អានតួអត្ថបទ
កម្ពុជា

ទោះ​​ជា​​មាន​​ការ​​ប្រើ​ប្រាស់​​ប្រព័ន្ធ​​តុលាការ​តែ​​មេដឹកនាំ​​សហជីព​​នៅ​​តែ​​បន្ត​យុទ្ធនា​ការ​ទាមទារ​ឡើង​ប្រាក់​ខែ​កម្មករ​ ១៧៧​ ដុល្លារ​ ចាប់​ពី​ថ្ងៃ​១៧​កញ្ញា

មេដឹកនាំ​សហជីព​កម្មករ​យ៉ាង​ហោច​ណាស់ ​ចំនួន ​៤ ​បាន​ថ្លែង​ការណ៍​ ប្រកាស​បន្ត​យុទ្ធនា​ការ​ ទាម​ទារ​ឡើង​ប្រាក់​ខែ​កម្មករ​រោងចក្រ​កាត់ដេរ​ ១៧៧​ ដុល្លារ។​ យុទ្ធនា​ការ​នោះ ​នឹង​ធ្វើ​ឡើង​ ចាប់​ពី​ថ្ងៃ​ទី​១៧​កញ្ញា​តទៅ ​តាម​រយៈ​ការ​ជួប​ជុំ​តាម​សហគ្រាស​រោងចក្រ​កាត់​ដេរ​ តែ​មិន​មាន​ការ​ជួប​ជុំ ​ហែ​ក្បួន​តាម​ផ្លូវ​ទេ។ ​ជា​សេចក្តី​ប្រកាស​ បន្ទាប់​ពី​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​កោះ​ហៅ​មេដឹកនាំ​សហជីព​កម្មករ​ ចូល​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់​ កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា ​ក្នុង​រឿង​បាតុកម្ម​ កើត​អំពើ​ហិង្សា ​នៅ​ផ្លូវ​វេងស្រេង​ កាល​ពី​ដើម​ឆ្នាំ​នេះ។

ការធ្វើបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរ នាពេលកន្លងមក។
ការធ្វើបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរ នាពេលកន្លងមក។ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

តំណាង​សហព័ន្ធ​សហជីព​កម្មករ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចំហរ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៣​កញ្ញា ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​សហជីព​កម្មករ​ លោក​ ប៉ាវ​ ស៊ីណា ​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ ​ក្រោម​បទ​ចោទ​ប្រកាន់​ ក្នុង​រឿង​បាតុកម្ម​ កើត​អំពើហិង្សា ​នៅ​ផ្លូវ​វេងស្រេង​ កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​២០១៤​នេះ។

ក្នុង​សំណុំ​រឿង​នេះ ​លោក ​ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ ​ត្រូវ​បាន​ចៅក្រម ​ចេញ​ដីកា​កោះ​ហៅ ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ ទី​១៥កញ្ញា។ ​រី​ឯ​លោក​អាត់​ធន់​ត្រូវ​ចូល​តុលាការ​ នៅ​ថ្ងៃ​១៨​កញ្ញា ​ក្នុង​នាម​ជា​ជន​ជាប់​ចោទ ​ក្នុង​សំណុំរឿង​បាតុកម្ម ​នៅ​ផ្លូវ​វេងស្រេង​ កាល​ពី​ដើម​ឆ្នាំ​នេះ។

តាម​សេចក្តី​ថ្លែងការណ៍ ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ប្រឆាំង​មេដឹកនាំ​សហជីព​កម្មករ​ យ៉ាង​ហោច​ណាស់​ ៦​ រូប​ នៅ​ពេល​នេះ ​គឺ​ដើម្បី​ដាក់​សម្ពាធ​លើ​មេដឹកនាំ​សហជីព​ ក្នុង​អំឡុង​ពេល​រៀប​ចំ​ធ្វើ​យុទ្ធនា​ការ​ប្រាក់​ឈ្នួល ​ហើយ​ក៏​ជា​ការ​គំរាម​កំហែង​ផ្នែក​ស្មារតី ​និង​បំបិទ​សិទ្ធិ​សេរីភាព​សហជីព​យ៉ាង​ធ្ងន់ធ្ងរ។ ​មេដឹកនាំ​សហជីព​ ក៏​ចាត់​ទុក​ថា​ វិធាន​ការ​ផ្លូវ​ច្បាប់​របស់​តុលាការ​ នៅ​ពេល​នេះ​ ក៏​ជា​ចេតនា​យ៉ាង​ច្បាស់ ​ដើម្បី​ឲ្យ​មេដឹកនាំ​សហជីព ​បញ្ឈប់​សកម្មភាព​តវ៉ា​ប្រាក់​ឈ្នល​តទៅ​ទៀត។

ប៉ុន្តែ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍ ​ដែល​មាន​ឈ្មោះ​មេដឹកនាំ​សហជីព​តែ ​៤ ​រូប ​បាន​បញ្ជាក់​ថា ​សហជីព​កម្មករ​ នៅ​តែ​បន្ត​យុទ្ធនា​ការ​ ទាម​ទារ​ឲ្យ​និយោជក ​រាជ​រដ្ឋាភិបាល ​និង​អ្នក​បញ្ជា​ទិញ ​ដំឡើង​ប្រាក់​ឈ្នួល ​១៧៧​ ដុល្លារ​ ដល់​កម្មករ​រោងចក្រ​កាត់​ដេរ​ ឬ​ប្រាក់​ឈ្នួល​សមរម្យ ​ដែល​អាច​ទទួល​យក​បាន។ ​ជា​គម្រោង​ យុទ្ធនា​ការ​ទាម​ទារ​ប្រាក់​ឈ្នួល ​១៧៧ ​ដុល្លារ​ ចាប់​ផ្តើម​ធ្វើ​ពីថ្ងៃ​ទី​១៧​កញ្ញា​ត​ទៅ។

យុទ្ធនា​ការ​ប្រាក់​ឈ្នួល ​១៧៧ ​ដុល្លារ​ នៅ​ថ្ងៃ​ទី​១៧​កញ្ញា ​ត្រូវ​បាន​លោក ​ប៉ាវ​ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​បញ្ជាក់​ថា ​សម្ព័ន្ធ​សហជីព​កម្មករ​ទាំង​ ៨​ នឹង​ជួប​ជុំ​ជា​មួយ​កម្មករ​ នៅ​ជិត ​៣០០​ កន្លែង ​តាម​សហគ្រាស​រោង​ចក្រ ​ដោយ​ពាក់​អាវ​យឺត ​១៧៧ ​ដុល្លារ​ ភ្ជាប់​ដោយ​ស្លាក​សញ្ញា​អ្នក​បញ្ជា​ទិញ​ល្បី​ៗ​ លើក​បដា​ និង​ថ្លែង​ការណ៍ ​តែ​មិន​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​ទេ។​ ការ​ជួប​ជុំ​នោះ ​នឹង​ធ្វើ​ឡើង​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​ តែ​រយៈ​ពេល​ប្រហែល ​២០​ នាទី​ប៉ុណ្ណោះ។

ជា​ការ​កត់​សម្គាល់ ​មេដឹកនាំ​សហជីព​កម្មករ​ យ៉ាង​ហោច​ណាស់​ ៦​ រូប​ ដែល​បាន​ចេញ​មុខ​ ដឹក​នាំ​កម្មករ​ ទាមទារ​ប្រាក់​ខែ​គោល ​១៦០​ ដុល្លារ ​ចាប់​ពី​ថ្ងៃ​ទី​២៤ ​ខែ​ធ្នូ ​រហូត​ដល់​ថ្ងៃ​ទី​៤ ​ខែ​មករា​ ឆ្នាំ​២០១៤​ រួម​មាន​ លោក​អាត់​ធន់ ​លោក​រ៉ុង​ឈុន ​ លោក​ជា​មុនី លោក​ប៉ាវ​ស៊ីណា ​លោក​ស្រី ម៉ម​ញឹម និង​លោក​ស្រី​យ៉ាង​សុភ័ណ្ឌ ​ជា​មុខ​សញ្ញា ​ជាប់​ចោទ​ក្នុង​រឿង​ដឹក​នាំ​កម្មករ​ ធ្វើ​បាតុកម្ម ​កើត​មាន​អំពើ​ហិង្សា ​បិទ​ផ្លូវ​ និង​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ​កាត់​ដេរ។ ​ប៉ុន្តែ​ជា​ការ​ឆ្លើយតប ​កង​កម្លាំង​សមត្ថកិច្ច ​ទាហាន​ ប៉ូលិស​ និង​ប៉េអឹម​ បាន​វាយ​ បាញ់​បង្ក្រាប ​បណ្តាល​ឲ្យ​របួស និង​ស្លាប់​ យ៉ាង​ហោច​ណាស់​ ៦​ នាក់។ ​តែ​យ៉ាង​ណា​ក៏​ដោយ​ សំណុំ​រឿង​បាញ់​សម្លាប់​កម្មករ​ មិន​ត្រូវ​បាន​តុលាការ​ ចាត់​ការ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ