អានតួអត្ថបទ
ភូមា-ជប៉ុន

លោកស្រីអ៊ុង សានស៊ូជី​សុំឲ្យ​ជប៉ុន​ជួយ​គំាទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា

លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ភូមា​ទើប​បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍ ទី១៣ មេសា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍។ ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​របស់​លោកស្រី​អ៊ុង សានស៊ូជី​ពេល​នេះ គឺ​ជា​លើក​ទីមួយ​បង្អស់ គិត​តំាង​ពី ២៧ឆ្នំា​កន្លង​ទៅ។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូ​ជួយ​គំាទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​បន្ត​មាន​នៅ​ក្នុង​ប្រទេស​ភូមា។

លោកស្រីអ៊ុង សានស៊ូជី​ទស្សនកិច្ច​នៅ​ជប៉ុន
លោកស្រីអ៊ុង សានស៊ូជី​ទស្សនកិច្ច​នៅ​ជប៉ុន
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​ជប៉ុន​សូមស្វាគមន៍ » នេះ​ជា​សម្រែកសាទរ​របស់​ក្រុម​អ្នកកាសែត រួម​ជាមួយ​ប្រជាជន​ភូមា​ប្រមាណ​ជា ១៥០នាក់​នៅ​ពេល​ដែល​លោកស្រី​អ៊ុង សានស៊ូជី​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​តូក្យូ។ « Arigato អរគុណ » នេះ​ជា​ការ​ឆ្លើយ​តប​វិញ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ តាម​ពិត​ទៅ វត្តមាន​របស់​ស្រី្ត​ប្រមុខ​បក្សប្រឆំាង​ភូមា​មាន​អាយុ ៦៧ឆ្នំា​រូប​នេះ ត្រូវ​បាន​អញ្ជើញ​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន។ លោក​ប្រមុខ​ការទូត​ជប៉ុន​ដែល​សង្ឃឹម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ស្រ្តី​ជ័យលាភីរង្វាន់​ណូបែល​សន្តិភាព​ដែល​កំពុង​មាន​ប្រជាប្រិយភាព​និង​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ភូមា ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​ភូមា​បាន​ចាប់​ផ្តើម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ខែ​មីនា ឆ្នំា ២០១១ មក ជប៉ុន​ក៏​បាន​ចាប់​ផ្តើម​ប្រឹងប្រែង​ជួយ​ជា​ថវិកា និង​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ភូមា​ឲ្យ​បន្ត​កំណែទម្រង់​នយោបាយ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ជប៉ុន​ជា​ច្រើន​កំពុង​តម្រៀបជួរ​គ្នា​ត្រៀម​ខ្លួន​ចូល​ទៅ​រកស៊ី​នៅ​ក្នុង​ប្រទេស​ភូមា​ដែល​សម្បូរ​កម្លំាង​ពលកម្ម និង​មាន​តម្លៃ​ទាប។ ការ​អំពាវនាវ​ឲ្យ​ជប៉ុន​ផ្តើម​បោះ​ទុន​រកស៊ី​នៅ​ភូមា​នេះ​នឹង​ត្រូវ​លោកស្រី​អ៊ុង សានស៊ូជី​គ្រោង​លើក​យក​ទៅ​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន Shinzo Abe លោក​ប្រមុខ​ការទូត Fumio Kishida ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ព្រម​ទំាង​ក្រុម​ប្រធាន​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ជប៉ុន។

ក្រៅ​ពី​ទីក្រុង​តូក្យូ លោកស្រី​អ៊ុង សានស៊ូជី​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ក្យូដូ​ដែល​នៅ​ទីនោះ លោកស្រី​ធ្លាប់​បាន​ស្នាក់នៅ​ពី​ឆ្នំា ១៩៨៥ ដល់​ឆ្នំា ១៩៨៦ ក្នុង​នាម​ជា​អ្នកស្រាវជ្រាវ​ម្នាក់​ដែល​បាន​អញ្ជើញ​ដោយ​ជប៉ុន​នៅ​ពេល​នោះ។ តែ​នៅ​ពេល​ត្រលប់​ចូល​ស្រុក​វិញ ក្រោយ​ពេល​បញ្ចប់​បេសកកម្ម​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​​ឆ្នំា ១៩៨៦ លោកស្រី​ត្រូវ​បាន​រដ្ឋាភិបាល​របបសឹក​ភូមា​ចាប់​ឃុំខ្លួន​ក្នុង​គេហដ្ឋាន។

សូម​ជម្រាប​ជូន​ថា ទំនាក់ទំនង​រវាង​លោកស្រី​អ៊ុង សានស៊ូជី និង​ជប៉ុន​បាន​បន្សល់​ទុក​តំាង​ពី​ជំនាន់​ឪពុក​របស់​លោកស្រី គឺ​លោក​អ៊ុង សាន​មក​ម្ល៉េះ។ លោក​អ៊ុង សាន​ដែល​បាន​ដឹកនំា​ចលនា​ឯករាជ្យ​មួយ​ប្រឆំាង​នឹង​អាណានិគមនិយម​​អង់គ្លេស។ នៅ​ដំណាច់​ឆ្នំា ១៩៤០ លោក​អ៊ុង សាន​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​រយៈពេល ៧ខែ​ដែល​ក្នុង​ឱកាស​នោះ លោក​ទទួល​បាន​ជំនួយ​ជា​ប្រាក់ និង​សព្វាវុធ​ពី​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ដេញ​ទាហាន​អង់គ្លេស។ ២ឆ្នំា​ក្រោយ​មក លោក​អ៊ុង សាន​បាន​រៀបចំ​រដ្ឋាភិបាល​ភូមា​មួយ​ដោយ​មាន​ការ​គំាទ្រ​ពី​ក្រុង​តូក្យូ។ តែ​សា្រប់​ក្នុង​ឆ្នំា ១៩៤៥ លោក​អ៊ុង សាន​បាន​ទទួល​ជំនួយ​ពី​អង់គ្លេស​ដើម្បី​បណ្តេញ​ទាហាន​ជប៉ុន​ចេញ​ពី​ភូមា​វិញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ