អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មាន​ភ្លើង​​ទើប​​មាន​​ផ្សែង​ ​រឿង​​ទឹក​​ស៊ុប​​គួរ​​តែ​​មាន​​ការ​​ពន្យល់​​ជា​​ផ្លូវ​​ការ​​ពី​​ស​មត្ថ​​កិច្ច​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រ​សិន​បើ​មាន​ការ​នាំ​ទឹក​ស៊ុប​ពី​ប្រ​ទេស​វៀត​ណាម​ចូល​មក​ប្រ​ទេស​កម្ពុ​ជា​ដើ​ម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​អា​ជីវ​កម្ម​អា​ហារ​ដ្ឋាន​មែន​នោះ ​វា​ជា​រឿង​មួយ​មិន​គួរ​ឲ្យ​ជឿ​ហើយ​កម្ពុ​ជា​គ្មាន​សល់​អ្វី​ទៀត​ទេ​ទាក់​ទង​ទៅ​នឹង​ការ​នាំ​ចូល​ទំ​និញ​ពី​បរ​ទេស​។ ​ការ​បន្លឺ​សម្លេង​ត​ៗ​គ្នា ​ព្រម​ទាំង​មាន​ការ​បង្ហោះ​នៅ​តាម​​ទំ​ព័រ​បណ្តាញ​សង្គម​ផង​នោះ ​ពី​រឿង​ទឹក​ស៊ុប​នេះ ​ បាន​ធ្វើ​ឲ្យ​ប្រ​ជា​ជន​ខ្មែរ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ គេ​នៅ​​មិន​ទាន់​ឃើញ​អា​ជ្ញា​ធរ​ដែល​ពាក់​ព័ន្ធ​ចេញ​មុខ​ ពន្យល់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​។

ទឹកនៅក្នុងប៊ីដុងទាំងនេះត្រូវគេសង្ស័យថាជាទឹកស៊ុបនាំចូល ហើយត្រូវបង្ហោះតាមហ្វេសប៊ុក។
ទឹកនៅក្នុងប៊ីដុងទាំងនេះត្រូវគេសង្ស័យថាជាទឹកស៊ុបនាំចូល ហើយត្រូវបង្ហោះតាមហ្វេសប៊ុក។ Facebook
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​ឮ​សូរ​ថា ​«​ខ្មែរ​នាំ​ទឹក​ស៊ុប​ពី​ប្រ​ទេស​វៀត​ណាម​ចូល​មក​ក្នុង​ប្រ​ទេស​កម្ពុ​ជា​»​ ម​ហា​ជន​បាន​គក់​ដើម​ទ្រូង​ហើយ​លាន់​មាត់​ថា ​ចុះ​ស្រុក​ខ្មែរ​ឥលូវ​ដល់​ថ្នាក់​ហ្នឹង​!​បន្ទាប់​មក​គេ​បន្ទរ​​បន្ថែ ម​ថា​តើ​មាន​អ្វី​ទៀត​ដែល​នឹក​ស្មាន​មិន​ដល់​នឹង​ត្រូវ​នាំ​ចូល​មក​បន្ថែម​ទៀត​ ដែល​គេ​មិន​បាន​ដឹង។

ការ​នាំ​ចូល​ទឹក​ស៊ុប​ពី​ប្រ​ទេស​វៀត​ណាម​នេះ​ ត្រូវ​បាន​បែក​ធ្លាយ​តាម​ប្រ​ព័ន្ធ​បណ្តាញ​សង្គម​មិន​ទាន់​អស់​ចំ​ហាយ​នៅ​ឡើយ​ទេ ​ទោះ​ជា​មាន​ព័ត៌​មាន​មួយ​ចំ​នួន​បាន​ផ្សព្វ​ផ្សាយ​ដើ​ម្បី​ជួយ​ស​ម្រួល​ស្ថាន​ការណ៍​ជ្រួល​ច្រ​បល់ កុំ​ឲ្យ​អ្នក​ប្រ​កប​អា​ជីវ​កម្ម​លក់​គុយ​ទាវ​ និង​លក់​ស៊ុប​មាន​ការ​ប្រ​ឈម​កាន់​តែ​ខ្លាំង​។

ការ​ដែល​មិន​ទាន់​ទុក​ចិត្ត​ទាំង​ស្រុង​របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ ដែល​ម្នាក់​ៗ​បាន​ស៊ាំ​រួច​ទៅ​ហើយ​ក្នុង​ការ​ផ្ទុក​ជាតិ​គី​មី​នៅ​ក្នុង​ខ្លួន​នោះ​ គឺ​ដោយ​សារ​កន្លង​មក​ក៏​ដូច​ជា​បច្ចុ​ប្បន្ន​មាន​ផលិត​ផល​ជា​ច្រើន​ ក្រៅ​ពី​ទឹក​ស៊ុប​នេះ​ត្រូវ​គេ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ តាម​មធ្យោ​បាយ​ផ្សេង​ៗ​ដូច​ជា​បន្លែ ​ផ្លែ​ឈើ​ ភេស​ជ្ជៈ ​និង​គ្រឿង​បរិ​ភោគ​ជា​ច្រើន​ទៀត​ហើយ​ជា​ញឹក​ញយ​គេ​ឃើញ​ស​មត្ថ​កិច្ច​បាន​ចាប់​ជង្គង់​ស្អុយ​រលួយ​នាំ​ចូល​ពី​ថៃ​ដុត​ចោល​ទាំង​តោន​ៗ​ហើយ​មួយ​ចំ​នួន​ក៏​ធ្លាយ​រហូត​មក​ដល់​កណ្តាល​ក្រុង​ភ្នំ​ពេញ ​រាជ​ធា​នី​អច្ឆ​រិ​យៈ​។

ការ​លើក​ឡើង​ពី​រូប​ភាព​ទាំង​អស់​នេះ​បង្ហាញ​ថា ​ពល​រដ្ឋ​ខ្មែរ​ឆាប់​ផ្អើល​ ឆាប់​ខ្លាច ​ហើយ​ក៏​មិន​ងាយ​រសាយ​ទៅ​វិញ​ដែរ​ ខ​ណៈ​ដែល​អ្នក​មាន​លទ្ធ​ភាព​ចាប់​ផ្តើម​គិត​គូរ​ពី​ផល​ប៉ះ​ពាល់​សុខ​ភាព​របស់​គេ​ឡើង​វិញ​។​ជា​ការ​ពិត​ប្រ​ទេស​កម្ពុ​ជា​នៅ​មិន​ទាន់​ក្លាយ​ជា​ប្រ​ទេស​ផលិត​ដើ​ម្បី​នាំ​ចេញ​ពេញ​លេញ​ នៅ​ឡើយ​ទេ​ ក៏​ប៉ុ​ន្តែ​មាន​ការ​នាំ​ចូល​សម្បូរ​បែប​។

ជាង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ​ព័ត៌​មាន​ ស្តី​ពី​ទឹក​ស៊ុប​នាំ​ចូល​ពី​វៀត​ណាម​ត្រូវ​បាន​គេ​ផ្សាយ​ត​ៗ​គ្នា​ ដោយ​មាន​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បា​រម្មណ៍​ថា​អាច​មាន​ដាក់​ជាតិ​គី​មី​ ឬ​ក៏​មិន​ដឹង​ជា​យក​វត្ថុ​អ្វី​ទៅ​ស្ងោរ​ធ្វើ​ទឹក​ស៊ុប​នោះ​ទេ​។​សូ​ម្បី​តែ​ការ​ហៅ​ទូរ​ស័ព្ទ​ចូល​ទៅ​កាន់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួន​នៅ​ក្នុង​កម្ម​វិ​ធី​ដំ​ណឹង​ទាន់​ហេតុ​ការណ៍​ក៏​បាន​លើក​រឿង​នេះ​ដែរ​ ដោយ​អ្នក​ហៅ​ចូល​បាន​ប្រាប់​ពី​ប្រ​ភព​មក​ពី​ខេត្ត​កំ​ពង់​ចាម​។

ការ​នាំ​ចូល​មក​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ត្រូវ​គេ​ធ្វើ​ឡើង​តាម​លក្ខ​ណៈ​ពីរ​យ៉ាង​គឺ​ ទី​១​នាំ​ចូល​ដោយ​ផ្លូវ​ការណ៍​កាត់​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ផ្លូវ​គោក​ធំ​ៗ ​ដោយ​មាន​ការ​ត្រួត​ពិ​និត្យ​ពី​ស្ថា​ប័ន​ពាក់​ព័ន្ធ​នា​នា​មាន​គយ​ កាំ​កុង​ត្រូល​ និង​ប៉ូ​លីស​សេដ្ឋ​កិច្ច​ជា​ដើម​។

រីឯ​ការ​នាំ​ចូល​ម្យ៉ាង​ទៀត​នោះ​គឺ​ជា​ការ​នាំ​ចូល​តាម​ច្រក​របៀង​។​តាម​ការ​ឲ្យ​ដឹង​ពី​ប្រ​ជា​ជន​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​និង​ប្រ​ទេស​ជិត​ខាង​ ការ​នាំ​ចូល​ផលិត​ផល ​សំ​ភា​រៈ​ប្រើ​ប្រាស់​ ផ្សេង​ៗ​ រួម​ទាំង​ប្រេង​សាំង​ផង​នោះ ​ត្រូវ​គេ​ធ្វើ​ឡើង​តាម​ច្រក​របៀង​។​ ច្រក​របៀង​ដែល​ជា​ច្រក​មិន​ផ្លូវ​ការ ​សម្បូរ​ណាស់​នៅ​តាម​ព្រំ​ដែន​កម្ពុ​ជា​ទាំង​ខាង​កើត​ និង​ ខាង​លិច​។ ​តើ​អាច​និ​យាយ​ថា ​ក្នុង​ចំ​ណោម​ទំ​និញ​ដែល​ចូល​មក​តាម​ច្រក​របៀង​ទាំង​អស់​នោះ ​អាច​មាន​ទឹក​ស៊ុប​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ​។​បើ​និ​យាយ​ពី​វត្ថុ​រាវ​ដែល​នាំ​ចូល​ដាក់​ប៊ី​ដុង​វិញ​ មាន​ប្រេង​សាំង ​ស្រាស ​ប្រេង​ឆា​ ហើយ​វត្ថុ​រាវ​ទាំង​អស់​នេះ ​បើ​នៅ​ក្នុង​ប៊ី​ដុង​ហើយ​មើល​ពី​ចំ​ងាយ​ទៅ​ហាក់​ដូច​ស្រ​ដៀង​ៗ​គ្នា​។

តើ​ប្រ​ភព​នៃ​ការ​លើក​ឡើង​ថា ​មាន​ការ​នាំ​ចូល​ទឹក​ស៊ុប​ចេញ​មក​ពី​ណា​?​ ប្រ​ជា​ជន​ឬ​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ជា​អ្នក​ស៊ើប​រឿង​នេះ ​ហើយ​យក​មក​និ​យាយ​ប្រាប់​ម​ហា​ជន​។ ​បើ​មិន​មាន​អ្វី​ជា អំ​ណះ​អំ​ណាង​ច្បាស់​លាស់​ទេ​ ពល​រដ្ឋ​ខ្មែរ​មួយ​ចំ​នួន​នៅ​តែ​មាន​ការ​រអា ​និង​ប្រ​យ័ត្ន​ប្រ​យែង​ក្នុង​ការ​ចូល​ទទួល​ទាន​អា​ហារ​ដែល​ប្រើ​ប្រាស់​ទឹក​ស៊ុប​ជា​រៀង​រាល់​ថ្ងៃ​។

សូម​បញ្ជាក់​ថា​គ្រាន់​តែ​បាន​ទទួល​ដំ​ណឹង​ពី​វត្ត​មាន​ទឹក​ស៊ុប​នាំ​ចូល​ពី​ប្រ​ទេស​វៀត​ណាម​មក​កម្ពុជា​ភ្លាម ​ហាង​គុយ​ទាវ ​និង​អា​ហារ​ដ្ឋាន​ដ​ទៃ​ទៀត​មាន​ការ​ព្រួយ​បារ​ម្មណ៍​ទៅ​ហើយ​ ហើយ​កន្លែង​ខ្លះ​លួច​បង្ហើប​ប្រាប់​ថា​ ទំ​នង​ដូច​ជា​មាន​ការ​ធ្លាក់​ភ្ញៀវ​អំ​ឡុង​ពេល​ដែល​លេច​ឮថា​មាន​ការ​ប្រើ​ប្រាស់​ទឹក​ស៊ុប​វៀត​ណាម​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។​អតិ​ថិ​ជន​ខ្លះ​ចូល​ទៅ​ទទួល​ទាន​ក្នុង​ហាង​តែង​មាន​ការ​សួរ​នាំ​ទៅ​អ្នក​លក់​ពី​រឿង​ឆ្អឹង​ស៊ុប​ ដែល​ឆ្អឹង​ស៊ុប​នេះ​ជា​ភស្តុ​តាង​ដ៏​រឹង​មាំ ក្នុង​ការ​មាន​ជំ​នឿ​ចិត្ត​ថា​ទឹក​ស៊ុប​ពិត​ជា​រំ​ងាស់​ដោយ​ អ្នក​លក់​ផ្ទាល់​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​។

ជា​ការ​កត់​សម្គាល់​គេ​មិន​ ឃើញ​មាន​ការ​ចេញ​មុខ​បំ​ភ្លឺ ​ពន្យល់​ជា​ផ្លូវ​ការ​ ជា​ពិ​សេស​ផ្នែក​កាំ​កុង​ត្រូល​របស់​ក្រ​សួង​ពា​ណិជ្ជ​កម្ម​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដទៃ​ទៀត​។​រឿង​ធំ​បែប​នេះ​គួរ​តែ​សមត្ថ​កិច្ច​មាន​ចំ​ណាត់​ការ​ច្បាស់​លាស់​ ថា​តើ​វា​ជា​ការ​ឃោស​នា​អ​កុ​សល​ ឬ​ក៏​ជា​ការ​ពិត​។

ករណី​បែប​នេះ​គួរ​តែ​មាន​ការ​ ចេញ​សេចក្តី​ប្រ​កាស​ជា​លាយ​លក្ខណ៍​អក្សរ​ណា​មួយ​ ឬ​ក៏​មន្ត្រី​មាន​សមត្ថ​កិច្ច​ចេញ​មុខ​និ​យាយ​ច្បាស់​ៗ ​នៅ​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​ដើ​ម្បី​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​កក់​ក្តៅ ​និង​ជឿ​ទុក​ចិត្ត​ ព្រម​ទាំង​យល់​ថា​បញ្ហា​សុខ​មាល​ភាព​ និង​សុ​វត្ថិ​ភាព​ របស់​ពួក​គេ​ត្រូវ​បាន​ យក​ចិត្ត​ទុក​ដាក់​។

មិន​ថា​តែ​រឿង​ទឹក​ស៊ុប​នេះ​ទេ ​គ្រប់​រឿង​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​អា​រម្មណ៍ ​សុខ​មាល​ភាព និង​សុ​វត្ថិ​ភាព​របស់​ប្រ​ជា​ជន​ អា​ជ្ញា​ធរ​គួរ​តែ​មាន​កិច្ច​អន្ត​រា​គមន៍​ជា​បន្ទាន់​ ដើ​ម្បី​បញ្ចប់​ភាព​រំ​ជើ​ប​រំ​ជួល​។​និ​ង​ដឹង​ស ​ខ្មៅ​ថា​ការ​ពិត​វា​ទៅ​ជា​យ៉ាង​ណា​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ