​របស់​ខ្លួន ដោយយោងតាម​​សេចក្តីថ្លែង​របស់​​លោក Chuck Hagel រដ្ឋ​មន្ត្រី​ការពារ​ជាតិអាមេរិក ដែល​បាន​បានគូសបញ្ជាក់ថា” អាមេរិក​នៅ​ពុំ​ទាន់​មាន​​សេចក្តី​សម្រេចចិត្ត​ណា​មួយ​នៅ​ឡើយទេ​​​ក្នុង​ពេល​នេះ”។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Chuck Hagel
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Chuck Hagel
ផ្សាយពាណិជ្ជកម្ម

ជា​ជំហាន​តូច​មួយ​សំរាប់​អាមេរិក តែក៏ប្រហែល​ជា​ជំហាន​ដ៏ធំ​មួយ​សំរាប់​ក្រុម​អ្នក​ប្រឆាំង​នៅ​ស៊ីរី។ ការ​ដឹក​ជញ្ជូន​អាវុធ​ទៅ​ឲ្យ​ក្រុម​អ្នក​បះបោរ​គឺ​ជា​រឿង​មួយ​ដែល​ពុំ​ទាន់​មាន​ប្រទេស​លោក​ខាង​លិច​ណា​មួយ​ ហ៊ាន​ប្រថុយ​ប្រថាន​ធ្វើ​តែ​ម្នាក់ឯង​នោះ​ឡើយ។

ពីអំណើះ​ទៅ សហរដ្ឋអាមេរិក សន្យា​ថា​នឹង​បំពាក់​អាវុធ​ដល់​ក្រុម​អ្នក​បះបោរ​ស៊ីរី ប៉ុន្តែ អាមេរិក​ក៏​ពុំ​មែន​ធ្វើ​តែ​ម្នាក់​ឯង​គត់​នោះ​​ទេ។ ពីព្រោះ​សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​បង្អស់​នឹង​ត្រូវ​ធ្វើ​ឡើង​​ដោយ​មាន​ការ​ចូល​រួម​សហការណ៍​ពីសំណាក់​ដៃគូ​អឺរ៉ុប។

នេះ​ ជា​ការ​ផ្លាស់​ប្តូរ​មួយ​នៅ​ក្នុង​ទស្សវិស័យ​អាមេរិក ប៉ុន្តែ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Chuck Hagel បាន​គូស​បញ្ជាក់​ភ្លាមៗ​ថា” ការ​ជូន​ដំណឹង​របស់​អាមេរិក​នេះ ពុំមែន​មាន​ន័យ​ថា អាមេរិក​ចង់​បំពាក់​អាវុធ​ឲ្យ​ពួក​ឧទ្ទាម​ភ្លាមៗ​នោះ​ឡើយ។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​ជំហរ​ថ្មី​​របស់​អាមេរិក​នៅ​ពេល​នេះ បាន​បំផុស​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ជាពិសេស​នៅ​ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក មាន​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​ប្រើ​អាវុធ​គីមី ពី​សំណាក់​របប​ស៊ីរី នៅ​ក្នុង​សង្គ្រាម​ជាមួយ​ក្រុម​ឧទ្ទាម។

សហរដ្ឋអាមេរិក​នៅ​ក្នុង​​សប្តាហ៍​នេះ បាន​ប្រកាស​ថា​ខ្លួន​មាន​ភស្តុតាង​ជា​ច្រើន​ ស្តីពី​ការ​ប្រើ​អាវុធ​គីមី​នៅ​ស៊ីរី។​ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក អូបាម៉ា នៅ​តែ​មាន​ជំហរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​សម្រេចចិត្ត​មិនធ្វើ​សេចក្តី​សន្និដ្ឋាន ណា​មួយ​ដោយ​ប្រញាប់ប្រញាល់​ឡើយ។​

ជំហរ​ថ្មី​របស់​វ៉ាស៊ីនតោន ពុំ​មាន​លក្ខណៈ​ធំ​ដុំ​ក៏​ពិត​មែន ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​​អាមេរិក​ងាក​ចេញ​ពី​ក្លឹប​អ្នក​ប្រកែក​មិន​ព្រម​បំពាក់​អាវុធ​ពួក​ឧទ្ទាម ឆ្លង​ចូល​មក​ដល់​ក្លឹប​អ្នក​ទីទើរ​ដូច​ជា​ប្រទេស​បារាំង​និង​អង់គ្លេស​ដែរ។

នៅ​ក្នុង​ទឹកដី​ស៊ីរី​វិញ​នៅ​ខណៈ​ដែល​ការ​វាយ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​ស៊ីរី​និង​ពួក​ឧទ្ទាម​នៅ​តែ​បន្ត​នោះ ជា​លើក​ទី​មួយ​ដែរ មាន​ការ​ផ្ទុះ​អាវុធ​នៅ​ក្នុង​ក្រុង Banias​ ដែល​ភាគ​ច្រើន​ជា​សហគមន៍​អ៊ីស្លាម Alaouite របស់​លោក​ប្រធានាធិបតី​ស៊ីរី Bachar al-Assad កាលពី​ម្សិលមិញ ។ ការ​ផ្ទុះ​អាវុធ​នេះ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៥០​នាក់ ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ពួក​ឧទ្ទាម​ស៊ីរី បាន​បរិហារ​ថា ជា​ការ​សម្លាប់​យ៉ាង​រង្គាល​នៅ​ក្នុង​ភូមិ​មួយ​របស់​សហគមន៍​ភាគ​តិច​ស៊ុននីតនៅក្នុងប្រទេស៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ