ថ្នាក់ដឹកនំាជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ទៅទស្សនកិច្ចនៅប្រទេសចិន

លោក Jang Song-Thaek កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាថ្ងៃអង្គារ ទី១៤ សីហានេះ ។ លោក Thaek គឺជាឥស្សរជនជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ និងក៏ជាឪពុកមារបស់អគ្គមគ្គុទ្ទេសក៍ គីម យ៉ុងអុនដ៏មានឥទ្ធិពលម្នាក់ដែរ។ ទស្សនកិច្ចរបស់លោក Thaek នៅចិនបានផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នេះបើយោងតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការក្នុងទីក្រុងប៉េកំាង។
ប្រធានបទជាអាទិភាពនៅក្នុងរបៀបវារៈនៃកិច្ចចរចាថ្ងៃដំបូង ទីក្រុងប៉េកំាង និងព្យុងយ៉ាងបាននិយាយផ្តោតសំខាន់លើការអភិវឌ្ឍន៍នៅតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរស្ថិតនៅក្នុងទឹកដីកូរ៉េខាងជើង។ តំបន់សេដ្ឋកិច្ចពិសេសដែលកូរ៉េខាងជើងសង្ឃឹមថា នឹងអាចអូសទាញក្រុមអ្នកវិនិយោគបរទេស ពិសេសពីប្រទេសចិនតែម្តង តាមរយៈការបន្ធូរបន្ថយពន្ធដារ និងកម្លំាងពលកម្មថោក។
ការដែលរបបក្រុងព្យុងយ៉ាងបានបញ្ជូនលោក Jang Song-Thaek ឲ្យទៅចរចារឿងសេដ្ឋកិច្ចជាមួយចិនពេលនេះក៏មិនមែនជារឿងមួយចៃដន្យទេ ព្រោះថា ទីមួយ លោក Thaek គឺជាឪពុកមារបស់អគ្គមគ្គុទ្ទេសក៍ គីម យ៉ុងអុន និងទីពីរ រូបលោក Thaek ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថា គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងជួរថ្នាក់ដឹកនំាកូរ៉េខាងជើងបច្ចុប្បន្ន។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគក៏បានមើលឃើញថា លោក Thaek គឺជាអ្នកកំណែទម្រង់ម្នាក់ដែលកំពុងចាប់អារម្មណ៍យ៉ាងខ្លំាងអំពីនយោបាយអភិវឌ្ឍលឿនយ៉ាងរហ័សនៅក្នុងប្រទេសចិននារយៈពេល ២០ឆ្នំាចុងក្រោយនេះ។
គួរជម្រាបជូនថា ចិនគឺសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង និងដែលជានិច្ច ជាកាលបានព្យាយាមជម្រុញកូរ៉េខាងជើងឲ្យយកគំរូតាមខ្លួននៅក្នុងការអភិវឌ្ឍន៍ប្រទេស។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន គ្រូនៅទាន់អាចជំនះកូនសិស្សម្នាក់នេះឲ្យដើរតាមផ្លូវរបស់ខ្លួននៅឡើយទេ។
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនំាជាន់ខ្ពស់កូរ៉េខាងជើងទៅកាន់ប្រទេសចិនពេលនេះបានធ្វើឡើង ចំពេលដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូនបានសម្តែងក្តីបារម្ភរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ ពីការផ្ទុះចេញនូវវិបត្តិមនុស្សធម៌នៅកូរ៉េខាងជើង ក្រោយពីបានរងគ្រោះដោយទឹកជំនន់ និងការបាក់ដីកាលពីខែកក្កដាកន្លងទៅ។
សូមជម្រាបជូនថា កូរ៉េខាងជើងដែលធ្លាប់បានស្គាល់គ្រោះទុរ្ភិក្សក្នុងទសវត្សឆ្នំា ៩០ និងដែលបានបណ្តាលឲ្យមានមនុស្សស្លាប់រាប់សិបពាន់នាក់នោះ បាននិងកំពុងបន្តរងគ្រោះដោយការខ្វះអាហារជារៀងរាល់ថ្ងៃនាពេលបច្ចុប្បន្ន។ កាលពីខែវិច្ឆិកាកន្លងទៅ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មានប្រជាជនកូរ៉េខាងជើងរហូតដល់ទៅ ៣លាននាក់ ក្នុងចំណោមប្រជាជនសរុប ២៤លាននាក់ កំពុងត្រូវការជំនួយស្បៀងអាហារជាបន្ទាន់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ