អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អាមេរិក​មាន​កាតព្វកិច្ច​ត្រូវ​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តីទូត​អ៊ីរ៉ង់​ប្រចាំ​អ.ស.ប​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីពេល​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អ.ស.ប ដែល​ទើប​នឹង​ទទួល​បាន​ការ​តែងតាំង ហើយ​ដែល​ត្រូវ​ចូល​ទៅ​បំពេញ​ការងារ នៅ​ក្នុង​ទីស្នាក់ការ​អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក។ ការបដិសេធ​ទិដ្ឋាការ​នេះ​បាន​ធ្វើ​ឲ្យ​សំណួ​រផ្លូវច្បាប់​មួយ​​ត្រូវ​ចោទឡើង​ថា តើ​សហរដ្ឋ​អាមេរិក ក្នុងនាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ទទួល​ឲ្យ​មាន​ទីស្នាក់ការ​អ.ស.ប មាន​សិទ្ធិ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​​មន្រ្តី​ទូត​របស់​ប្រទេស​សមាជិក​ ដែល​ត្រូវ​ទៅ​បំពេញ​ការងារ នៅ​ញូវយ៉ក​ដែរ​ឬ​ក៏​យ៉ាងណា?

សាលមហា​សន្និបាត​​នៅ​ទីស្នាក់ការ​​ធំ​របស់​អ.ស.ប​
សាលមហា​សន្និបាត​​នៅ​ទីស្នាក់ការ​​ធំ​របស់​អ.ស.ប​ UN / Paulo Filgueiras
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​ពន្យល់ថា អាមេរិក​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​​​លោក​​ហាមីដ អាប៊ូតាលេប៊ី (Hamid Aboutalebi) គឺ​ដោយសារ​តែ​ឯកអគ្គរដ្ឋទូត​ ដែល​ទើប​នឹង​តែងតាំង​ថ្មី​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​វាយប្រហារ​ចូល​ក្នុង​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ង់ ព្រមទាំង​ចាប់​ពលរដ្ឋ​អាមេរិក​ជា​ចំណាប់​ខ្មាំង កាល​ពី​ឆ្នាំ​១៩៧៩។

អាមេរិក​បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់​ដាក់​មនុស្ស​ថ្មី​មក​ជំនួស​លោក​អាប៊ូតាលេប៊ី ក៏ប៉ុន្តែ រដ្ឋាភិបាល​អ៊ីរ៉ង់​បដិសេធ ហើយ​បាន​​ធ្វើការ​​តវ៉ា​ជា​ផ្លូវការ​ទៅកាន់​អ.ស.ប ដោយ​បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​ច្បាប់​របស់​អ.ស.ប បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​​ជជែក​អំពី​បញ្ហា​នេះ។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​លើកឡើង​ថា ការជ្រើសរើស​អ្នកណា​ឲ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​នៅ​អ.ស.ប វា​គឺ​ជា​សិទ្ធិ​អំណាច​ផ្តាច់មុខ​របស់​អ៊ីរ៉ង់ ហើយ​ថា អាមេរិក ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ របស់​​អ.ស.ប មាន​កាតព្វកិច្ច​ផ្តល់​ទិដ្ឋាការ​ដល់​​​គ្រប់​មន្រ្តី​ទូត​របស់ប្រទេស​ជា​សមាជិក ដែល​ត្រូវ​ចូល​ទៅ​បំពេញ​ការងារ នៅ​ទីក្រុង​ញូវយ៉ក។

អ្វី​ដែល​បាន​លើកឡើង​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​នេះ គឺ​ជាទឡ្ហីករណ៍ ដែល​មាន​មូលដ្ឋាន​តាម​ច្បាប់​អន្តរជាតិ ពីព្រោះ​ថា កាល​ពី​ឆ្នាំ​១៩៤៧ សហរដ្ឋ​អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ​អ.ស.ប ទាក់ទង​នឹង​ការ​ដាក់តាំង​ទីស្នាក់ការ​អ.ស.ប នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ដោយ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​មាន​ចែងពី​កាតព្វកិច្ច​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​ផ្តល់​ទិដ្ឋាការ​ឲ្យ​មន្រ្តី​ទូត​អ.ស.ប ធ្វើ​ដំណើរ​ទៅ​ញូវយ៉ក ដើម្បី​​​បំពេញ​មុខងារ​របស់​ពួកគេ។

ក៏ប៉ុន្តែ នៅ​ពេល​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៤៧​នេះ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ ដែល​ចែង​ថា អាមេរិក​រក្សា​សិទ្ធិ​​បដិសេធ​ទិដ្ឋាការ​​មិន​ឲ្យ​មន្រ្តី​បរទេស​​ធ្វើ​ដំណើរ​មកញូវយ៉ក ប្រសិន​បើ​អាមេរិក​មើល​ឃើញ​ថា ​មន្រ្តី​នោះ​អាច​ជា​ការ​គំរាមកំហែង​​ដល់​​សន្តិសុខ​ជាតិ​អាមេរិក។

កន្លងមក គេឃើញ​ថា អាមេរិក​ធ្លាប់​បាន​លើក​យក​ច្បាប់​នេះ ដើម្បី​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ឥស្សរជន​បរទេស​មួយ​ចំនួន​ ដែល​ត្រូវ​ទៅ​ចូល​រួម​ក្នុង​មហាសន្និបាត​អ.ស.ប ដូចជា ករណី​លោក​យ៉ាស៊ែរ អារ៉ាហ្វាត ប្រធាន​អាជ្ញាធរ​រំដោះ​ជាតិ​ប៉ាឡេស្ទីន កាល​ពី​ឆ្នាំ​១៩៨៨ និង​លោក​អូម៉ា អាល់​បាស្ហៀរ (Omar al-Bashir) ប្រធានាធិបតី​ស៊ូដង់ កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ​ថ្មីៗ​នេះ។

ដោយសារតែ​ច្បាប់​នេះ​មិនមាន​ចែង​ អំពី​ករណី​មន្រ្តី​ទូត​អ.ស.ប ទើប​កាល​ពី​សប្តាហ៍​មុននេះ អាមេរិក​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​ទៀត ដែល​ចែងអំពី​ការ​ហាមឃាត់​មិន​ឲ្យ​​ចូល​ទៅ​ក្នុង​ទឹកដី​អាមេរិក ចំពោះ​ឯកអគ្គរដ្ឋទូត​​អ.ស.ប​រូបណា “ដែល​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម”។

ក៏ប៉ុន្តែ សម្រាប់​អ្នក​ច្បាប់​ភាគច្រើន​ អាមេរិក​មិន​អាច​​លើក​យក​ច្បាប់​ទាំងនេះ​មក​ធ្វើ​ជា​មូលដ្ឋាន ដើម្បី​គេចចេញ​ពី​កាតព្វកិច្ច​​​ជា​ប្រទេស​ម្ចាស់ផ្ទះ​របស់​អ.ស.ប​នោះទេ ពីព្រោះ​ថា ច្បាប់​ទាំង​នេះ គឺ​ជា​ច្បាប់​ផ្ទៃ​ក្នុង​របស់​អាមេរិក ហើយ​សិទ្ធិ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​នេះ មិន​​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៤៧ ឬ​ក៏​ត្រូវ​​ទទួល​បាន​​ការ​យល់ព្រម​ពី​សំណាក់​​អ.ស.ប​នោះទេ។

ដូច្នេះ បើ​និយាយ​តាម​ច្បាប់​អន្តរជាតិ​ អ៊ីរ៉ង់​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ​ ក្នុងការ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ទិដ្ឋាការ​ដល់​លោក​អាប៊ូតាលេប៊ី។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ គេហាក់ដូចជា​មិនឃើញ​ថា អ៊ីរ៉ង់​​មានមធ្យោបាយ​ណាដែល​អាច​ធ្វើ​ឲ្យ​អាមេរិក​ផ្លាស់ប្តូរ​ជំហរ​មកវិញ​បាន​នោះទេ។

អ៊ីរ៉ង់​អាច​ស្នើ​សុំ​អន្តរាគមន៍​ពី​សំណាក់​មហាសន្និបាត​អ.ស.ប ក៏ប៉ុន្តែ អ៊ីរ៉ង់​​ក៏មិន​ប្រាកដ​ថា​នឹង​អាច​ទទួល​បាន​​​សំឡេង​ភាគច្រើន​ ក្នុង​ចំណោម​ប្រទេស​សមាជិក​អ.ស.ប​នោះដែរ ដោយសារ​តែ​លោក​​អាប៊ូតាលេប៊ី ដែល​ត្រូវ​អាមេរិក​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​នេះ​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​វាយប្រហារ​ និង​ចាប់ចំណាប់​ខ្មាំង​នៅ​​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ង់​ កាល​ពី​ឆ្នាំ​១៩៧៩។ ទង្វើ​ដែល​ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ចាត់ទុក​ថា​ជា​ការ​រំលោភ​យ៉ាង​កម្រោល​ទៅ​​លើ​ច្បាប់​អន្តរជាតិ។

ម្យ៉ាងទៀត បើទោះបី​ជា​អ៊ីរ៉ង់​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន នៅ​ក្នុង​មហាសន្និបាត​អ.ស.ប​ក៏​ដោយ បើសិនជា​​អាមេរិក​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង អ.ស.ប​ក៏​ហាក់ដូចជា​មិនមាន​មធ្យោបាយ​អ្វី​ ដែល​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ខំ​ឲ្យ​អាមេរិក​ធ្វើ​តាម​​នោះដែរ។

ជាក់ស្តែង គេឃើញ​ថា កាលពីឆ្នាំ​១៩៨៨ នៅ​ពេល​ដែល​អាមេរិក​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​លោក​យ៉ាស៊ែរ អារ៉ាហ្វាត អ.ស.ប​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់ប្តូ​រ​ទីកន្លែង​ប្រជុំ ពី​ញូវយ៉ក ទៅ​ធ្វើ​នៅ​ទីក្រុង​ហ្សឺណែវ​វិញ។ ចំណែក​ករណី​អាមេរិក​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​​ប្រធានាធិបតី​ស៊ូដង់ កាល​ពីឆ្នាំ​២០១៣ ក៏​គេ​មិនឃើញ​មាន​ប្រតិកម្ម​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ពី​សំណាក់​អ.ស.ប ឬ​ពី​សំណាក់​ប្រទេស​ជា​សមាជិក ដោយសារ​តែ​​ប្រធានាធិបតី​ស៊ូដង់​​​ត្រូវ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ចោទប្រកាន់ និង​ចេញដីកា​ចាប់ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​ក្នុង​តំបន់​ដារហ្វួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ