អានតួអត្ថបទ
កម្ពុជា

សហជីព​ទាមទារ​តំលើង​ប្រាក់​ខែ​កម្មករ​ ខណៈ ​GMAC​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ក្រុមហ៊ុន​បញ្ជា​ទិញ

មេដឹកនាំ​សហជីព​នឹង​ដឹកនាំ​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​ឲ្យ​បាន ​១៧៧​ ដុល្លារ។ ​ការ​ទាមទារ​នេះ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី​១៧​កញ្ញា​នេះ ​នៅ​តាម​បណ្តា​រោងចក្រ​នានា​ទូទាំង​ប្រទេស។ ​ការ​ប្រកាស​គម្រោង​ទាមទារ​ដំឡើង​ប្រាក់ខែ​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ (GMAC​) បាន​ឲ្យ​ដឹង​ថា​ ការ​បញ្ជា​ទិញ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

មេដឹក​នាំស​ហជីព​កម្មករ​កម្ពុជា​ នៅ​តែ​ធ្វើ​ការ​ទាម​ទារ​អោយ​មាន​ការ​ដំឡើង​ប្រាក់​ខែ​១៧៧​ដុល្លារ​ដល់​កម្មករ​។​
មេដឹក​នាំស​ហជីព​កម្មករ​កម្ពុជា​ នៅ​តែ​ធ្វើ​ការ​ទាម​ទារ​អោយ​មាន​ការ​ដំឡើង​ប្រាក់​ខែ​១៧៧​ដុល្លារ​ដល់​កម្មករ​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​សហជីព​កម្មករ​កម្ពុជា ​ចំនួន​ ១៨​ បាន​ប្រកាស​ប្រកាន់​ជំហរ​ថា ​នៅ​តែ​បន្ត​ការ​តវ៉ា​ ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​ ១៧៧​ដុល្លា ​នៅ​ថ្ងៃ​ទី​ ១៧​កញ្ញា​ស្អែក​នេះ​ បើ​ទោះ​បី​ជា​មេដឹកនាំ​សហជីព​កម្មករ​ខ្លះ​ កំពុង​ជាប់​បណ្តឹង ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ក៏​ដោយ។​ ការ​ទាម​ទារ​ នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង ​១២​ថ្ងៃ​ត្រង់​ ម៉ោង​សម្រាក​ពេល​បាយ​ រយៈពេល​ប្រមាណ​ជា​ ៣០​នាទី ​ទៅ​មួយ​ម៉ោង។

តាម​លោក​ អាត់ ធន​ ប្រធាន​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​កម្មករ​នៅ​តាម​រោង​ចក្រ ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​ ជាង​ ៣០០​កន្លែង​ នឹង​ពាក់​អាវ​យឺត​ មាន​ស្លាក​សញ្ញា ទាម​ទារ​ប្រាក់​ឈ្នួល​ ១៧៧​ដុល្លារ​ លើក​បដា ​និង​ថ្លែងការណ៍។ ​ការ​ជួប​ជុំ​នោះ ​នឹង​មិន​មាន​ការ​ដើរ​ហែក្បួន​តាម​ផ្លូវ​ទេ។ ​ហើយ​បន្ទាប់​ពី​ការ​ជួប​ជុំ​នេះ ​មេដឹកនាំ​សហជីព​ នឹង​នាំ​យក​សារ​ថ្លែង​ពី​ទុក្ខ​លំបាក​នៃ​ប្រាក់​ឈ្មួល​តិច​ របស់​កម្មករ​ ទៅ​ជូន​តំណាង​ស្ថាន​ទូត​នានា ​និង​ក្រសួង​ការ​ងារ​ ដើម្បី​ពិនិត្យ ​និង​ដោះ​ស្រាយ​បញ្ចប់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ​(GMAC)​ បាន​ឲ្យ​ដឹង​ថា​ការ​ស្ទង់​មតិ​របស់​ពួកគេ​តាម​រយៈ​ទូរស័ព្ទ​ ឬ​ហៅថា ​Quick Survey ​ ទៅ​លើ​រោងចក្រ​កាត់​ដេរ​ ដែល​ជា​សមាជិក​ចំនួន​ ២៤៧ ​បាន​បង្ហាញ​ថា​ ៥០​ភាគរយ​នៃ​សមាជិក​ទាំង​នោះ​ មិន​ទទួល​បាន​ការ​បញ្ជា​ទិញ​គ្រប់​គ្រាន់​ សម្រាប់​ផលិត​កម្ម ​រហូត​ដល់​ចុង​ឆ្នាំ​នេះ​នោះ​ទេ។ ​GMAC​ និយាយ​ថា ​បញ្ហា​នេះ​មក​ពី​ការ​តវ៉ា ​បាតុកម្ម​ កូដកម្ម​របស់​កម្មក​រ​ជា​បន្ត​បន្ទាប់។​ ក្រុមហ៊ុន​ធំ​ៗ ​ដែល​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ រួម​មាន​ Wall Mart,​ H&M, Levis’s, Adidas ជា​ដើម។

លោក ​កាំង ម៉ូនីកា ​អគ្គ​លេខាធិការរង​ GMAC ​បាន​ឲ្យ​ដឹង​ថា ​ដោយ​សារ​ស្ថាន​ការ​នៃ​ការ​តវ៉ា​ទាម​ទារ​ ធ្វើ​កូដកម្ម ​បាតុកម្ម ​របស់​មេដឹកនាំ​សហជីព​ និង​កម្មករ​ នៅ​ក្នុង​ឆ្នាំ​នេះ ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​បាត់​បង់​ទំនុក​ចិត្ត​ រអារ​លែង​ចង់​ឲ្យ​វិនិយោគ​នៅ​កម្ពុជា​បន្ត​ទៀត។

ច្រាល​ចោល​ការ​លើក​ឡើង​នេះ ​លោក​អាត់ ធន់​ បាន​និយាយ​ថា​ ដោយ​សារ​តែ​រដ្ឋាភិបាល ​និង​និយោជក មិន​ព្រម​ដោះ​ស្រាយ​បិទ​បញ្ចប់​ការ​ចរចារ​ទាមទារ​តំលើង​ប្រាក់​ឈ្មួល​កម្មករ​ឲ្យ​បាន​សមរម្យ ​ទើប​ក្រុមហ៊ុន​វិនិយោគ​ទាំង​នោះ ​ពិចារណា​ ហើយ​ក៏​សម្រេច​មិន​បញ្ជា​ទិញ​បន្ត​ រហូត​ទាល់​តែ​កម្មករ​កម្ពុជា ​ទទួល​បាន​ដំណោះស្រាយ​សម​ប្រកប​មួយ។

លោក​ ហេង ​សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើក​ឡើង​ថា ​ភាគី​រដ្ឋាភិបាល ​និយោជក​ និង​សហជីព​ តែង​តែ​ជួប​ប្រជុំ​គ្នា​ជានិច្ច​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រាក់​ខែ​កម្មករ​នេះ ​ដោយ​មាន​ទាំង​ការ​សហការ​ជាមួយ​អង្កការ​អន្តរជាតិ​ខាង​ការងារ​ ILO​ ទៀត​ផង។ ​លោក​ ហេង ​សួរ​ បាន​បញ្ជាក់​ថា ​ការ​តវ៉ា​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ជា​សិទ្ធ​របស់​កម្មករ​ និង​សហជីព ​ប៉ុន្តែ​ការ​ទាមទារ​ប្រាក់​ឈ្មួល​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ ​ដក​ខ្លួន​ចេញ ​មិន​បញ្ជា​ការ​ទិញ ។ ​តាម​លោក ​ហេង ​សួរ​ មាន​អ្នក​វិនិយោគ​ទុន​មក​ច្រើន​ ទើប​ប្រាក់​ឈ្មួល​កម្មករ​ អាច​កើន​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ