អានតួអត្ថបទ
បារាំង

សភាបារាំង​ផ្តល់​ទំនុកចិត្ត​អោយ​លោក​ម៉ានុយអែល វ៉ាល់​ ធ្វើជា​នាយក​រដ្ឋមន្ត្រី​

នៅថ្ងៃ​​អង្គារ​ម្សិលមិញ សភា​បារាំង​បាន​បោះឆ្នោត​ផ្តល់​ទំនុកចិត្ត​​ដល់​លោក​ម៉ានុយអែល វ៉ាល់ អោយ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​​ កាន់កាប់​រដ្ឋាភិបាល​បារាំង។ សម្លេង​បោះឆ្នោត​គាំទ្រ​លោក​វ៉ាល់ មាន​៣០៦ សម្លេង ឈ្នះ​សម្លេង​ប្រឆាំង​​ដែល​មាន​រហូត​ដល់​២៣៩សម្លេង​ដែរ។ ​នាយក​រដ្ឋមន្ត្រី​បារាំង​​ថ្មី ម៉ានុអែល វ៉ាល់​បាន​អំពាវនាវ​អោយ​គ្រប់ភាគី​នយោបាយ​ រួបរួមគ្នា ដើម្បី​បំរើ​ជាតិ។​

នាយករដ្ឋមន្ត្រី​បារាំង ​Manuel Valls ថ្លែង​សន្ទរកថា នៅ​សភា​បារាំង ថ្ងៃ​អង្គារ​៨មេសា។
នាយករដ្ឋមន្ត្រី​បារាំង ​Manuel Valls ថ្លែង​សន្ទរកថា នៅ​សភា​បារាំង ថ្ងៃ​អង្គារ​៨មេសា។ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ ​សភា​បារាំង​បាន​បោះឆ្នោត​ផ្តល់​ទំនុកចិត្ត​អោយ​លោក​ម៉ានុយអែល វ៉ាល់ ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បារាំង ដោយសារ​តែ​លោក​វ៉ាល់ បាន​​ធ្វើសន្ទរកថា​នយោបាយ​​ធ្វើអោយ​​អ្នកតំណាងរាស្ត្រ​ច្រើនរូប​ពេញចិត្ត។ លោក​វ៉ាល់ ដែល​ជា​អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​ របស់​អតីតនាយក​​រដ្ឋមន្ត្រី ហ្សង់ម៉ាក អៃរ៉ូល​នោះ បាន​​លើកឡើង​នៅ​ចំពោះ​មុខ​សភា​បារាំង​​ថា នឹង​​សន្សំសំចៃ​ថវិការដ្ឋ​អោយបាន​៥០ពាន់​លាន​អឺរ៉ូ ចាប់​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧។ ពាក្យថា​ ​ជួយ​លើកតំកើង​សេដ្ឋកិច្ច​ជាតិ សន្សំសំចៃ​លុយរដ្ឋ រឺ​ក៏កាត់បន្ថយ​ពន្ធ​ដែល​លោក​វ៉ាល់​បាន​សន្យា​​​ម្សិលមិញ​​នេះ គឺជា​អ្វីដែល​គ្រប់បក្ស​នយោបាយ​បារាំង​​រង់ចាំ​លឺ​ជា​យូរ​ហើយ។​

 
លោកម៉ានុយអែល​ ​​វ៉ាល់ បាន​​​សុំអោយ​​​បក្ស​​ប្រឆាំង​​​ចូលរួម​​ជជែក​ការងារ​​​ក្នុង​លក្ខណៈ​បែប​កសាង។​​ ម្សិលមិញ ​លោក​វ៉ាល់​ក៏​បាន​​ព្យាយាម​ធ្វើ​សន្ទរកថា ​ប្រាប់​​​បក្ស​សង្គមនិយម​​ដែល​កំពុង​កាន់អំណាច ប្រាប់​បក្ស​ការពារ​បរិស្ថាន​ដែល​ជា​ដៃគូ​របស់​បក្ស​កាន់អំណាច ​​ដែរ​ថា លោក​ចង់​ធ្វើការ​ជាមួយ​តំណាង​រាស្ត្រគ្រប់រូប។ 

គួរ​បញ្ជាក់​​ថា ថ្វីបើ​លោកវ៉ាល់ ជាសមាជិក​បក្ស​កាន់អំណាច​ឆ្វេង​និយម​ក៏ពិត​មែន ប៉ុន្តែ សមាជិក​បក្ស​កាន់អំណាច​ និង​បក្ស​ឆ្វេងនិយម​ច្រើន​រូប​មិនសូវ​ពេញចិត្ត​លោក​វ៉ាល់ នោះទេ ព្រោះពួកគេ​យល់ថា គាត់​មាន​ទំនោរ​នយោបាយ​ស្តាំនិយម​ច្រើនជាង។ កន្លងមក បក្ស​ការពារ​បរិស្ថាន​បាន​ប្រកាស​ដើរ​​ចេញពី​រដ្ឋាភិបាល​​​​ ក៏ដោយសារ​តែ​​ប្រធានាធិបតី​ហូឡង់ បាន​ជ្រើស​យក​លោក​វ៉ាល់ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ផងដែរ។ ​ម្សិលមិញ​នេះ ថ្វីបើ​សភា​​​មាន​​​សម្លេង​បោះឆ្នោត​ផ្តល់ទំនុកចិត្ត​អោយ​លោកវ៉ាល់ ដល់​ទៅ​៣០៦សម្លេងក្តី​ សម្លេង​បោះឆ្នោត​ប្រឆាំង​ ​មាន​ដល់​ទៅ​២៣៩សម្លេង​ឯណោះ។ ទន្ទឹម​នេះ​ដែរ ​គេ​ដឹង​ថា តំណាងរាស្ត្រ​បក្ស​កាន់អំណាច​​ជាង​១០រូប មិនបាន​បោះឆ្នោត​​ផ្តល់​ទំនុកចិត្ត​ដល់​លោកវ៉ាល់ទេ។

គួររំលឹក​ថា ​បារាំង​បាន​រុះរើ​សមាសភាព​​រដ្ឋាភិបាល​ចាស់​ចោល ដោយ​តែងតាំង​​លោក​ម៉ានុយអែល វ៉ាល់ អោយ​ធ្វើ​នាយករដ្ឋមន្ត្រី​ថ្មី។ មូលហេតុ​ ​ដោយសារ​តែ​បក្ស​កាន់អំណាច​របស់​ប្រធានាធិបតី​ហូឡង់ បាន​ចាញ់ឆ្នោត​ឃុំ-សង្កាត់ កាលពី​ចុង​ខែ​មិនា​មុននេះ។ ក្នុង​​ការ​បោះឆ្នោត​នេះ ​បក្ស​ប្រឆាំង​ស្តាំនិយម​របស់​អតីត​ប្រធានាធិបតី​សាកូហ្ស៊ី និង​បក្ស​ស្តាំ​ជ្រុលនិយម ​ដណ្តើមបាន​​ក្រុង​​ជាច្រើន​មកកាន់កាប់៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ