នាយករដ្ឋមន្ត្រីវៀតណាម ចូលរួមសម្ពោធមន្ទីរពេទ្យជោរៃ
នៅព្រឹកថ្ងៃទី ១៣មករានេះ លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធមន្ទីរពេទ្យ ជោរី ដែលមានទីតាំង នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ បន្ទាប់ពីកម្មវិធីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានចូលរួមក្នុងសន្និសីទ លើកទី ៤ ស្ដីពីការជំរុញវិនិយោគទុន កម្ពុជា-វៀតណាម និង ចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងក្រសួងអប់រំកម្ពុជា និងធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ស្ដីពីការផ្ដល់អាហារូបករណ៍ ៥០កន្លែង ដល់និស្សិតកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៣
លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៣មករានេះ បានធ្វើដំណើររួមគ្នា ទៅសម្ពោធមន្ទីរពេទ្យវៀតណាមជោរៃ ដែលមានទីតាំង នៅជាប់នឹងផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ។ ពិធីសម្ភោធនេះ គឺស្ថិតក្នុងអំឡុងពេល ដែលលោកនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម មកបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី ១២មករា ដល់ថ្ងៃទី ១៤មករា។
មន្ទីរពេទ្យជោរៃ ជាមន្ទីរពេទ្យវៀតណាមដែលមានតម្លៃ១៥លានដុល្លារ និងជាមន្ទីរពេទ្យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ យល់ថាជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។
បន្ទាប់ពីការសម្ពោធមន្ទីរពេទ្យជោរៃនេះ នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី២នេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានចូលរួមក្នុងសន្និសីទលើកទី៤ ស្ដីពីការជំរុញវិនិយោគទុនកម្ពុជា-វៀតណាម ហើយដែលក្នុងសន្និសីទនោះ ក៏មានពិធីប្រគល់អាជ្ញាបណ្ណ ដោយតំណាងក្រសួងផែនការ និងវិនិយោគវៀតណាម ដល់ក្រុមហ៊ុន Saigon Medical Investment JSC នៃមន្ទីពេទ្យ ជោរៃភ្នំពេញ ផងដែរ ។
បន្ទាប់មក នាយករដ្ឋមន្ត្រីនៃប្រទេសជាមិត្តទាំងពីរ នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងក្រសួងអប់រំកម្ពុជា និងធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ស្ដីពីការផ្ដល់អាហារូបករណ៍ ៥០កន្លែង សម្រាប់និស្សិតខ្មែរ ដើម្បីបានទៅសិក្សានៅសាកលវិទ្យាល័យវៀតណាម ។ ជាមួយគ្នានោះ ធនាគារវៀតណាម ក៏នឹងប្រគល់កុំព្យូទ័រចំនួន ១០០ គ្រឿង ដល់ធនាគារជាតិនៃកម្ពុជាផងដែរ ។ នៅពេលល្ងាច នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងជួបទ្វេរភាគី ជាមួយគ្នា នៅវិមានសន្តិភាព។
លុះដល់ថ្ងៃទី ១៤មករា នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ បន្ទាប់មក លោក ង្វៀន តាន់យ៉ុង នឹងចូលគាល់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា មុនពេលធ្វើដំណើរត្រលប់ទៅប្រទេសវៀតណាមវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ