អានតួអត្ថបទ
ស៊ីីរី​

អាមេរិកសង្ស័យ​​រដ្ឋាភិបាល​លោក​អាសាដ​ថា​ បាន​ប្រើ​អាវុធគីមី​សម្លាប់​មនុស្ស​ជាថ្មី​ទៀត​

នៅថ្ងៃ​ចន្ទ​​​ម្សិលមិញ រដ្ឋាភិបាល​អាមេរិក​បាន​​ប្រកាស​ថា មាន​វត្ថុធាតុ​ផ្សេងៗអាច​ថា ជា​សារធាតុ​ក្លរ ​បញ្ជាក់ថា រដ្ឋាភិបាល​ស៊ីរី​​​ បាន​ប្រើប្រាស់​​​អាវុធ​គីមីមាន​​ជាតិ​តុកស៊ិក សម្លាប់​មនុស្ស​​ជាថ្មី​ទៀត ក្នុង​ខែ​មេសា​នេះ​ ​នៅ​​​ក្នុងភូមិ​មួយ ​ដែល​សំបូរ​ក្រុមឧទ្ទាម និង​ក្រុមប្រឆាំង។ ​​ការចោទប្រកាន់​នេះ ធ្វើឡើងចំពេល​រដ្ឋាភិបាល​ស៊ីរី​កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​​ក្រុងហ្សឺណែវ ​ដែល​មាន​ទិសដៅ​កំទេច​អាវុធ​គីមី​ស៊ីរី​ អោយបានចប់​សព្វគ្រប់​នៅថ្ងៃ​៣០មិថុនា​ខាងមុខ។ 

ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់ អាសាដ (អាវ​ប្រផេះ​) ចុះ​ទៅ​ក្រុង​ Maaloula ស្ថិត​នៅ​ភាគ​ឥសាន​​​ក្រុង​ដាម៉ាស កាលពី​ថ្ងៃ​អាទិត្យ​២០មេសា។
ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់ អាសាដ (អាវ​ប្រផេះ​) ចុះ​ទៅ​ក្រុង​ Maaloula ស្ថិត​នៅ​ភាគ​ឥសាន​​​ក្រុង​ដាម៉ាស កាលពី​ថ្ងៃ​អាទិត្យ​២០មេសា។ EUTERS / SANA / Document via Reuters
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ​នេះ ​សេតវិមាន​​​អាមេរិក​បាន​ប្រាប់​ថា​ ​អ្នកជំនាញ​​អាមេរិក​​​បាន​ពិនិត្យ​សិក្សា​លើ​សារធាតុ​​​ផ្សេងៗ​។ ​សារធាតុ​ទាំង​នោះ អាច​ជា​សារធាតុ​ក្លរ មាន​ជាតិ​តុកស៊ិក។ អាមេរិក​សង្ស័យ​ថា ​រដ្ឋាភិបាល​លោក​អាសាដ បាន​ប្រើប្រាស់​សារធាតុ​តុកស៊ិកទាំង​​នេះ​​ ​ដើម្បី​​​វាយប្រហារ ក្នុង​ភូមិ​ Kafarzita ​ក្បែរ​​ភាគកណ្តាល​ស៊ីរី ​ជាភូមិ​សំបូរ​ក្រុមឧទ្ទាម​​ និង​សកម្មជន​របស់​ក្រុមប្រឆាំង​ស៊ីរី។ កាលពី​ថ្ងៃ​អាទិត្យ​ ប្រធានាធិបតី​បារាំង​បាន​ប្រកាស​ដែរថា មាន​សារធាតុខ្លះៗ​ តែ​បារាំងគ្មាន​ភស្តុតាងបង្ហាញ​ថា ​មាន​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ីរីទេ។

 
យោងតាម​សម្ព័ន្ធ​ប្រឆាំងស៊ីរី កងទ័ព​ស៊ីរី​​​ប្រហែល​ជា​បាន​ប្រើ​អាវុធ​គីមី យ៉ាងហោច​ក៏​៩ដង​ដែរ តាំង​ពី​ដើមឆ្នាំ​២០១៤​មក​ ហើយ​សម្រាប់​ខែ​មេសា​នេះ កងទ័ព​បាន​​វាយ​ប្រហារ​​ដោយ​អាវុធគីមី​ ដល់​ទៅ​៦ដង ធ្វើ​អោយ​​​មាន​មនុស្សស្លាប់ និង​របួស​ជាង​១០នាក់ ដោយសារ​ឈ្លក់​ថប់​ដង្ហើម។ សម្ព័ន្ធ​ស៊ីរី​បន្ថែម​​ថា មាន​​ការ​ទំលាក់គ្រាប់​បែក​ ដែល​មានទ្រង់ទ្រាយ​ដូច​ជាប្រេង​សាំង​បំផ្ទុះ ពោរពេញ​ទៅដោយ​សារធាតុ​ក្លរ ដែល​គេ​ប្រើ​ប្រាស់​ក្នុង​សម័យ​​សង្គ្រាម​​លោក​លើកទី១​នោះ។ សារធាតុ​តុកស៊ិក​នេះ បំផ្លាញ​ផ្លូវដង្ហើម ហើយ​អាច​ធ្វើអោយ​មនុស្ស​ថប់​ដង្ហើម​ស្លាប់​បាន។ ​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​បាន​សុំ​អោយ​អង្គការ​ហាមឃាត់​អាវុធ​គីមី​ ដែល​ទទួលបន្ទុក​កំទេច​អាវុធ​គីមី​នៅ​ស៊ីរី​នោះ ​ធ្វើការ​ស៊ើប​អង្កេត​​​​បញ្ហា​នេះ។ ទូរទស្សន៍​ផ្លូវការ​ស៊ីរី​បាន​ទទួលស្គាល់ថា ​មាន​ការប្រើប្រាស់សារធាតុ​​បែបនោះ​ ​នៅ​​ភូមិ​​​​ Kafar-zita មែន​ តែ​​បាន​ទំលាក់​កំហុស​ទៅលើ​ក្រុម​ជីហាដ អាល់ណូស្រា ​ដែល​ជាប់​ពាក់ព័ន្ធ​​នឹង​ក្រុម​អាល់កៃដា។ រដ្ឋាភិបាល​ស៊ីរី ​ធ្លាប់​បាន​ចោទ​​ក្រុម​ឧទ្ទាម​នេះ​ ពី​បទ​បាន​ប្រើប្រាស់​សារធាតុ​តុកស៊ិក​​សារ៉ាំង ​​កាលពីខែ​សីហា​ ឆ្នាំ​មុន​ដែរ ប៉ុន្តែ​ អាមេរិក និងបារាំង​មិន​បាន​ជឿតាម​នោះទេ។ ​ គួររំលឹក​​ថា ​កាលពី​​​ខែ​សីហាឆ្នាំ​២០១៣ ជាយក្រុង​ដាម៉ាស​បាន​រងការ​វាយប្រហារ​ដោយ​អាវុធគីមី ជាតិ​សារ៉ាំង​ សម្លាប់​មនុស្ស​ប្រមាណ​១៥០០នាក់។

ដើម្បីចៀសវាង​ការ​វាយប្រហារ​យោធា​ពី​សំណាក់​ប្រទេស​លោក​ខាងលិច កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៣ ​រដ្ឋាភិបាល​ស៊ីរី​បាន​យល់ព្រម​​កំទេច​អាវុធ​គីមី​ ក្នុងប្រទេស​ អោយ​រួចរាល់​នៅ​ដំណាច់ខែ​មិថុនា​ខាងមុខ​នេះ។ ​ដោយឡែក សារធាតុ​ក្លរ​ដែល​អាមេរិក​សង្ស័យ​ថា កងទ័ព​លោក​អាសាដ បាន​ប្រើប្រាស់​​សម្លាប់​មនុស្ស​ក្នុង​ខែ​មេសា​នេះ ​ មិនមាន​ចែង​ក្នុង​បញ្ជី​អាវុធ​គីមី​​​ដែលត្រូវ​កំទេចនៅ​ស៊ីរី​ទេ។

នៅ​ស៊ីរីដែរ ​សភា​ស៊ីរី​​​​និង​លោក​អាសាដ ​​ ​​​គ្រោង​អោយ​មាន​​​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​៣មិថុនា​ ខាងមុខ។ ក្រុម​ប្រឆាំង​ស៊ីរី និង​ប្រទេស​​លោក​ខាងលិច​​​បរិហារ​ថា នេះជា​ឆាកសម្តែង​ប៉ុណ្ណោះ។ បារាំងលើកឡើង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គ្មាន​តម្លៃ​និងភាព​​​គួរអោយ​ជឿជាក់​​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ