អានតួអត្ថបទ
រុស្ស៊ី​-អាមេរិក

សហរដ្ឋ​អាមេរិក ៖ ម៉ូស្គូ​រំលោភ​សន្ធិសញ្ញា​​អាវុធនុយក្លេអ៊ែរ​ទ្វេ​ភាគី

សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់​រុស្ស៊ី​ ថា​បាន​រំលោភ​សន្ធិសញ្ញា​ត្រួត​ពិនិត្យ​អាវុធ​ ឆ្នាំ​១៩៨៧ ដោយ​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​។ នេះ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ដែល​បាន​អះអាង​ថា បាន​លើក​យក​បញ្ហា​ដ៏​សំខាន់​មួយ​នេះ​មក​ពិភាក្សា​ជាមួយ​រុស្ស៊ី​ ច្រើន​ដង​មក​ហើយ។

លោកពូទីន​ប្រធានាធិបតី​រុស្ស៊ី ត្រួត​មើលការ​បាញ់​មីស៊ីល (ឆ្នាំ​២០០៥)
លោកពូទីន​ប្រធានាធិបតី​រុស្ស៊ី ត្រួត​មើលការ​បាញ់​មីស៊ីល (ឆ្នាំ​២០០៥) REUTERS/ITAR-TASS
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ខ្លាំង​ណាស់​ ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ រុស្ស៊ី​គោរព​តាម​សន្ធិសញ្ញា​ឆ្នាំ​ ១៩៨៧ និង​រំលាយ​អស់​នូវ​អាវុធ​ហាមឃាត់​ទាំង​អម្បាល​ម៉ាន​ពី​ទឹកដី និង​ដែល​គេ​អាច​ធ្វើ​ការ​​ផ្ទៀង​ផ្ទាត់​បាន។ វ៉ាស៊ីនតោន បាន​ត្រៀម​ជា​ស្រេច​ បើក​​ការ​ចរចា​ជាន់​ខ្ពស់​ទ្វេភាគី​ ភ្លាម​ៗ ដើម្បី​​ប្រាកដ​ក្នុង​ចិត្ត​ថា​រុស្ស៊ី​ពិត​ជា​បាន​បំពេញ​កាតព្វកិច្ច​​តាម​ការ​តម្រូវ និង​ផ្តល់​តម្លៃ​ខ្ពស់​ណាស់​ដល់​សន្ធិសញ្ញា​ត្រួត​ពិនិត្យ​អាវុធ ឆ្នាំ​១៩៨៧ ទើប​ប្រធានាធិបតី​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ទៅ​សមភាគី​រុស្ស៊ី​លោក វា្លដេមៀ ពូទីន។

 
តាមការពិត រុស្ស៊ី​​​បាន​សាក​ល្បង​មីស៊ីល​ រំលោភ​សន្ធិសញ្ញា តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ! កាលពី​ខែ​មករា ដើម​ឆ្នាំ វ៉ាស៊ីនតោន​ធ្លាប់​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជុំ​វិញ​បញ្ហា​សាកល្បង​មីស៊ីល​នេះ​ ដោយ​បានត្រឹម​​គូស​បញ្ជាក់ថា ម៉ូស្គូ​ទំនងជា​បាន​រំលោភ​សន្ធិសញ្ញា​​ស្តីពី​កម្លាំង​នុយក្លេអ៊ែរអន្តរការ ចុះ​ថ្ងៃ​ទី ៨ ធ្នូ ១៩៨៧ រវាង​សហរដ្ឋ​អាមេរិក​និង​អតីត​សហភាព​សូវៀត។​ ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​ញីវយ៉កថែមស៍ បាន​ផ្តើម​សាក​ល្បង​មីស៊ីល តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។

សន្ធិសញ្ញា​ស្តី​ពី​អាវុធ​នុយក្លេអ៊ែរ​អន្តរការ​នេះ ដំបូង​ឡើយ​ជា​​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត (មុន​នឹង​ក្លាយ​ជា​សន្ធិសញ្ញាពហុ​បក្ស​ ក្រោយ​ការ​ដួល​រលំ​របបសហភាព​សូវៀត) បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​ ១ មិថុនា ឆ្នាំ​ ១៩៨៨​។ នៅ​ក្នុង​សន្ធិសញ្ញា ភាគី​ទាំង​ពីរ អាមេរិក​និង​រុស្ស៊ី ត្រូវ​មាន​កាតព្វកិច្ច​ កាត់​បន្ថយ​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ គិត​ចាប់​ពី​ថ្ងៃ​ដែល​សន្ធិសញ្ញាមាន​សុពលភាព​ទៅ រាល់​​​អាវុធ​មីស៊ីល​ គ្រប់​ប្រភេទ​បាញ់​ចេញ​ពី​ដី​ ក្នុង​រយៈ​ចម្ងាយ​ពី ៥០០ ទៅ ១០០០គីឡូម៉ែត្រ និង​មីស៊ីស​រយៈ​ឆ្ងាយ​ ពី ១០០០ ទៅ ៥៥០០គ.ម.។ នេះ​បើ​តាម​អង្គការ​សហប្រជាជាតិ។
​អ្វី​ជា​ការ​កត់ស​ម្គាល់ គឺ​អាមេរិក​បាន​សង្ស័យ​ពី​ការ​រំលោភ​សន្ធិសញ្ញា​យូរ​ហើយ ប៉ុន្តែ​ការ​បង្ហើប​ព័ត៌មាន​ចោទ​ប្រកាន់រុស្ស៊ី​ ​ ទើប​តែ​ធា្លក់​មក​ ​ក្នុង​ខណៈ​ដែល​ទំនាក់ទំនង សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី កំពុង​តាន​តឹង​ខ្លាំង​ជាពិសេស ដោយ​មូលហេតុ​​វិបត្តិ​នៅ​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ