អានតួអត្ថបទ
កម្ពុជា

របាយ​ការណ៍​បង្ហាញ​ថា កុមារ​កម្ពុជា​ជាង ៥០% បាន​ទទួល​អំពើ​ហិង្សា​ផ្លូវ​កាយ

ការ​សិក្សា​មួយ​ថ្មី បាន​បង្ហាញ​ថា កុមារ​កម្ពុជា​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​បី​ប្រភេទ ដែល​មាន​អំពើ​ហិង្សា​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ផ្លូវ​ភេទ។ អំពើ​ហិង្សា​ផ្លូវ​កាយ​មាន​ចំនួន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​ជាង ៥០% ។ តួ​លេខ​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឱកាស ការ​ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​របាយ​ការណ៍ នៃ​ការ​អង្កេត​អំពើ​ហិង្សា​លើ​កុមារ​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​គន្លឹះ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់​និង​ឆ្លើយ​តប និង​អំពើ​ហិង្សា​លើ​កុមារ នៅ​ព្រឹក​ថ្ងៃ​ទី ២២ តុលា​នេះ នៅ​ឯ​សណ្ឋា​គា​សូ​ហ្វី​តែល រាជ​ធានី​ភ្នំពេញ​។

កុមារនៅកម្ពុជា ធ្លាប់ទទួលបានរងអំពើហិង្សាប្រមាណជា ៦០% ។ ហើយក្នុងនោះរួមមានអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ៕
កុមារនៅកម្ពុជា ធ្លាប់ទទួលបានរងអំពើហិង្សាប្រមាណជា ៦០% ។ ហើយក្នុងនោះរួមមានអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ៕ Facebook Unicef Cambodia
ផ្សាយពាណិជ្ជកម្ម

 

ការ​រក​ឃើញ​ក្នុង​របាយ​ការណ៍​នេះ បាន​បង្ហាញ​ថា ការ​អប់​រំ​កូន​តាម​បែប​ប្រពៃ​ណី​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏​អាច​ចាត់​ចូល​ជា​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​កុមារ​ផង​ដែរ។ ហើយ​អំពើ​ហិង្សា​ដែល​រួម​មាន​ដូច​ជា​ការ​វាយ​នឹង​រំពាត់ ការ​ទះ​កំផ្លៀង ការ​ច្រាន ការ​ដាល់ ការ​ទាត់​ធាក់ ជា​ដើម​នោះ គឺ​សុទ្ធ​សឹង​តែ​ជា​អំពើ​ហិង្សា​ផ្លូវ​កាយ​លើ​កុមារ​។

លោក​ស្រី អ៊ឹង កន្ថា​ផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ថា កន្លង​មក​យើង​ធ្លាប់​គិត​ថា អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា​អាច​នឹង​មាន​ច្រើន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អំពើ​ហិង្សា​ផ្លូវ​ភេទ​នេះ គឺ​មាន​តិច​ជាង​គេ ហើយ​អំពើ​ហិង្សា​ផ្លូវ​កាយ​មាន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​ជាង ៥០% និង​បន្ទាប់​មក​មាន​អំពើ​ហិង្សា​ផ្លូវ​ចិត្ត​។

លោក​ស្រី​រដ្ឋ​មន្ត្រី បាន​បន្ត​ថា​ការ​រក​ឃើញ​នេះ នឹង​បង្ហាញ​ជា​គន្លឹះ​មួយ​សម្រាប់​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ជួយ​លុប​បំបាត់ និង​ទប់​ស្កាត់​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​កម្ពុជា តាម​រយៈ​ការបញ្ជ្រាប​ព័ត៌​មាន​នេះ​ទៅ​កាន់​គ្រប់​ភាគី​ពាក់​ព័ន្ធ​នានា និង​ជា​ពិសេស​ដល់​អាណា​ព្យាបាល​របស់​កុមារ​ទាំង​អស់​ពី​បញ្ហា​នេះ​។ 

របាយ​ការណ៍​ក៏​បាន​កត់​សម្គាល់​ថា នេះ​គឺ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ដែល​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​បាន​ធ្វើ​ការ​អង្កេត​មួយ និង​បាន​ផ្តល់​នូវ​ទិន្ន​ន័យ​អំពី​ប្រេ​វ៉ា​ឡង់ និង​លក្ខណៈ​នៃ​អំពើ​ហិង្សា​លើ​កុមារ​នៅ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ដឹក​នាំ​ដោយ​វិទ្យា​ស្ថាន​ស្ថិតិ របស់​ក្រសួង​ផែន​ការ ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​កុម្ភៈ និង​មីនា ឆ្នាំ ២០១៣​។ ការ​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​គ្រួសារ​របស់​កុមារា និង​កុមារី​ដែល​មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ២៤ ឆ្នាំ នៅ​ទូ​ទាំង​ខេត្ត ក្រុង ក្នុង​ប្រទេស​កម្ពុជា​។ មាន​កុមារា និង​កុមារី​ចំនួន​ជាង ២ពាន់​នាក់ បាន​ចូល​រួម​នៅ​ក្នុង​ការ​អង្កេត​នេះ។ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​ទទួល​ការ​ឧត្តម​ថវិកា ពី​ខាង​អង្គការ​Unicef កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ