អានតួអត្ថបទ
ស៊ីរី

អាមេរិក​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើន​ទណ្ឌកម្ម​លើ​ស៊ីរី

នៅថ្ងៃ​សុក្រ ១២ សីហា ២០១១​​នេះ កងទ័ព​ស៊ីរី​នៅតែ​បន្ត​ប្រើ​កម្លាំង​បង្រ្កាប​បាតុករ​ប្រឆាំង បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​ ១៦​នាក់​បាត់បង់​ជីវិត។ លោកស្រី​ហ៊ីឡារី គ្លីនតុន​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ទាមទារ​ឲ្យ​​ចិន ឥណ្ឌា និង​រុស្ស៊ី ចូលរួម​​ដាក់ទណ្ឌកម្ម​លើ​របបដឹកនាំ​ស៊ីរី ដើម្បី​​ដាក់សម្ពាធ​ឲ្យ​លោក​​អាសាដ​បញ្ឈប់​អំពើ​ហិង្សា​លើ​​បាតុករ។ លោក​អូបាម៉ា​វិញ កំពុង​តែ​ពិចារណា​ចង់​ប្រកាស​ជា​សាធារណៈ ទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពី​តំណែង។

រថក្រោះ​នៃ​កងទ័ព​ស៊ីរី ដែល​ត្រូវ​គេ​ប្រើ​ដើម្បី​បង្រ្កាប​បាតុករ​ប្រឆាំង
រថក្រោះ​នៃ​កងទ័ព​ស៊ីរី ដែល​ត្រូវ​គេ​ប្រើ​ដើម្បី​បង្រ្កាប​បាតុករ​ប្រឆាំង REUTERS/Social media website
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ពុធ អាមេរិក​បាន​សម្រេច​បង្កើន​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ពីរ​ទៀត​របស់​ស៊ីរី គឺ​ធនាគារ​ពាណិជ្ជ និង​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ដ៏ធំ​បំផុត​របស់​ស៊ីរី។ ក៏ប៉ុន្តែ ទណ្ឌកម្ម​ទាំងនេះ​ហាក់ដូចជា​មិនមាន​ប្រសិទ្ធិភាព​អ្វី​នោះ​ទេ។ កងទ័ព​ស៊ីរី​នៅតែ​បន្ត​ប្រើ​កម្លាំង​បង្រ្កាប​​បាតុករ​ប្រឆាំង​។ ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ លោកស្រី​ហ៊ីឡារី គ្លីនតុន ​បាន​​ទាមទារ​ឲ្យ​ចិន និង​ឥណ្ឌា​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​របស់​ស៊ីរី ហើយ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​លក់​អាវុធ​ទៅ​ឲ្យ​ស៊ីរី។

គួរ​បញ្ជាក់ថា ចិន និង​ឥណ្ឌា គឺ​ជា​ប្រទេស​ដែល​មាន​ការវិនិយោគ​យ៉ាងច្រើន​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​នៅ​ស៊ីរី។ ចំណែក​រុស្ស៊ី​វិញ​គឺ​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដ៏​ចម្បង​មួយ​របស់​​ស៊ីរី។

មន្រ្តី​សេតវិមាន​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អាអែហ្វប៉េ (AFP) ថា រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​ពិចារណា​ធ្វើការ​ប្រកាស​ជាសាធារណៈ ទាមទារ​ឲ្យ​លោក​​បាស្ហា អាល់ អាសាដ ចុះចេញ​ពី​តំណែង​ប្រធានាធិបតី​ស៊ីរី។ មន្រ្តី​នេះ​បាន​បង្ហើប​ឲ្យដឹង​ថា ការប្រកាស​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ។ ក៏ប៉ុន្តែ លោកស្រី​គ្លីនតុន​វិញ បាន​អះអាង​ថា អាមេរិក​មិនចង់​​ប្រកាស​ទាមទារ​ឲ្យ​មេដឹកនាំ​ស៊ីរី​ចុះចេញ​ពី​តំណែង ដោយ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ផ្សេងទៀត​នោះទេ។

គួររំឭក​ឡើងវិញថា កន្លងមក​ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​​ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​​ថ្កោលទោស​ស៊ីរី​ម្តង​រួចមកហើយ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​បាតុករ។ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ព្រមទាំង​មហាអំណាច​ក្នុង​តំបន់​​មជ្ឈិមបូព៌ា រួមមាន តួកគី អេហ្ស៊ីប និង​​អារ៉ាប៊ី​សាអ៊ូឌីត ជាដើម ក៏​សុទ្ធតែ​បាន​ទាមទារ​ឲ្យ​​ស៊ីរី​បញ្ឈប់​ការ​ប្រើ​កម្លាំង​បង្រ្កាប​បាតុកម្ម​ដែរ។ ក៏ប៉ុន្តែ ទាហាន​ និង​រថក្រោះ របស់​ស៊ីរី នៅតែ​បន្ត​ធ្វើ​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុមបាតុករ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ស្ទើរតែ​រាល់ថ្ងៃ។ បើ​យោងតាម​មន្រ្តី​អ.ស.ប.​ រហូត​មកទល់ពេលនេះ​មាន​​ជនស៊ីវិល​​ប្រមាណ​ ២ពាន់​នាក់​ហើយ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការ​បង្រ្កាប​បាតុកម្ម នៅស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ