អានតួអត្ថបទ
កម្ពុជា

ស្ថានទូត​ជប៉ុន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​អ្នកបឹងកក់ និង​បុរីកីឡា

ការតវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ និង​អ្នកភូមិបុរី​កីឡា នៅ​តែ​មាន​មិន​ចេះចប់។ នៅ​ថ្ងៃ​សុក្រនេះ​ប្រជាជន​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​នៃ​ការបណ្តេញ​ចេញ រួម​ទាំង​កុមារ​តូចៗ ដែល​មាន​ម្តាយ​ត្រូវ​តុលាការ​កាត់ទោស​ផង បាន​នាំ​គ្នា​ដង្ហែ​​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន។ មន្ត្រី​ស្ថានទូត​ជប៉ុន​បាន​ទទួល​សំណើ​របស់​ពួកគេ។

ប្រជាជន​បឹងកក់ និង​អ្នក​នៅបុរីកីឡា​តវ៉ា​នៅថ្ងៃ​តែមួយ នៅថ្ងៃ​សុក្រ​នេះ ដើម្បី​សុំ​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះដីធ្លី​របស់​ពួកគេ
ប្រជាជន​បឹងកក់ និង​អ្នក​នៅបុរីកីឡា​តវ៉ា​នៅថ្ងៃ​តែមួយ នៅថ្ងៃ​សុក្រ​នេះ ដើម្បី​សុំ​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះដីធ្លី​របស់​ពួកគេ ©RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់ និង​បុរី​កីឡា​បាន​រំសាយ​ការដង្ហែ​ក្បួន​ភា្លម​បន្ទាប់​ពី​ស្ថានទូត​ជប៉ុន​បាន​ទទួល​យក​ញត្តិ​របស់​ពួកគេ​ដែល​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

ក្រុម​អ្នក​តវ៉ា​ទាំងពីរ​មាន​សំណើ​២​ផ្សេងគ្នា។ អ្នក​ភូមិ​បឹងកក់ ព្រមទាំង​កុមារ​តូច​បាន​ស្នើ​សុំ​អោយ​ស្ថានទូត​ជប៉ុន​អន្តរាគមទៅ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​១៣​នាក់ និង​អ្នកការពារ​សិទ្ធិមនុស្ស​២​នាក់​ទៀត។ រី​ឯ​ អ្នក​ភូមិ​បុរី​កីឡា​វិញ​បាន​សុំ​​អោយ​រដ្ឋាភិបាល​ជប៉ុន​អន្តរាគម​ធ្វើ​យ៉ាងណា​អោយ​ក្រុមហ៊ុន​ផាន អ៊ីម៉ិច​សង់​អគារ​គេហដ្ឋាន​២​ទៀត​តាម​ការសន្យា​ដើម្បី​ពួកគេ​បាន​រស់នៅ​ទីនោះ។

ការ​តវ៉ា​របស់​អ្នកភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា​នៅ​តែ​មាន​ជា​រៀងរាល់​ថ្ងៃ។ កាល​ពី​ថ្ងៃ​ម្សិលមិញ អ្នក​ភូមិ​បឹងកក់​បាន​នាំ​គ្នា​បន់ស្រន់ ដើម្បី​រក​អន្តរាគមន៍​ពី​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ ការ​បន់ស្រន់​នេះ​មាន​ទាំង​ការដាក់​បណ្តាសា​ដល់​អ្ន​ក​យក​ដី​របស់​ពួកគេ​ផងដែរ។ កុមារ និង​អ្នកភូមិ​បាន​ជួបជុំ​គ្នា​នៅ​កន្លែង​ទីសក្ការៈ​មួយ​ក្នុងភូមិ​បឹងកក់​ ផ្ទាល់​តែម្តង​ដើម្បី​រៀបចំ​ពិធី​បែប​អ​បិ​យ​ជំនឿ​នេះ។ កាលពី​ថ្ងៃ​អង្គារ ពួកគេ​បាននាំគ្នា​ទៅ​លុត​ជង្គង់​ពី​មុខ​ព្រះបរមរាជវាំង​ដើម្បី​សុំ​ ព្រះរាជ​អន្តរាគមន៍ ពី​ព្រះមហាក្សត្រ។

ទាក់ទងនឹង​អ្នក​ភូមិ​បឹងកក់​ដដែល អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​៤៣​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ​បាន​អំពាវនាវ​សា​​ជា​ថ្មី​ទៀត​អោយ​រដ្ឋាភិបាល​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​១៥​នាក់ ដើម្បី​លើក​ស្ទួយ​កម្ពុជា​ខ្លួន​ឯង​ថា​ ជា​ប្រទេស​ប្រជាធិតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ រី​ឯ​អ្នក​ទាំង​១៥​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នោះ បើតាម​ការ​អះអាង​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ពួកគេ​គំរាម​ធ្វើ​កូដកម្ម​អត់​អាហារ​រហូត​ដល់​មាន​ការ​ដោះលែង​ពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ