ពលរដ្ឋជាប់ជម្លោះដីនៅកោះកុងប្តឹងទៅរដ្ឋាភិបាលអាមេរិកឲ្យជួយរកដំណោះស្រាយ
ជាជម្រើសចុងក្រោយ ពលរដ្ឋប្រមាណជាង២០០គ្រួសាររស់នៅក្នុងស្រុកសែ្រអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោកឧកញ៉ាលី យ៉ុងផាត់ ដោយពុំមានការដោះស្រាយពីសំណាក់ក្រុមហ៊ុន ក៏ដូចជាមន្ត្រីរដ្ឋាភិបាល បានសម្រេចនាំគ្នាងាកទៅរកការជួយអន្តរាគមន៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសុំឲ្យជួយដោះស្រាយ។ ប្រជាពលរដ្ឋបានរៀបចំរឿងក្តីនេះដាក់ជូនក្រុងវ៉ាស៊ីនតោន ដើម្បីប្តឹងក្រុមហ៊ុនស្ករសធំមួយរបស់សហរដ្ឋអាមេរិកឈ្មោះថា American Sugar Refining។
ប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសារ រស់នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាលោកឧកញ៉ា លី យ៉ុងផាត់ ដែលបានរឹបអូសយកដីរបស់ពួកគាត់ដោយបង្ខំ ដើម្បីយកដាំអំពៅ និងសង់រោងចក្រផលិតស្ករស បានងាកស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យជួយដោះស្រាយ ហើយដាក់ពាក្យប្តឹងក្រុមហ៊ុនស្ករសធំមួយរបស់សហរដ្ឋអាមេរិកឈ្មោះថា American Sugar Refining។
លោកម៉ន វុទ្ធី មន្ត្រីសម្របសម្រួលមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួន ២០៧ គ្រួសារ រស់នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលដីធ្លីរបស់ពួកគេត្រូវបានរឹបអូសយកដោយបង្ខំ សម្រាប់ធ្វើចម្ការអំពៅ និងសង់រោងចក្រផលិតស្ករសបានពឹងពាក់តាមរយៈអង្គការរបស់លោក និងអង្គការជាដៃគូសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកជួយដោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយជាយូរមកហើយនោះ។ ហើយរៀបចំប្តឹងក្រុមហ៊ុនស្ករសធំមួយរបស់សហរដ្ឋអាមេរិកឈ្មោះថា American Sugar Refining ហៅកាត់ថា ASR។ លោកថា អ្នកភូមិដែលគេបណ្តេញចេញនោះគឺបាត់បង់អ្វីៗទាំងអស់ សូម្បីតែកូនចៅក៏ឈប់ឲ្យទៅរៀនដែរ ដើម្បីនៅជួយធ្វើការផ្ទះ ដូចជាឃ្វាលគោកុំស៊ីអំពៅក្រុមហ៊ុនជាដើម។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានផ្តិតមេដៃប្តឹងទៅកាន់រដ្ឋាភិបាលអាមេរិក គឺលោកតេង កៅ លើកឡើងថា៖ ក្រុមហ៊ុនដែលទិញស្ករសផលិតនៅលើដីរឹបអូសយកពីពួកយើង ត្រូវតែមានចំណែកទទួលខុសត្រូវចំពោះទុក្ខវេទនារបស់យើង។ យើងសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចជួយធ្វើអន្តរាគមន៍ ធ្វើឲ្យក្រុមហ៊ុន ASR ទទួលខុសត្រូវ ចំពោះបញ្ហានេះ។
សេចក្តីប្រកាសព័ត៌មានជាបន្ទាន់បានចេញផ្សាយដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការ Earth Rights International បង្ហាញថា ពាក្យបណ្តឹងនេះ ត្រូវបានដាក់ជូនទៅការិយាល័យទំនាក់ទំនងថ្នាក់ជាតិសហរដ្ឋអាមេរិក ដែលជាការិយាល័យរបស់រដ្ឋាភិបាលមួយមានភារកិច្ចដោះស្រាយវិវាទទាក់ទងនឹងគោលការណ៍ណែនាំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍។ នេះជារឿងក្តីទី១ហើយ ដែលត្រូវបានប្តឹងស្របទៅតាមគោលការណ៍ណែនាំចំពោះក្រុមហ៊ុនដែលប្រព្រឹត្តខុសនៅក្នុងប្រទេសកម្ពុជា។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា លោកគ្មានអ្វីតតាំងជាមួយនឹងសកម្មភាពនោះទេ ប៉ុន្តែអ្វីដែលធ្វើបច្ចុប្បន្នគឺតាមនីតិវិធីច្បាប់ដែលបានចែង។ ប្រជាពលរដ្ឋគួរតែតតាំងគ្នាតាមប្រព័ន្ធតុលាការដោះស្រាយ ហើយថា ប្រជាពលរដ្ឋរាល់រូបគឺទទួលបានយុត្តិធម៌ទាំងអស់ ពីព្រោះតុលាការវិនិច្ច័យក្តីដោយឯករាជ្យ។ ប្រជាពលរដ្ឋគួរតែឈប់ឈ្លក់វង្វេងតាមជនមួយចំនួនដែលឈប់ឲ្យតំលៃទៅលើប្រព័ន្ធតុលាការ ដូចកាលសម័យក្រុមឧទ្ទាមខ្មែរក្រហមប្រឆាំងព្រះមហាវីរក្សត្រ។ លោកថា បរទេសគ្រាន់តែជាដៃគូរអភិវឌ្ឍន៍ មិនមែនជា អាណានិគមទេ ហើយក៏ពុំមែនចៅហ្វាយនាយយើងដែរ។
នៅឆ្នាំ២០០៦ ក្រុមហ៊ុនផលិតស្ករសថៃ ឈ្មោះ Khon Kaen Sugar Co. Ltd ហៅកាត់ថា KSL ក្រុមហ៊ុនម្ហូបអាហារតៃវ៉ាន់ ឈ្មោះ Ve Wong និងសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ បានបង្កើតក្រុមហ៊ុនខ្មែរពីរ ដើម្បីទទួលបានដីសម្បទានពីរដ្ឋាភិបាល សម្រាប់ដាំចម្ការអំពៅទ្រង់ទ្រាយធំ និងសង់រោងចក្រផលិតស្ករអំពៅ។ គម្រោងអភិវឌ្ឍន៍នោះដីមួយផ្នែកធំ ជាដីដែលកាន់កាប់ដោយប្រជាពលរដ្ឋ ភូមិឈូក ភូមិជីខ និងភូមិកណ្តោល។ ប្រជាពលរដ្ឋទាំងនោះ សុទ្ធតែមានសិទ្ធិភោគៈ ឬសិទ្ធិកាន់កាប់ ដោយមានឯកសារបញ្ជាក់ភស្តុតាងគ្រប់គ្រាន់ ស្របទៅតាមច្បាប់ភូមិបាលកម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ