អានតួអត្ថបទ
ភូមា-ហិង្សាសហគមន៍

ណៃពីដ័​រ​អញ្ជើញ​​អង្គការ​សហប្រតិបត្តិការ​​អ៊ីស្លាម​​ OCI​​ មក​​មើល​ការ​ពិត​​ផ្ទាល់​នឹង​ភ្នែក​​

ប្រទេស​ភូមា​បាន​អញ្ជើញ​ប្រមុខដឹកនាំ​ អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ OCI ​ ឲ្យ​មក​មើល​ការពិត​ផ្ទាល់​នឹងភ្នែក។​​ អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ OCI ​ ដែលធ្លាប់​បាន​បរិហារ​ពី​ “ការបោស​សម្អាត​ពូជសាសន៍”​ប្រឆាំង​នឹង​ជនជាតិ​ពន្ធុ​ភាគតិច​ រ៉ូហ៊ីងយ៉ា​ ដែលជា​អ្នកកាន់​សាសនា​អ៊ីស្លាម។

លោកប្រធានាធិបតីភូមា ថេន​សេន​ អញ្ជើញ​​អង្គការ​​សហប្រតិបត្តិការ​​អ៊ីស្លាម​​ OCI​ មក​មើល​ការ​ពិត​​ផ្ទាល់នឹង​​ភ្នែក​​
លោកប្រធានាធិបតីភូមា ថេន​សេន​ អញ្ជើញ​​អង្គការ​​សហប្រតិបត្តិការ​​អ៊ីស្លាម​​ OCI​ មក​មើល​ការ​ពិត​​ផ្ទាល់នឹង​​ភ្នែក​​ REUTERS/Tomohiro
ផ្សាយពាណិជ្ជកម្ម

“អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ OCI ​បាន​ត្រូវ​អញ្ជើញ​ ឲ្យ​មក​មើល​ការពិត​ផ្ទាល់​នឹងភ្នែក​នៅ​ប្រទេស​ភូមា”​ នេះ​ជាការ​ប្រកាស​ឲ្យដឹង​ដោយ​លោក​ប្រធានាធិបតី​ភូមា​ ថេន សេន​ ដែលបាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​រដ្ឋ​ភូមា​ឈ្មោះ​ New Light of Mynmar ​ឬ​ រស្មី​មីយ៉ានម៉ា។

 
អំពើ​ហិង្សា​រវាង​សហគមន៍​អ្នកកាន់​ពុទ្ធសាសនា​និង​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ដែលបាន​កើតមាន​នៅ​ខែ​មិថុនា​កន្លងទៅ​ នៅក្នុង​រដ្ឋ​ Rakhine ​នៅប៉ែក​ខាងលិច​នៃ​ប្រទេស​ភូមា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៨០នាក់។​ នេះបើយោង​តាម​តួលេខ​របស់​អាជ្ញាធរ​នៃ​ រដ្ឋ​ Rakhine ។

ប៉ុន្តែ​ អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ចោទ​ប្រកាន់​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​ប្រទេស​ភូមា​ថា​ ​ បាន​រំលោភ​ច្បាប់​និង​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ រ៉ូហ៊ីងយ៉ា​ ​ ហើយ​អ.ស.ប.​បារម្ភ​យ៉ាងខ្លាំង​ពី​ទង្វើ​ហិង្សា​ដែលបាន​ប្រព្រឹត្ត​ទៅលើ​ សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ រ៉ូហ៊ីងយ៉ា​ នេះ។

ទោះបីជា​រដ្ឋាភិបាល​ភូមា​បាន​ច្រានចោល​ការចោទ​ប្រកាន់​ទាំងនេះ​ក៏​ដោយ​ ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ការពិត​ ​ ​ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម​ OCI ​លោក​ Ekmeleddin Ihsanoglu ​បាន​ទាមទារ​នៅដើម​ខែសីហា​ បង្កើត​ឲ្យ​មាន​គណៈកម្មការ​អង្កេត​អ៊ីស្លាម​មួយ​ ​ ហើយ​ទន្ទឹម​គ្នា​នេះ​ លោក​ក៏បាន​បរិហារ​ពី​ “ការសម្លាប់រង្គាល”​ ​ “ជិះជាន់​ធ្វើបាប”​ ​ និង​ “បោសម្អាត​ពូជសាសន៍”​ដែលបាន​ប្រព្រឹត្ត​ទៅលើ​ សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ រ៉ូហ៊ីងយ៉ា។

សូមបញ្ជាក់ថា​ ​ នាឱកាស​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​នៃ​ប្រទេស​ទួកគី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ លោក​ប្រធានាធិបតី​ភូមា​ ថេន​ សេន បាន​បដិសេធថា​ ​ “ទាំងនេះ​ គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​ “បញ្ហា​ពូជសាសន៍​ ឬ​ សាសនា​ឡើយ”។

គួរ​គូស​បញ្ជាក់​ទៀតថា​ ​ សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ រ៉ូហ៊ីងយ៉ា​ ដែលមាន​សមាជិក​ប្រមាណ​៨សែននាក់​រស់​នៅក្នុង​រដ្ឋ​ Rakhine ​ឋិត​នៅប៉ែក​ខាងលិច​នៃ​ប្រទេស​ភូមា​បាន​ត្រូវ​អ.ស.ប.​ចាត់ទុកថា​ជនជាតិ​ពន្ធុ​ភាគតិច​នៅក្នុង​ប្រទេស​ភូមា​ដែលបាន​ទទួលរង​ការធ្វើ​ទុក្ខ​បុកម្នេញ​យ៉ាង​សែន​ខ្លាំងក្លា​ជាងគេ​នៅលើ​លោក​យើងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ