អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រដ្ឋកូឡូរ៉ាដូ​ របស់​សហរដ្ឋ​អាមេរិក​ដាក់​លក់​កញ្ឆា​ស្រប​ច្បាប់ រដ្ឋ​ផ្សេង​ទៀត​ស្រម៉ៃ​ចង់​ធ្វើ​តាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះ​មាន​ទឹក​កក​ធ្លាក់​ខ្លាំង អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​យ៉ាងណា​ក៏​ដោយ ក៏​មិន​ខ្លាច​ ! តាំង​ពី​ព្រលឹម​អ្នក​ស្នេហា​កញ្ឆា បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ចាំ​​ហាង​បើក ! ​ចាប់​ពី​ថ្ងៃ​ទី ១​មករា ឆ្នាំ​២០១៤​នេះ តទៅ នៅ​រដ្ឋ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក​ ការ​លក់​ទិញ​កញ្ឆា ជា​ការ​ស្រប​ច្បាប់ និង​អនុញ្ញាត​ដោយ​ច្បាប់។ សម្រាប់​អ្នក​គាំទ្រ ការ​បើក​ទី​ផ្សារ​កញ្ឆា​ដោយ​ចំហ​ដែល​​ជា​នយោបាយ​ឈ្នះៗ ចំណេញ​ទាំង​សង​ខាង ៖ ទាំង​អ្នក​​លក់ ​ទាំង​ហិប​រដ្ឋ និង​​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជួញ​ដូរ​គ្រឿងញៀន​ខុស​ច្បាប់។ ពេល​នេះ​ក្រសែ​ភ្នែក​ពិភពលោក​កំពុង​បាញ់​ទៅ​រក​រដ្ឋ​កូឡូរ៉ាដូ​ ចំពោះ​បទ​ពិសោធន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ព្រួយ​បារម្ភ។

ស្លាក​ឃោសនា​គាំទ្រ​ការ​ដាក់​កញ្ឆា​ឱ្យ​ស្រប​ច្បាប់​នៅសហរដ្ឋ​អាមេរិក
ស្លាក​ឃោសនា​គាំទ្រ​ការ​ដាក់​កញ្ឆា​ឱ្យ​ស្រប​ច្បាប់​នៅសហរដ្ឋ​អាមេរិក REUTERS/Mike Blake
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ នៅ​សហរដ្ឋ​អាមេរិក នៅ​លើ​ពិភពលោក​ផង​ក៏​ថា​បាន ដែល​កញ្ឆា​ត្រូវ​បាន​ដាក់​លក់​ ​ដោយ​សេរី និង​ដោយ​ស្រប​ច្បាប់ ជូន​អតិថិជនទូទៅ ដែលមាន​អាយុ​ចាប់​ពី ២១​ឆ្នាំ​ ឡើង​ទៅ ក្នុង​បរិមាណ​យ៉ាង​ច្រើន​បំផុត ២៨​ក្រាម ដោយ​មិន​ចាំ​បាច់​មាន​លិខិត​ពេទ្យ​ដូច​មុន។

 
ច្បាប់​ដាក់​កញ្ឆា​ជា​របស់​ស្រប​ច្បាប់ សម្រេច​ដោយ​សំឡេង​តំណាង​រាស្ត្រ​ចំនួន​ ៥៥%​ នៃ​រដ្ឋ​កូឡូរ៉ាដូ កាលពី​ខែ​វិច្ឆិកា ២០១២ ទើប​ចូល​ជា​ធរមាន​នៅ​ព្រឹក​​ថ្ងៃពុធ​​ទី ១​មករា​២០១៤ ព្រោះ​គេ​ត្រូវ​ការ​តាក់​តែង​ច្បាប់ ឱ្យ​ល្អិត​ល្អន់ ដើម្បី​គ្រប់​គ្រង​ទីផ្សារ​ ដ៏​មាន​ហានិភ័យ​ ឱ្យ​បាន​ត្រឹមត្រូវ។​ ក្នុង​ថ្ងៃ​ចាប់​ផ្តើម​មាន​ ហាង​លក់​រាយ​ “Coffee Shops” ចំនួន​ជាង​ សែសិប​បាន​​បើក​ទ្វារ​លក់​ដូរ ក្នុង​ចំណោម​ហាង​ទាំង​៣៤៨ ដែល​បាន​ទទួល​សិទ្ធិ​ចែក​ចាយ​លក់​កញ្ឆា ពី​ការិយាល័យ​ប្រមូល​ពន្ធ។

ពន្ធ​នៃ​​ការ​លក់​​ដូរ​កញ្ឆា ត្រូវបាន​កំណត់​ក្នុង​កំរិត ​២៥%។ រដ្ឋ​កូឡូរ៉ាដូ សង្ឃឹម​ប្រមូល​ប្រាក់​​ចូល​ហិប​រដ្ឋ​បាន​រាប់​ពាន់​លាន​​ពីទីផ្សារ​នេះ។ ពន្ធ​៤០​លាន​ដំបូង​នឹង​ត្រូវ​យក​​ទៅ​ឧបត្ថម្ភ​​វិស័យ​អប់​រំ​សាធារណៈ។ គេ​បាន​ដឹង​ថា​​ គ្រាន់​តែ​​​លក់​កញ្ឆា​សម្រាប់​ព្យាបាល​ជំងឺ ដែល​យក​ពន្ធ​ត្រឹម​១៥%សោះ ​ទីផ្សារនេះ​បាន​ប្រមូល​ប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ​ចូល​ហិប​កាលពី​ឆ្នាំ​២០១២។​

ចៅហ្វាយ​​រដ្ឋ​កូឡូរ៉ាដូ និង​អភិបាល​ក្រុង​ Denver ប្រឆាំង​នឹង​ការ​ដាក់​កញ្ឆា​ឱ្យ​លក់​ស្រប​ច្បាប់ ទោះ​បី​ជា​អាច​ប្រមូល​ថវិកា​មក​បំរើ​វិស័យ​សិក្សាធិការ​​ក៏​ដោយ។ ប៉ុន្តែ​ អភិបាលទាំង​ពីរ ក៏​ដូច​ជា​ក្រុម​ប៉ូលិស ត្រូវ​តែ​សម្រប​ខ្លួន​តាម​មតិប្រជាជន ហើយ​សហការ​យ៉ាង​ពេញ​ទំហឹង​ ដើម្បី​ដោយ​ទីផ្សារ​កញ្ឆា​ប្រព្រឹត្ត​ទៅ​តាមច្បាប់ និង​មាន​ការគ្រប់គ្រង​ល្អ​​ តាំង​ពី​ការ​ដាំ​ដុះ​រហូត​ដល់​ការ​ដាក់​លក់​​។ ជា​បឋម អ្នក​ដែលអាច​ទទួល​​អាជ្ញាបណ្ណ​លក់​ ត្រូវ​តែ​​ក្រុម​អ្នក​ធ្លាប់​លក់​ដូរ​កញ្ឆា​​សម្រាប់​ព្យាបាល​ជំងឺ។ ការ​ជក់ ប្រព្រឹត្ត​គ្រឿង​ញៀន​ត្រូវ​តែ​ហាមឃាត់​ជា​ដាច់​ខាត​ នៅ​តាម​ទី​សាធារណៈ។ ថៅកែ​ហាង​មាន​សិទ្ធិ​គ្រប់យ៉ាង​ក្នុង​ធ្វើ​តេស្ត​​លើ​បុគ្គលិក​។ បរិមាណ​នៃ​ការ​លក់​ ត្រូវ​មាន​កំរិត ស្រប​ទៅ​តាម​ស្ថានភាព​ស៊ាំ​របស់​អ្នក​ជក់ ជាពិសេស​ចរាចរណ៍​កញ្ឆា​មាន​ដំណើរ​ការ​ស្រប​ច្បាប់​ក្នុង​រដ្ឋ​កូឡូរ៉ាដូ​ប៉ុណ្ណោះ គ្មាន​នរណា​មាន​សិទ្ធិ​នាំ​គ្រឿង​ញៀន​នេះ​ចេញ​ក្រៅ​រដ្ឋ​បាន​ឡើយ​។

សម្រាប់​ក្រុម​អ្នកគាំទ្រ​ឱ្យ​មាន​ច្បាប់អនុញ្ញាត​លក់​កញ្ឆា សេរីភាព​នៃ​​ការ​លក់​ដូរ​នេះ គឺ​ជា​ដំណើរ​ឈាន​ដល់​ការ​​បិទ​បញ្ចប់​ការ​ហាមឃាត់​។ ការ​ហាមឃាត់​ដែល​មិនធ្លាប់​ចាប់​អ្នក​មាន​កញ្ឆា​ក្នុង​ខ្លួន​បាន​ម្នាក់​សោះ​។ ផ្ទុយ​ទៅ​វិញ​ ការ​បើក​សិទ្ធិ​ស្រប​ច្បាប់ អាច​កាត់​បន្ថយ​ទីផ្សារ​ងងឹត និង​ហានិភ័យ​នៃ​ការ​ជួញ​ដូរ​ខុស​ច្បាប់​ដែល​ជា​ទូទៅ​ច្រើន​រក​ស៊ី​ជាមួយ​ពួក​ឧក្រិដ្ឋជន។ សេដ្ឋកិច្ច​ក៏​មានសកម្មភាពខ្លាំង​ទាក់ទាញ​ទេសចរ​ “គ្រឿង​ញៀន” ប៉ូលិស តុលាការ​ក៏​នឹង​ត្រូវ​ធ្វើ​ការ​ខ្លាំង​និង​ច្រើន​ជាង​មុន។

ប៉ុន្តែ​ចំពោះ​ក្រុម​អ្នក​ប្រឆាំង និង​សមាគម​ប៉ូលិស​អន្តរជាតិ ការ​បើក​សិទ្ធិ​លក់​កញ្ឆា គឺ​ដូច​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការលក់​គ្រឿង​ញៀន ម៉ារីហ័រណា និង​គ្រឿង​ញៀន​ផ្សេងៗ​ទៀត ដែល​ឧស្សាហកម្ម​របៀប​នេះ​ នឹង​មាន​ទំហំ​ធំ​ជាង​បារី និង​មាន​សមត្ថភាព​ធន់​បាន​យូរ​ឆ្នាំ​ណាស់​ប្រឆាំង​រាល់​នឹង​គំនិត​ចង់​គ្រប់គ្រង​វិស័យ​នេះ។ គ្រប់គ្នា​នឹង​ភ្ញាក់​ផ្អើល​បើក​ភ្នែក​ក្រឡោត​ឡើង​។ ប៉ូលិស​តំបន់​ក៏បាន​ព្រមាន​ជា​ស្រេច​នឹង​គ្រោះ​ចរាចរណ៍​កើន​ឡើង​​ខ្លាំង​ បណ្តាលមក​ជក់​គ្រឿង​ញៀន​​ពេល​បើក​បរ។

►សូម​អាន ៖ កញ្ឆា និង​សុខភាព

យ៉ាង​ណា​ក៏​ដោយ ក៏​ពេល​នេះ ការ​គាំទ្រ​​ឱ្យ​បិទ​បញ្ចប់​ការ​ហាមឃាត់​កញ្ឆា បាន​ឡើង​ខ្ពស់​ដល់​កំរិត​។ បណ្តា​ជន​​អាមេរិក ៥៨% ចង់​ឱ្យ​មាន​ការ​លក់​ដូរ​កញ្ឆា​ ម៉ារីហ័រណា ដោយ​សេរី នេះ​បើ​តាម​ការ​ស្ទង់​មតិ កាលពី​ខែ​តុលា ២០១៣។ មតិ​សាធារណៈ​ប្តូរ​ផ្លាស់ រដ្ឋបាល​លោក​អូបាម៉ា ក៏​បង្ខំ​ចិត្ត​សម្រប​ខ្លួន​ទៅ​តាម​នោះ​ដែរ ដោយ​ចេញ​បញ្ជា​ កាលពី​ខែ​សីហា មិន​ឱ្យ​រដ្ឋ​អាជ្ញាធរ​សហព័ន្ធ​ដាក់​ទោស​បុគ្គល​ក្នុង​បញ្ហា​កញ្ឆា​នេះទេ តែ​ត្រូវ​វាយប្រហារ​ដៅ​លើ​បណ្តាញ​ជួញ​ដូរ​វិញ។

 
រដ្ឋ​វ៉ាស៊ីនតោន នៅ​ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក​ ក៏​នឹង​ត្រូវ​ចាប់​បើក​លក់​កញ្ឆា​ដោយ​សេរី​ ចាប់​ពី​រដូវ​ផ្កា​រីក​ខាង​មុខ​ទៅ​ ប៉ុន្តែ​ច្បាប់​អនុញ្ញាត​នេះ មិន​មែន​ជា​របៀបវារៈ​ថ្នាក់​រដ្ឋ​សហព័ន្ធ​ឡើយ។ នៅសហរដ្ឋ​អាមេរិក​មាន​រដ្ឋ​ជាង​២០ ដែល​មាន​លក់​កញ្ឆា​ក្នុង​បុព្វហេតុ​ព្យាបាល​ជំងឺ ហើយ​រដ្ឋ​ទាំង​នេះ​​កំពុង​តាមដាន​បទ​ពិសោធន៍​នៃ​ភាព​ស្រប​ច្បាប់​របស់​កញ្ឆា​ក្នុង​រដ្ឋ​កូឡូរ៉ាដូ មុន​នឹង​សម្រេច​ចិត្ត​ពង្រីក​ការ​ប្រើប្រាស់​​​កញ្ឆា។

នៅ​បរទេស​វិញ ​ប្រទេស​អ៊ុយរាហ្គេ ដែល​បាន​អនុម័ត​ច្បាប់​លក់​កញ្ឆា​ នៅ​ថ្ងៃ​ទី ២២​ធ្នូ ២០១៣ នឹង​អាច​បើក​ទីផ្សារ​កញ្ឆា​ពាក់​កណ្តាល​ឆ្នាំ​២០១៤។ ប្រទេស​នេះ​ចង់​យក​គំរូ​តាម​ហូឡង់ ដោយ​លក់​ឱ្យ​តែ​ជន​ជាតិ​អ៊ុយរូហ្កាយ និង​អ្នក​ស្នាក់​នៅ​យូរ​អង្វែង​ក្នុង​ប្រទេស​នេះ​ មិន​មែន​ជា​អ្នក​ទេសចរ​ទេ។ ហូឡង់​ល្បី​ខាង​សេរីភាព​ផ្នែក​គ្រឿង​ញៀន គ្មានច្បាប់​ទេ ប៉ុន្តែ​អាច​អត់​អោន​​មិន​យក​ទោស​អ្នក​ជក់ និង​អ្នក​លក់​ក្នុង​Coffee Shops តាំង​ពី​ឆ្នាំ​១៩៧៦​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ