អានតួអត្ថបទ
បារាំង-ចិន

នាយករដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault ​បំពេញ​ទស្សនកិច្ច​នៅចិន​ ថ្ងៃ​ព្រហស្បតិ៍​៥ធ្នូ​

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​នាយករដ្ឋមន្ត្រី​បារាំង​ លោក Jean-Marc Ayrault នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​ចិន រយៈ​ពេល​៤ថ្ងៃ ក្នុង​ទិសដៅ​ធ្វើអោយ​​ការផ្តោះប្តូរ​ផ្នែក​ពាណិជ្ជកម្ម​រវាង​បារាំង​ និង​ចិន មានភាព​សមតា​ឡើងវិញ។ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បារាំង​ នៅ​ក្រុងប៉េកាំង នឹង​មាន​អមដំណើរ​ដោយ​គណៈ​ប្រតិភូ​​​បារាំង​ជាងមួយរយ​នាក់។ ​ទស្សនកិច្ច​នេះ គឺ​ធ្វើ​មុន​​ពេល​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ត្រូវ​ធ្វើដំណើរ​ទៅ​​បារាំង ក្នុង​កំឡុង​ដើមឆ្នាំ​២០១៤ខាងមុខ។

នាយករដ្ឋមន្រ្តីបារាំង Jean-Marc Ayrault
នាយករដ្ឋមន្រ្តីបារាំង Jean-Marc Ayrault REUTERS
ផ្សាយពាណិជ្ជកម្ម

ទិសដៅនៃ​ទស្សនកិច្ច​​​របស់​នាយករដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault នៅ​ប្រទេស​ចិន ​នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក​​នេះ ​ គឺ​ដើម្បី​ធ្វើយ៉ាងណា​អោយ​​ការផ្តោះប្តូរ​ផ្នែកពាណិជ្ជកម្ម​រវាង​បារាំង​ និង​ចិន មានភាព​សមតា​ឡើងវិញ។ ការផ្តោះប្តូរ​​ពាណិជ្ជកម្ម​ច​បារាំង-ចិន​ បាន​ជួបឧនភាព​ខ្លាំង គិត​ជា​ទឹកប្រាក់​គឺ​ធ្លាក់ចុះ​ប្រមាណ​ជា ២៧ពាន់លាន​អឺរ៉ូ។ ក្រុងប៉ារីស ​ចង់​​អោយ​ចំនួន​អ្នកវិនិយោគ​​​​ចិន​នៅ​ក្នុង​ប្រទេស​បារាំង​ មានការ​កើនឡើង​ថែមទៀត។ សហគ្រាស​ចិន​​នៅបារាំង​ មាន​ប្រមាណ​ជា២០០ ប៉ុណ្ណោះ នៅពេល​ដែល​សហគ្រាស​បារាំង​ដៃល​បោះទីតាំង​នៅចិន មាន​ចំនួន​ដល់ទៅ​១៥០០។

កិច្ចសហប្រតិប​ត្តិការ​ទ្វេភាគី​ផ្នែក​នុយក្លេអ៊ែរ​ស៊ីវិល ក៏​ជា​​ទិសដៅ​នៃ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បារាំង​នៅក្រុងប៉េកាំង​ផងដែរ។ សព្វថ្ងៃ​នេះ គំរោង​ចំនួនពីរកំពុងត្រូវ​បាន​សិក្សា គឺ​មានគំរោង​សាងសង់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ តៃស្ហាន់ និង​គំរោង​សាងសង់​រោងចក្រ​​មួយ ដើម្បី​សំអាត​​កាកសំណល់​នុយក្លេអ៊ែរ​ឡើងវិញ។

ចំពោះ​ផ្នែក​ចំណីអាហារ​វិញ រដ្ឋាភិបាល​បារាំង​ចង់​អភិវឌ្ឍន៍​ការនាំចេញ​​ផលិតផល​ធ្វើពី​សាច់​ រួម​នឹង​​ផលិតផល​ធ្វើពី​ទឹកដោះគោ​ នាំពីបារាំង​ចូលទៅ​ស្រុកចិន។ កន្លងមក ចិន​និង​បណ្តា​ប្រទេស​អឺរ៉ុប​មានភាពតានតឹង​នឹងគ្នា​ ផ្នែក​​ពាណិជ្ជកម្ម។ ចិន​បាន​ធ្លាប់​បាន​ស៊ើបអង្កេត​​​​ផ្នែក​ពន្ធ​លើ​ស្រាដែល​​ផលិត​នៅអឺរ៉ុប ដែល​​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​នាំចូល​មកប្រទេស​ចិន។ ចិន​ចោទ​អឺរ៉ុប​ថា ​បានជួយ​​ឧបត្ថម្ភ​ផ្នែក​ស្រានេះ។ ការ​ស៊ើបអង្កេត​របស់ចិន​​ បាន​ធ្វើឡើង​បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​បានសំរេច​យកពន្ធ​បណ្តោះអាសន្ន​លើ​ផ្ទាំងកញ្ចក់​ផលិតថាមពល​អគ្គិសនី​ដោយប្រើពន្លឺព្រះអាទិត្យ នាំ​មកពី​ប្រទេស​​​ចិន។ បារាំងសង្ឃឹម​ថា អាច​នឹង​​​​​រក​ច្រកចេញ​បាន​ឆាប់​រហ័ស​ ដើម្បី​បន្ថយភាពតានតឹង​រវាង​ចិន​និង​អឺរ៉ុប។

ដោយឡែក​ នៅ​​ដើមឆ្នាំ​២០១៤ខាងមុខ​ ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ទៅបំពេញ​ទស្សនកិច្ច​​នៅប្រទេស​បារាំង ក្នុង​ឳកាស​ខួប​៥០ឆ្នាំនៃចំណង​​ការទូត​រវាង​បារាំង​និងចិន។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​បាន​ចាប់កំណើត​ឡើង តាំងពីថ្ងៃ២៧មករា ឆ្នាំ​១៩៦៤​ម្ល៉េះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ