ដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ត្រូវបានផលិតជាវីដេអូចាក់ផ្សាយតាមទូរទស្សន៍
រដ្ឋាភិបាលកម្ពុជា បានផលិតឯកសារវីដេអូ រយៈពេល ៣៥ នាទី ស្តីពីដំណើរការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដើម្បីចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយចំនួន។ ឯកសារវីដេអូថ្មីនោះ ត្រូវចាក់បញ្ចាំង តាមទូរទស្សន៍នានា នៅព្រលប់ថ្ងៃទី២សីហានេះ ដើម្បីបញ្ជាក់ថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិននាំឲ្យកម្ពុជា បាត់បង់ទឹកដីទៅខាងវៀតណាមទេ។ ក៏ប៉ុន្តែសកម្មជនព្រំដែន លោក រ៉ុងឈុន នៅតែរិះគន់ថា រដ្ឋាភិបាលកំពុងតែបំភ័ន្តមតិសាធារណជន ខណៈដែលលោកបានចុះទៅពិនិត្យដោយផ្ទាល់ ហើយឃើញថា បង្គោលព្រំដែនកម្ពុជា-វៀតណាមភាគច្រើន បោះចូលទឹកដីកម្ពុជា។
រដ្ឋាភិបាល តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិតស្ប៉តវីដេអូរយៈពេល ៣៥នាទី ដើម្បីចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ចាប់ពីព្រលប់ថ្ងៃព្រហស្បតិ៍នេះ។
ខ្សែវីដេអូឯកសាររយៈពេល ៣៥ នាទី ស្តីពីដំណើរការបោះបង្គោលព្រំដែននោះ មានការបកស្រាយបញ្ជាក់ពីប្រមុខរដ្ឋាភិបាល អ្នកបច្ចេកទេសព្រំដែន អ្នកច្បាប់ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ដែលបានលើកឡើងថា មិនមានការបាត់បង់ទឹកដីកម្ពុជា ដោយសារការបោះបង្គោលព្រំដែននោះទេ។
លោកទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខ្សែវីដេអូឯកសារនោះ ធ្វើឡើង ដើម្បីបកស្រាយ បំភ្លឺជូនសាធារណជន ក្នុងបំណងបន្សាបលើការធ្វើអាជីវកម្មនយោបាយ អំពីបញ្ហាព្រំដែនរបស់គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។
តាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កន្លងមកមានលោក ស៊ាន ប៉េងសែ ជាពិសេស លោកសមរង្ស៊ី បានរិះគន់លើរដ្ឋាភិបាលកម្ពុជា ដោយហៅលោកនាយករដ្ឋន្ត្រី ហ៊ុន សែន ជាជនក្បត់ជាតិ ធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម។ ក្នុងនោះ ក៏មានការផ្តល់សម្ភាសន៍ដល់អ្នកកាសែតពីអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដូចជា លោករ៉ុង ឈុន ជាដើម ដែលតែងតែលើកថា មិនទទួលយកលទ្ធផលនៃការបោះបង្គោលព្រំដែន ដោយរាជរដ្ឋាភិបាលកម្ពុជាទេ បើសិនជាមិនមានការចូលរួមពីអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិ។
លោក ទិត សុធា បានបន្ថែមថា រដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដោយសំឡេងប្រជាពលរដ្ឋនៅទូទាំងប្រទេស បានប្រគល់ការងារបោះបង្គោលព្រំដែន ឲ្យទៅរដ្ឋាភិបាល ដែលផ្ទុយពីការលើកឡើងដ៏ខុសឆ្គងរបស់អង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនបានសាទរទៅនឹងការរៀបចំស្ប៉តវីដេអូរបស់រដ្ឋាភិបាល ដើម្បីចាក់ផ្សាយតាមទូរទស្សន៍នាពេលនេះឡើយ។ លោកថា ក្នុងស្ថានភាពការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មានភាពមិនប្រក្រតីច្រើននាពេលនេះ ហើយរដ្ឋាភិបាលយកស្ប៉តនោះ ឲ្យប្រជាពលរដ្ឋទស្សនា វាជារឿងបំភ័ន្តមតិសាធារណជនឲ្យមានការភ័ន្តច្រឡំ។
សកម្មជនរិះគន់ព្រំដែន ដែលធ្លាប់ជាប់ពន្ធនាគារ លោក រ៉ុង ឈុន នៅតែអះអាងថា បង្គោលព្រំដែនកម្ពុជា-វៀតណាមភាគច្រើន បានបោះចូលទឹកដីកម្ពុជា ផ្ទុយពីការអះអាងរបស់គណៈកម្មការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ