អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា-ថៃ​បន្ត​សង្គ្រាម​សម្តី​ជុំវិញ​ទីតាំង​វត្ត​កែវសិក្ខាគិរីស្វារៈ

ក្រសួងការបរទេស​កម្ពុជា​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយទៀត នៅថ្ងៃទី១កុម្ភៈនេះ ដើម្បីពន្យល់ និង​បង្ហាញ​ភស្តុតាងផ្លូវច្បាប់​ទាំងឡាយ​ដែល​បញ្ជាក់ថា វត្ត​កែវសិក្ខាគិរីស្វារៈ​គឺ​ពិតជា​ស្ថិតនៅ​លើដែន​អធិបតេយ្យរបស់​កម្ពុជា​យ៉ាង​ច្បាស់លាស់។ ទន្ទឹមគ្នា​នេះ​ដែរ សេចក្តីថ្លែងការណ៍​នេះ ក៏ជា​ឱកាស​មួយ​របស់​កម្ពុជា ក្នុង​ការ​បញ្ជាក់​ប្រាប់​ទៅ​ពិភពលោក​ថា កម្ពុជា​ត្រៀម​ការពារ​បូរណភាព​ដែនដី​របស់​ខ្លួន ក្នុងពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ​គំរាម​ធ្វើ​សង្គ្រាម​ប្រឆាំង​កម្ពុជា។

ទង់ជាតិខ្មែរ​ដោត​នៅ​លើ​ក្លោងទ្វារ​វត្ត​កែវសិក្ខា​គិរីស្វារៈ នៅក្បែរ​ប្រាសាទ​ព្រះវិហារ
ទង់ជាតិខ្មែរ​ដោត​នៅ​លើ​ក្លោងទ្វារ​វត្ត​កែវសិក្ខា​គិរីស្វារៈ នៅក្បែរ​ប្រាសាទ​ព្រះវិហារ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

ក្នុងរយៈពេល​តែ​៥​ថ្ងៃ​សោះ កម្ពុជា​ត្រូវ​ធ្វើ​សេចក្តីថ្លែងការណ៍​រហូត​ដល់​ទៅ​២​ដង ដើម្បី​ពន្យល់​ប្រាប់​រដ្ឋាភិបាល​ថៃ​ថា វត្ត​កែវ​សិក្ខាគិរីស្វារៈ ពិតជា​ស្ថិត​នៅលើ​បូរណភាព​ដែនដី​កម្ពុជា។ សេចក្តីថ្លែងការណ៍​ទី​មួយ​ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​ធ្វើ​ឡើង នៅពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វេចាជីវ៉ា​ ស្រែក​ទាមទារ​អោយ​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តាម​រយៈ​សារព័ត៌មាន មន្ត្រី​រដ្ឋាភិបាល​ថៃ​បាន​អត្ថាធិប្បាយ​បន្ទោស​កម្ពុជា​ផង​ថា កម្ពុជា​មិនគួរ​ធ្វើ​សេចក្តីថ្លែងការណ៍​នេះ​ដែល​បង្កើត​អោយ​មាន​បរិយាកាស​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​ការ​ចរចា។ រដ្ឋាភិបាល​ថៃ​ក៏​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ កាល​ពី​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ ​ប្រាប់​អោយ​កម្ពុជា​ដក​ទង់ជាតិ​កម្ពុជា​ចេញ​ពី​វត្ត​កែវ​សិក្ខាគិរីស្វារៈ និងថា​អោយ​កម្ពុជា​រុះរើ​វត្តនេះ​ចេញ​ទៀត។ ថៃ​ប្រើ​ភាសា​នេះ រឹតតែធ្វើអោយកម្ពុជា​រុល​ទៅមុខ បន្ត​ស្រែក​ប្រាប់​ថៃ​ថា កម្ពុជា​បាន​ដោត​ទង់ជាតិ​របស់​ខ្លួន​នៅក្នុង​វត្ត​ដែល​ត្រូវ​បាន​សាងសង់​នៅលើ​ទឹកដី​ខ្លួន។

នៅក្នុង​សេចក្តីថ្លែងការណ៍​ទី​២​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​លើក​យក​ខ្លឹមសារ​គតិយុត្ត​លម្អិត​​ជាង​សេចក្តីថ្លែងការណ៍​ទី​មួយ​មកបង្ហាញ ដែល​រួមមាន​អនុសញ្ញា​បារាំង-សៀម​១៩០៤ និង​១៩០៧ ព្រមទាំង​អង្គហេតុ​យ៉ាងច្រើន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ឆ្នាំ​១៩៦២។ ភស្តុតាង​ទាំងអស់​នេះ​បញ្ជាក់ថា វត្ត​កែវសិក្ខាគិរីស្វារៈ​​​ស្ថិត​នៅក្នុង​ទឹកដី​កម្ពុជា​យ៉ាងច្បាស់​ ស្របតាម​ច្បាប់។ ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថែមទៀត​ថា កម្ពុជា​ក៏​នឹង​មិន​ផ្លាស់​ទីតាំង​វត្តនេះ​ទៅទីណា​ផ្សេងទៀត​ឡើយ ហើយ​នឹង​បន្ត​ដោត​ទង់ជាតិ​នៅលើ​វត្ត​នេះ។

ទោះ​យ៉ាងណា​ក្តី ក្រសួង​ការបរទេស​កម្ពុជា​បាន​បង្ហាញ​ជំហរ​ដោះស្រាយបញ្ហា​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ថៃ តែ​បាន​បញ្ជាក់​យ៉ាងម៉ឺងម៉ាត់​ថា កម្ពុជា​រក្សាសិទ្ធិការពារអធិបតេយ្យ និង​បូរណភាព​ទឹកដីខ្លួន ក្នុង​ពេល​ដែលនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីតបានគំរាមធ្វើសង្គ្រាម​ប្រឆាំង​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ