អានតួអត្ថបទ
ឥណ្ឌា-ជប៉ុន

នាយករដ្ឋមន្រ្តី​ឥណ្ឌា​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន​ដើម្បី​ពង្រឹង​វិស័យ​សេដ្ឋកិច្ច

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍ ទី៣០ សីហា​នេះ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ម៉ូឌី​អាច​នឹង​ឆ្លៀតឱកាស​ដែល​លោក​កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ​ដើម្បី​ពង្រឹង​បន្ថែម​លើ​វិស័យ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី២ និង​ទី៣​នៅ​ក្នុង​ទ្វីបអាស៊ី។ ទន្ទឹម​គ្នា​នេះ ការ​រឹតចំណង​មិត្តភាព​រវាង​ឥណ្ឌា និង​ជប៉ុន​ក៏​ដើម្បី​ប្រឆំាង​ទប់​នឹង​កំណើន​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ដែរ។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារ៉េនដ្រា ម៉ូឌី
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ណារ៉េនដ្រា ម៉ូឌី Reuters
ផ្សាយពាណិជ្ជកម្ម

 

អ្វី​ជា​ការ​កត់សម្គាល់​ដំបូង​នោះ​គឺ​ថា លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ​ជា​ឥស្សរជន​នយោបាយ​ដែល​ចេញ​ពី​គណបក្សជាតិ​និយម​ដូច​គ្នា និង​ដែល​បាន​សន្យា​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ។ ទន្ទឹម​គ្នា​នេះ មេដឹកនំា​អាស៊ី​ទំាង​ពីរ​រូប​ក៏​ធ្លាប់​បាន​ប្រកាស​ពី​ការ​ពង្រឹង​សម្ព័ន្ធភាព​រវាង​គ្នា​នៅ​ក្នុង​តំបន់​ដើម្បី​ប្រឈម​ទប់​នឹង​មហិច្ឆិតា​របស់​ប្រទេស​ចិន​ដែរ។ ចិន​ដែល​កំពុង​មាន​ជម្លោះ​ដែនដី​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ឥណ្ឌា និង​ជប៉ុន។ អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ជប៉ុន និង​ដែល​កំពុង​បារម្ភ​ពី​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ បាន​លួច​ញញឹម​ពី​ក្រោយ​ចំពោះ​ភាព​ស្និទ្ធស្នាល​រវាង​ជប៉ុន និង​ឥណ្ឌា​ពេល​នេះ។

តំាង​ពី​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា​កាល​ពី ៣ខែ​មុន​មក នេះ​ជា​លើកទី១ បង្អស់​ដែល​លោក​ម៉ូឌី​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​តំបន់​អាស៊ីខាងត្បូង។ តែ​មុន​នឹង​ទទួល​ជួប​ដោយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​អាបេ​ជាផ្លូវការ​ក្នុង​ទីក្រុង​តូក្យូ លោក​ម៉ូឌី​ត្រូវ​ចូល​ជួប​លោក​អាបេ​ជា​លក្ខណៈ​ឯកជន​សិន។ កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ូឌី​ក្នុង​ប្រទេស​ជប៉ុន​នឹង​ជួយ​ផ្តល់​សន្ទុះ​ដល់​ការ​នំា​ផលិតផល​ឥណ្ឌា​ទៅ​កាន់​ប្រទេស​ជប៉ុន ព្រម​ទំាង​ទទួល​បាន​ការ​គំាទ្រ​ពី​ប្រទេស​ជប៉ុន​វិញ​នៅ​ក្នុង​ផ្នែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ អ្វី​ដែល​ឥណ្ឌា​ត្រូវ​ការ​ពី​ជប៉ុន​នោះ គឺ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​ក្នុង​វិស័យ​សាងសង់ផ្លូវដែក និង​វិស័យ​ការពារ។ បន្ទាប់​មក ភាគី​ទំាង​ពីរ​អាច​នឹង​ផ្តើម​ជជែក​គ្នា​ឡើង​វិញ​អំពី​បញ្ហា​នុយក្លេអ៊ែរ​ដែល​បាន​អាក់ខាន តំាង​ពី​ក្រោយ​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នំា ២០១១។ គួរ​ជម្រាប​ជូន​ថា ឥណ្ឌា​ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រព័ន្ធ​អគ្គិសនី​នោះ បាន និង​កំពុង​ស្វែង​រក​ប្រភព​ថាមពល​ផ្សេង ពិសេស​ថាមពល​បាន​មក​ពី​នុយក្លេអ៊ែរ។

សូម​បញ្ជាក់​ថា ជប៉ុន និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កតិកសញ្ញា​ដោះដូរ​សេរី​រវាង​គ្នា​ក្នុង​ឆ្នំា ២០១១។ ជប៉ុន គឺ​ជា​អ្នក​ធ្វើ​វិនិយោគ​លំដាប់ទី៤ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ពិសេស​ផ្នែក​សាងសង់​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​ញូដែលី ព្រម​ទំាង​មាន​រោងចក្រ​ផលិត​រថយន្ត​ជប៉ុន​ជា​ច្រើន​នៅ​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ