សមាជិកអ្នកប្រជាធិបតេយ្យបួងសួងវត្ថុស័ក្តិសិទ្ធិឲ្យដោះលែងលោកម៉ម សូណង់ដូ
នៅខណៈដែលលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងនាយកវិទ្យុសម្បុកឃ្មុំដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ដោយអាជ្ញាធរចោទប្រកាន់ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះ សមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណជា១០០នាក់មកពីខេត្តមួយចំនួនបាននាំគ្នាមកធ្វើពិធីបួងសួងនៅខាងមុខព្រះអង្គដងកើ ដើម្បីបន្ទន់ចិត្តរដ្ឋាភិបាលអោយលើកលែងការចោទប្រកាន់ និងដោះលែងលោកម៉ម សូណង់ដូ អោយមានសេរីភាពវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:១៥
សមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណជា១០០នាក់មកពីខេត្តមួយចំនួនបាននាំគ្នាមកធ្វើការបួងសួងនៅខាងមុខព្រះអង្គដងកើ ដើម្បីបន្ទន់ចិត្តរដ្ឋាភិបាលអោយដោះលែងលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងនាយកវិទ្យុសម្បុកឃ្មុំដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធទៅនឹងបទចោទដ៏ចម្រូងចម្រាសរឿងជម្លោះដីធ្លីនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលអាជ្ញាធរបានចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍។
លោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ កក្កដា បន្ទាប់ពីរូបលោកបានវិលត្រឡប់មកពីបរទេសរយៈពេលបីថ្ងៃ។ សំណុំរឿងលោកម៉ម សូណង់ដូ ត្រូវបានផ្ទេរពីតុលាការខេត្តក្រចេះ មកតុលាការក្រុងភ្នំពេញ ដោយសារតែសំណុំរឿងនោះជាករណីពិសេស។
សមាជិកអ្នកប្រជាធិបតេយ្យមកពីខេត្តមួយចំនួនបាននាំគ្នាឈរនៅខាងមុខព្រះអង្គដងកើដោយពាក់អាវពណ៌ស មានរូបលោកម៉ម សូណង់ដូ និងសរសេរជាអក្សរខែ្មរនិងអង់គ្លេសថា “ដោះលែងលោកម៉ម សូណង់ដូ”។ សមាជិកទាំងអស់ដែលភាគច្រើនជាមនុស្សចាស់ បានអុជធូបនិងសូត្រធម៌ ដើម្បីបួងសួងដល់ព្រលឹងស័ក្តិសិទ្ធិឲ្យជួយបន្ទន់ចិត្តរដ្ឋាភិបាលដោះលែងលោកម៉ម សូណង់ដូ អោយមានសេរីភាពវិញ ដោយពួកគេទាំងអស់ពុំអាចទទួលយកបាននូវការចោទប្រកាន់របស់តុលាការ។ ពលរដ្ឋទាំងនោះបានលើកឡើងថា លោកម៉ម សូណង់ដូ មិនបានពាក់ព័ន្ធក្នុងករណីនៅក្នុងភូមិប្រម៉ា ខេត្តក្រចេះនោះទេ ពីព្រោះ នៅពេលដែលអាជ្ញាធរចុះបង្ក្រាបពលរដ្ឋដែលចោទថាបង្កើតតំបន់អបគមន៍នោះ គឺលោកប្រធានសមាគមកំពុងនៅក្រៅប្រទេសនៅឡើយ។
លោកស៊ា សុផុន ជនពិការមកពីខេត្តកំពង់ចាម ដែលអង្គុយនៅក្នុងរទេះបានអោយដឹងថា ពលរដ្ឋដែលជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យបានធ្វើដំណើរមកពីខេត្តមួយចំនួន ដើម្បីធ្វើការបួងសួងដល់ព្រលឹងស័ក្តិសិទ្ធិជួយអន្ទងចិត្តរដ្ឋាភិបាលឲ្យដោះលែងលោកម៉ម សូណង់ដូ ពីព្រោះ លោកថា ទង្វើរបស់លោកប្រធានសមាគម គឺអប់រំពលរដ្ឋអោយយល់អំពីនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ។ លោកពុំដែលញុះញង់ពលរដ្ឋអោយធ្វើអ្វីដែលខុសនឹងច្បាប់បានកំណត់នោះទេ។
ទាក់ទិនទៅនឹងការធ្វើពិធីបួងសួងនោះ លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូបានអោយដឹងថា នេះគឺជាទម្លាប់របស់ពលរដ្ឋកម្ពុជាដែលកាន់ពុទ្ធសាសនា នៅពេលណាដែលពួកគាត់អស់ជំនឿទៅលើអាជ្ញាធរ ឬទៅលើប្រព័ន្ធតុលាការ ពួកគាត់ងាករកវត្ថុស័ក្តិសិទ្ធិឲ្យជួយពួកគាត់។ ហើយអ្វីដែលគាត់ធ្វើនេះ គឺគ្រាន់តែសូមអោយវត្ថុស័ក្តិសិទ្ធិជួយបន្ទន់ចិត្តមន្ត្រីរបស់រដ្ឋាភិបាលលើកលែងការចោទប្រកាន់ទៅលើរូបលោកម៉ម សូណង់ដូ និងដោះលែងអោយគាត់មានសេរីភាពវិញ។
កាលពីថ្ងៃទី១៦ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន លោកម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រា ២៨, ៥០៤, ៤៥៧ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ។
លោកម៉ម សូណង់ដូ ធ្លាប់ត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយ ដោយលើកទី១ នៅក្នុងឆ្នាំ២០០៣ ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ និងលើកទី២ នៅក្នុងឆ្នាំ ២០០៥ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ