អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារំាង និង​អារ៉ាប៊ីសាអូឌីត​ជជែក​ពី​ស្ថានការណ៍​ក្នុង​តំបន់ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២៩ ធ្នូ​នេះ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូរឡង់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​រយៈពេល ២៤ម៉ោង។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី២ របស់​លោក​ហូរឡង់​ទៅ​កាន់​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត បន្ទាប់​ពី​ទស្សនកិច្ច​លើកទី១ របស់​លោក​ហូរឡង់​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១២ កន្លង​ទៅ។ ក៏​ដូច​នៅ​ក្នុង​ទស្សនកិច្ច​លើកទី១ ដែរ ទស្សនកិច្ច​លើកទី២​នេះ​មាន​គោលដៅ​ពង្រឹងបន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​រីយ៉ាដ ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច។ ក្រៅ​ពី​នោះ ថ្នាក់ដឹកនំា​នៃ​ប្រទេស​ទំាង​ពីរ​ក៏​បាន​លើក​យក​ទៅ​និយាយ​នូវ​សំណុំរឿង​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់។

លោកហ្រ្វង់ស្វ័រ ហូរឡង់ (រូបឆ្វេង) ប្រធានាធិបតី​បារំាង
លោកហ្រ្វង់ស្វ័រ ហូរឡង់ (រូបឆ្វេង) ប្រធានាធិបតី​បារំាង REUTERS/Saudi Press Agency
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​អន្តរជាតិ​ក្តៅគគុក និង​ដែល​ភាគច្រើន​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​​រហូត​មក​ដល់​សព្វថ្ងៃ មាន​ដូច​ជា វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប វិបត្តិ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ឬមួយ​ក៏​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​លីបង់។ នៅ​ក្នុង​ចំណោម​សំណុំរឿង​ទំាង​នេះ មាន​ភាគច្រើន​ត្រូវ​បាន​បារំាង និង​អារ៉ាប៊ីសាអូឌីត​សម្តែង​ក្តីព្រួយបារម្ភ និង​មាន​ជំហរ​ដោះស្រាយ​ដូច​គ្នា។ គឺ​កាយវិការ​ស្រប​គ្នា​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉ារីស និង​រីយ៉ាដ​ដែល​ល្អ​ស្រាប់​តំាង​ពី​ជំនាន់​លោក​ប្រធានាធិបតី​បារំាង​នីកូឡា សាកូហ្ស៊ី​នោះ រឹតតែ​ប្រសើរ​បន្ថែម​ទៀត។

ជាក់ស្តែង​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី បារំាង និង​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​នឹង​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ដូច​គ្នា និង​បាន​ឯកភាព​គ្នា​ថា ដំណោះស្រាយ​នយោបាយ​ឲ្យ​ប្រទេស​ស៊ីរី​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​លោក​អាសាដ​ទេ។ ទន្ទឹម​គ្នា​នេះ ទីក្រុង​រីយ៉ាដ​ក៏​បាន​សាទរ​ចំពោះ​ឆន្ទៈ​របស់​ទីក្រុង​ប៉ារីស​ដែល​បាន​ព្រមាន​វាយប្រហារ​ស៊ីរី​ពី​ទង្វើ​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល។ នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទីក្រុង​រីយ៉ាដ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ជំហរ​ម៉ឺងម៉ាត់​របស់​លោក​ហ្រ្វង់ស្វ័រ ហូរឡង់​ដែល​ថា អ៊ីរង់​ត្រូវ​តែ​អនុវត្ត​ភ្លាមៗ​នូវ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​ទើប​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​វិច្ឆិកា និង​បង្ហាញ​ភស្តុតាង​ពិតៗ​ដើម្បី​ធានា​ថា ខ្លួន​គ្មាន​បំណង​ចង់​បំពាក់​អាវុធនុយក្លេអ៊ែរ​ដូច​ដែល​បស្ចិមលោក​កំពុង​សង្ស័យ​ទេ។

ដោយឡែក នៅ​ក្នុង​វិបត្តិនយោបាយ​នៅ​អេហ្ស៊ីប​ឯណោះ​វិញ បារំាង និង​អារ៉ាប៊ីសាអូឌីត​ហាក់​ដូច​ជា​មិន​សូវ​យល់ស្រប​គ្នា​ប៉ុន្មាន​ទេ។ អារ៉ាបីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​គ្មាន​លក្ខខណ្ឌ​ចំពោះ​ក្រុមកងទ័ព​ដែល​កំពុង​ប្រឈម​មុខ​នឹង​ក្រុម​ភាតរអ៊ីស្លាម​របស់​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ម័រស៊ី។ តែ​បារំាង​វិញ បាន​ព្យាយាម​ដើរ​ផ្លូវកណ្តាល ដោយ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគីជម្លោះ​ចូលរួម​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

បារំាង​ឆក់​ឱកាស​ដែល​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​កំពុង​តឹង​សរសៃ ក ដាក់​គ្នា

នរណា​ក៏​ដឹង​ដែរ​ថា អាមេររិក និង​អារ៉ាប៊ីសាអូឌីត ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិន​លេច​រវាង​គ្នា អាមេរិក​មាន​មូលដ្ឋានទ័ព​នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ធានា​ភាព​កក់ក្តៅ​ខ្លំាង​ណាស់​ចំពោះ​ទីក្រុង​រីយ៉ាដ ប្រឈម​មុខ​នឹង​ប្រទេស​សត្រូវ​ជិត​ខាង​មួយ​ចំនួន​ក្នុង​តំបន់ ដូច​យ៉ាង​អ៊ីរ៉ង់​ជា​ដើម។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ផ្លាស់ប្តូរ​ជំហរ និង​ជំហរ​ទន់ជ្រាយ មិន​ម៉ឺងម៉ាត់​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​សំណុំរឿង​ស៊ីរី ឬមួយ​ក៏​អ៊ីរ៉ង់​នា​រយៈពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ទីក្រុង​រីយ៉ាដ​មាន​ការ​ខកចិត្ត​ខ្លំាង​ណាស់។ ជាក់ស្តែង​នៅ​ក្នុង​វិបត្តិ​ស៊ីរី នៅ​ទីបំផុត លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បែរ​ជា​សម្រេច​មិន​ប្រើ​កម្លំាង​យោធា​វាយប្រហារ​លើ​របប​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ទៅ​វិញ។ នៅ​ក្នុង​សំណុំរឿង​អ៊ីរ៉ង់​ដែល​អាមេរិក​ធ្លាប់​បាន​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​តំាង​ពី​ដើម​មក​នោះ ក៏​ស្រាប់​តែ​អាមេរិក​ធូររលុងខ្សុយ ដោយ​យល់ព្រម​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់។

គឺ​កាយវិការ​ចុងក្រោយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទំាង​​អស់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​រីយ៉ាដ​ចោទ​ជា​សំណួរ​ថា តើ​ឲ្យ​ខ្លួន​អាច​បន្ត​ទុកចិត្ត និង​ពឹងពាក់​លើ​អាមេរិក​ម្តេច​នឹង​កើត​ទៀត?។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា អារ៉ាប៊ីសាអូឌីត​រត់ចោល​អាមេរិក ទៅ​ឱប​បារំាង​ទំាង​ស្រុង​នោះ​ទេ គ្រាន់​តែ​ថា មាន​ពីរ​នាក់​ពឹង វា​គ្រាន់​បើ​ជាង​មាន​ម្នាក់។ ត្រង់​ចំណុច​នេះ បារំាង​ក៏​បាន​យល់​ច្បាស់​ណាស់ តែ​សម្រាប់​ទីក្រុង​ប៉ារីស នេះ​ពិត​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​ដែល​ខ្លួន​មិន​អាច​មើលរំលង​ទេ ពិសេស គឺ​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​បន្ថែម​ពី​អារ៉ាប៊ីសាអូឌីត។

លោក​ហ្រ្វង់ស្វ័រ ហូរឡង់៖ អារ៉ាប៊ីសាអូឌីត​ជា​អតិថិជន​ទីមួយ​របស់​បារំាង

ជា​រៀងរាល់​ឆ្នំា ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉ារីស និង​រីយ៉ាដ​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១៣ នេះ ទឹកប្រាក់​នៃ​ការ​ដោះដូរ​រវាង​ប្រទេស​ទំាង​ពីរ​បាន​កើន​ជាង ៨ ០០០លានអឺរ៉ូ ក្នុង​នោះ​ការ​នំា​ចេញ​ពី​បារំាង​មាន​ទឹកប្រាក់​ប្រមាណ​ជា ៣ ០០០លានអឺរ៉ូ។ កំណើន​នៃ​ការ​ដោះដូរ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​តាម​រយៈ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​បារំាង​ធំៗ ដូច​យ៉ាង​ការ​សាងសង់​ប្រព័ន្ធ​ផ្លូវរថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​រីយ៉ាដ​ដោយ​ក្រុមហ៊ុន Alstom ការ​ផ្គត់ផ្គង់​បរិក្ខារ​ឲ្យ​ឆ្មំាជាតិ​អារ៉ាប៊ីសាអូឌីត និង​ជួសជុល​នាវាចម្បំាង​ដោយ​ក្រុមហ៊ុន​បារំាង DCNS Thales និង MBDA។

ក្រៅ​ពី​កិច្ចសន្យា​ដែល​បារំាង​មាន​ស្រាប់​ជា​មួយ​អារ៉ាប៊ីសាអូឌីត ទីក្រុង​ប៉ារីស​ក៏​កំពុង​សម្លឹង​ឃើញ​នូវ​កិច្ចសន្យា​ជា​ច្រើន​ទៀត​ដែល​ទីក្រុង​រីយ៉ាដ​​កំពុង​សិក្សា​ដើម្បី​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ ពិសេស​គម្រោង​ធ្វើ​ឲ្យ​ទំនើប​នូវ​ប្រព័ន្ធយោធា​ក្នុង​ផ្នែកជើងទឹក និង​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស។ ទន្ទឹម​គ្នា​នេះ បារំាង​ក៏​ចង់​ទទួល​បាន​កិច្ចសន្យា​ពី​អារ៉ាប៊ីសាអូឌីត​ក្នុង​វិស័យ​នុយក្លេអ៊ែរ និង​វិស័យ​អាកាសចរណ៍​ដែរ ពិសេស​លក់​យន្តហោះ Airbus ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Saoudia។ ទំាង​នេះ​មិន​ភ្លេច​ទេ អំពាវនាវ​ឲ្យ​ក្រុមអ្នកវិនិយោគ​អារ៉ាបីសាអូឌីត​ចូល​មក​បោះទុន​រកស៊ី​ក្នុង​ប្រទេស​បារំាង។

ដូច្នេះ​ឃើញ​ថា បារំាង​បាន និង​កំពុង​ឆក់​យក​ឱកាស​នៃ​ការ​រំកិល​រក​គ្នា​ខាង​ផ្នែក​ការទូត​ជាមួយ​អារ៉ាប៊ីសាអូឌីត ដើម្បី​រឹតចំណង និង​ពង្រីក​បន្ថែម​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ