ចិន-ជប៉ុន-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 14 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 14 កញ្ញា 2012

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​និង​ជប៉ុន

លោក Leon Panetta រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក
លោក Leon Panetta រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក
REUTERS/Yuri Gripas

ដោយ សេង ឌីណា

មន្រ្តីរដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ឲ្យដឹង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា នៅ​ចុងសប្តាហ៍​នេះ លោក​ Leon Panetta រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​នឹង​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​​​ប្រទេសចំនួន ៣ ក្នុង​តំបន់​អាស៊ី គឺ ចិន ជប៉ុន និង​នូវែលសេឡង់។ ដំណើរទស្សនកិច្ច​នេះ​ធ្វើឡើង នៅចំពេល​ដែល​ភាព​តានតឹង​រវាង​ចិន និង​ជប៉ុន កំពុង​តែ​កើនឡើង​ខ្លាំង ជុំវិញ​ជម្លោះ​ដណ្តើម​កោះ។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

14/09/2012

បន្ទាប់​ពីលោកស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ពេលនេះ​ ដល់វេន​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​​ម្តង ដែល​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី។ ដំណើរទស្សនកិច្ច​របស់​លោក ​Leon Panetta នៅ​ពេលនេះ ក៏​ជា​ដំណើរទស្សនកិច្ច​លើកទី៣​ហើយ​ដែរ នៅ​ក្នុង​តំបន់​អាស៊ី នៅ​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅនេះ។ ទាំងនេះ​ជា​ការ​បញ្ជាក់​កាន់តែ​ច្បាស់​ថែមទៀត ពី​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា ដែល​ចង់​ពង្រឹង​ឥទ្ធិពល​​របស់​អាមេរិក​នៅ​អាស៊ី។
 
ដំណើរទស្សនកិច្ច​របស់​លោក Leon Panetta នឹង​ចាប់ផ្តើម​ពី​ប្រទេស​ជប៉ុន មុននឹង​ធ្វើ​ដំណើរទៅ​ចិន ហើយ​បញ្ចប់​នៅ​ប្រទេស​នូវែល​សេឡង់។ ដំណើរទស្សនកិច្ច​នេះ​​កើតឡើង​ជួនចំពេល​ដែល​​ចិន និង​ជប៉ុន​​កំពុង​តែ​ប្រឈមមុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង ទាក់ទង​នឹង​ជម្លោះ​ដណ្តើម​ប្រជុំកោះ ដែល​ជប៉ុន​ហៅថា សេនកាគូ ហើយ​ចិន​ហៅថា Diaoyu។
 
នៅ​ថ្ងៃ​សុក្រ​នេះ នាវា​ល្បាត​របស់​ចិន​ចំនួន ៦គ្រឿង​បាន​ធ្វើ​ដំណើរ​ចូល​ទៅក្នុង​ដែនទឹក​​នៃ​ប្រជុំកោះ​ជាប់ជម្លោះ។ រដ្ឋាភិបាល​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​តូក្យូ ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​ហេតុការណ៍​នេះ។ ភាពតានតឹង​ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ​​នេះ​បាន​កើនឡើង​ខ្លាំង ក្រោយ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រមូល​ទិញ​ដី​​ជា​កម្មសិទ្ធិ​ឯកជន​ទាំងអស់ នៅលើ​ប្រជុំកោះនេះ យក​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ផ្ទុះ​កំហឹង។
 
ជម្លោះ​ដណ្តើម​កោះ​​នេះ​​​ទំនង​ជា​នឹង​ត្រូវ​ក្លាយ​ជា​របៀបវារៈ​ដ៏​ចម្បងមួយ ក្នុង​ដំណើរ​ទស្សនកិច្ច​​របស់​លោក Panetta នៅជប៉ុន។ របៀបវារៈ​សំខាន់​មួយ​ទៀត គឺ​គម្រោង​​របស់​អាមេរិក ដែល​​ចង់​ដាក់ពង្រាយ​យន្តហោះ​​ប្រភេទ​ថ្មី​ទំនើបៗ​ ចំនួន ១២​គ្រឿង នៅ​មូលដ្ឋាន​ទ័ព​អាមេរិក​ នៅលើ​កោះ​អូគីណាវ៉ា ហើយ​ដែល​ប្រជាជន​នៅ​អូគីណាវ៉ា​កំពុងតែ​តវ៉ា​ខ្លាំង។
 
​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ឲ្យដឹង​ថា នៅ​​ក្នុង​ដំណើរទស្សនកិច្ច​ទៅ​ចិន លោក​ Leon Panetta គ្រោង​នឹងជួប​ជាមួយ​ថ្នាក់ដឹកនាំ​កងទ័ព​​កំពូលៗរបស់​ចិន ដោយ​​សង្ឃឹម​ថា ជំនួប​ទាំងនោះ​​នឹង​អាចជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​​កងទ័ព​អាមេរិក និង​កងទ័ព​​ចិន ហើយ​​អាច​ជំរុញ​ឲ្យ​ចិន​បង្កើន​តម្លាភាព​ ​ទាក់ទង​នឹង​នយោបាយ​ការពារជាតិ​របស់​ខ្លួន៕

tags: ចិន - ជប៉ុន - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close