អានតួអត្ថបទ
រុស្ស៊ី-បារាំង

រុស្ស៊ី​​ថា​​បារាំង​​ព្រម​​ប្រគល់​​នាវា​​ចម្បាំង តែ​​បារាំង​​ថា​​មិន​ទាន់​​សម្រេច​​ចិត្ត

លោកឌ្មីទ្រីរ៉ូហ្កូស៊ីនឧបនាយក​រដ្ឋមន្ត្រីរុស្ស៊ីទទួល​បន្ទុក​ឧស្សាហកម្ម​យោធា បាន ថ្លែង​ថា​ នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ទី១​ធុន Mistralនឹង​ត្រូវ​បារាំង​ប្រគល់​មកឲ្យ​រុស្ស៊ី នៅ​ថ្ងៃ​១៤​វិច្ឆិកា ហើយ​ថែមទាំង​គូស​បញ្ជាក់ថាភាគីរុស្ស៊ីបាន​ទទួល​សេចក្តី​អញ្ជើញទៅហើយឲ្យ​វត្តមាន​ក្នុង​ពិធី​នេះ។ ប៉ុន្តែ តាម​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង លោក​ប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ នឹង​អារកាត់​រឿង​ប្រគល់ ឫ​មិន​ប្រគល់ នាវា​ចម្បាំង​នេះ គឺ​ក្នុង​ខែ​វិច្ឆិកា​ផ្ទាល់។ មូលហេតុ គឺ​អាស្រ័យ​នឹង​ដំណើរ​វិវឌ្ឍន៍ នៃ​វិបត្តិ​នៅ​អ៊ុយក្រែន។

នាវា​ ចម្បាំង​ Vladivostok​ ដែល​បារាំង​​កសាង​ និង​លក់​ទៅ​ឲ្យ​រុស្ស៊ី  ​ចត​នៅ​កំពង់ផែ​ការដ្ឋាន​សំណង់​នាវា Saint-Nazaire
នាវា​ ចម្បាំង​ Vladivostok​ ដែល​បារាំង​​កសាង​ និង​លក់​ទៅ​ឲ្យ​រុស្ស៊ី ​ចត​នៅ​កំពង់ផែ​ការដ្ឋាន​សំណង់​នាវា Saint-Nazaire Reuters/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

គឺ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១១ ដែល​រុស្ស៊ី បាន​ចុះ​កិច្ចសន្យា​ទិញ​ពីបារាំង នាវា​ផ្ទុក ឧទ្ធម្ភាគចក្រ​ធុន Mistral ពីរ​គ្រឿង ក្នុង​តម្លៃ​សរុប ១.២០០លាន​អឺរ៉ូ។ ស្រប​នឹង​កិច្ចសន្យា បារាំង ត្រូវ​ប្រគល់​នាវា​នោះ ១គ្រឿង​ដំបូង មក​ឲ្យ​រុស្ស៊ី គឺ នៅ​ខែ​តុលា​ឆ្នាំ​២០១៤។ ហើយ​នាវា​ទី២ នឹង​ត្រូវ​ប្រគល់​មក គឺ​មុន​ដំណាច់​ឆ្នាំ​ក្រោយ ឆ្នាំ២០១៥។ ក្នុង​គោលដៅ​នេះ ស្រប​នឹង​ចំណុច ជាក់លាក់ ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា ភាគី​រុស្ស៊ី​ថែមទាំង បាន​បញ្ជូន​នាវិក​ខ្លួន​ចំនួន ៣៦០នាក់ ទៅ​ទទួល ការ​បណ្តុះបណ្តាល នៅ​ឯការដ្ឋាន Saint-Nazaire នៃ​ប្រទេស​បារាំង ខាង​សាងសង់​នាវា​នោះ ដើម្បី​រៀនចេះ​ប្រើ​វា។

 
ប៉ុន្តែ ក្នុង​បរិបទ​នៃ​ទណ្ឌកម្ម​បស្ចិមលោក​ ទល់​នឹង​រុស្ស៊ី ដែល​ជាប់​ចោទ ក្នុង​ការ​បង្ក​ឲ្យ​មាន​វិបត្តិ នៅ​អ៊ុយក្រែន រដ្ឋាភិបាល​បារាំង ដោយ​សាមគ្គី​ជាមួយ ទណ្ឌកម្ម​នេះ ក៏បាន​សម្រេច ព្យួរទុក សិន បញ្ហា​ផ្ទេរ​នាវា​ចម្បាំង​នោះ​មក​ឲ្យ​រុស្ស៊ី។ ព្រម​ជាមួយ​នេះ ក្រុង​ប៉ារីស​តែង​ថ្លែង​ថា នឹង ឲ្យ​ភ្លើងខៀវ ដល់​ការ​ប្រគល់​នេះ ដរាប​ណា​ក្រុង​ម៉ូស្គូ​ចេះ​កែប្រែ​ឥរិយាបថ លុះ​ទាល់​តែ ស្ថានការណ៍​នៅ​អ៊ុយក្រែន​បាន​ធូរស្រាល​វិញ។

ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ នៃ​ការ​ព្យួរទុក​បញ្ហា​ប្រគល់​នាវា​នោះ ភាគី​រុស្ស៊ី ក្រើន​រំលឹក​បារាំង​ថា បើ​មិន​ព្រម​ប្រគល់​ទេ គឺ​ត្រូវ​សង​មក​នូវ ថ្លៃ​បង់ខាត​ ដែល​រង​ទទួល​ដោយ​រុស្ស៊ី។ ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ទី​នេះ បង្ហើប​ឲ្យ​ដឹង​ថា ចំពោះ​ការ​មិន​បំពេញ​តាម​កិច្ចសន្យា បារាំង អាច​សង​ថ្លៃ​បង់ខាត​នោះ យ៉ាង​ហោច​ណាស់ ១.០៥០លានអឺរ៉ូ។ ក្រុង​ម៉ូស្គូ ក៏​ដៀមដាម ឲ្យ ក្រុង​ប៉ារីស​ថា ស្រាប់​តែ​បាត់ ភាព​ម្ចាស់ការណ៍​ខ្លួន​ឯង ហើយ​លង់​ខ្លួន ទៅ​ខ្លប​តាម​សម្ពាធ ពី​ខាង​ក្រុង​វ៉ាស៊ីនតោន ហេតុ​ដែល អាច​នាំ​ឲ្យ​បារាំង ខូច​ឈ្មោះ លែង​ជា​ដៃគូ​ជំនួញ​ដ៏​ទុកចិត្ត។

នាវា Mistral ជា​នាវា​ប្រើ​បាន​ច្រើន​យ៉ាង ដោយ​វា​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ចម្បាំង ចំនួន​១៦គ្រឿង រថក្រោះ​៤០គ្រឿង យោធា​៩៩០នាក់ បើកបរ​ដោយ​ក្រុមនាវិក ២៤៣នាក់។ បើ​រុស្ស៊ី​ទទួល​មែន នៅ​ថ្ងៃ​១៤វិច្ឆិកា​ខាង​មុខ នាវា​នោះ​ដែល​ប្រសិទ្ធិនាម​ថា Vladivostok ជា ឈ្មោះ​ក្រុង​ផែ​រុស្ស៊ី​នៅ​ចុងបូព៏ា គឺ នឹង​ចូល​ខ្លួន​ទៅ​បម្រើ ក្នុង​កង​នាវា​រុស្ស៊ី ប្រចាំ​នៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ