ស៊ីរី-អសប - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 20 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 20 កក្កដា 2012

គម្រោង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ធ្លាក់​ទឹក​ជា​លើក​ទីបី

រថក្រោះ​របស់​ទ័ព​រដ្ឋាភិបាល​ត្រូវ​ពួក​បះបោរ​ដុតឆេះ​ចោល​នៅខេត្ត​Aleppo
រថក្រោះ​របស់​ទ័ព​រដ្ឋាភិបាល​ត្រូវ​ពួក​បះបោរ​ដុតឆេះ​ចោល​នៅខេត្ត​Aleppo
© REUTERS

ដោយ ឈាង បុប្ផា

កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ១៩ កក្កដា ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ​ជាថ្មី មិន​អាច​អនុម័ត​សេចក្តី​សម្រេច​ស្តីពី​វិបត្តិ​ស៊ីរី។ រុស្ស៊ី និង​ចិន ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ធ្វើ​វេតូ​មិន​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម​ទៅលើ​រដ្ឋាភិបាល​លោក​Bachar Al Assad ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ ក្រុមប្រឆាំង​វិញ​ទើប​វាយ​ដណ្តើម​បាន​បុស្តិ៍​ច្រក​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល ដែល​ស្ថិតនៅ​តាមព្រំដែន​រវាង​ស៊ីរី​ជាមួយ​តួកគី និង​អ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ ​ម្សិលមិញ។ នៅថ្ងៃ​ដែល​អង្គការ​សហប្រជាជាតិ​បរាជ័យ មិន​អាច​ចេញសេចក្តី​សម្រេច ​មនុស្ស​ជាង ២៤៨​នាក់​ត្រូវ​គេ​បាញ់សម្លាប់ នៅក្នុង​ប្រទេស​ស៊ីរី។

បទអន្តរាគមន៍​របស់​ឈាង បុប្ផា
 

20/07/2012 by ឈាង បុប្ផា

ក្នុង​រយៈពេល​មួយឆ្នាំ​ដែល​ការបះបោរ និង​អំពើ​ហិង្សា​ផ្ទុះ​ឡើង នៅស៊ីរី នេះ​ជា​លើកទីបី ដែល​រុស្ស៊ី និង​ចិន ដែល​ជាសមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ធ្វើ​វេតូ ប្រឆាំង​មិន​ឲ្យ​មិន​ឲ្យ​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ស៊ីរី។
 
គ្រប់គ្នា​សំដែង​ខកចិត្ត​ខ្លាំង ក្រោយ ពេល​ចិន និង​រុស្ស៊ី ធ្វើវេតូ។ ប្រទេស​លោកខាងលិច​ដែល​នាំមុខ​ដោយ អាមេរិក អង់គ្លេស និង​បារាំង បានចោទ រុស្ស៊ី និង​ចិន​ថា កំពុង​ការពារ​របប​ឃោរឃៅ​របស់​លោកBachar Al Assad។
 
រុស្ស៊ីវិញ បាន​និយាយ​ការពារ​ខ្លួន ដោយ​លើកឡើង​ថា សេចក្តីសម្រេច​រៀបចំ​ដោយ​ប្រទេស​លោកខាងលិច​មាន​ចេតនា ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច តែ​ទៅលើ​រដ្ឋាភិបាល ប៉ុន្តែ គ្មាន​ដាក់​សម្ពាធ​ទៅលើក្រុមប្រឆាំង​ស៊ីរី។
 
ម្យ៉ាងវិញ តាម ចិន និង​រុស្ស៊ី សេចក្តី​សម្រេច​លើកនេះ​មាន​ន័យ​​បើកផ្លូវ​ឲ្យ​មាន​អន្តរាគម​ទ័ព​បរទេស នៅក្នុង​ប្រទេស​ស៊ីរី។ ប្រទេស​ធ្វើ​វេតូ​ទាំងពីរ​​ចង់​សំដៅ​ដល់​ទៅ​ជំពូក​ទី ៧ របស់​សេចក្តី​សេចក្តី​សម្រេច ព្រោះថា ជំពូក​ទី​៧​នេះ ធ្លាប់​ត្រូវ​បាន​គេ​ប្រើ​ម្តង​រួចហើយ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​អន្តរាគម​ទ័ព​បរទេស នៅក្នុង​ប្រទេស​លីប៊ី។
 
ប៉ុន្តែ ប្រទេស​លោកខាងលិច​បាន​និយាយថា ជំពូក​ទី ៧​លើកនេះ​មិន​ដូច​លើកមុន ព្រោះ​វា​ត្រូវ​បាន​ចង​ទៅនឹង​មាត្រា​ទី​៤១ របស់​អង្គការ​សប្រជាជាតិ ដែល​ប្រឆាំង​អន្តរាគម​ទ័ព​បរទេស។សេចក្តី​សម្រេច​ដែល​ចងក្រង​ដោយ​ប្រទេស​លោកខាងលិច មាន​និយាយ​តែ​ពីការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ក្នុង​ករណី​ដែល ក្នុង​រយៈពេល ១០ថ្ងៃ របបលោក​Bachar Al Assad ខកខាន មិន​បញ្ឈប់​អំពើ​ហិង្សា មិន​ព្រមដកទ័ព និង​អាវុធ​ធុនធ្ងន់​ចេញ​ពី​ទីក្រុង​រប់ស​ក្រុមប្រឆាំង។
 
យ៉ាងណាក៏ដោយ លើកនេះ រុស្ស៊ី និង​ចិន​នៅតែមិន​ទុកចិត្ត ព្រោះ កាល​ពីក្នុង​ពេល​មាន​វិបត្តិនៅ​លីប៊ី  រុស្ស៊ី និង​ចិន​បាន​បោះឆ្នោត​អនុប្បវាត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អាច​ចេញ​សេចក្តី​សម្រេច​មួយ ដែល​អនុញ្ញាត​ឲ្យ​ទ័ព​អូតង់​ធ្វើ​អន្តរាគម​ផ្នែកអាកាស នៅ​ក្នុង​ប្រទេស​លីប៊ី។ ចិន​ដែល​បោះឆ្នោត​អនុប្បវាត ក្រោយ​មក​ក៏​រិះគន់​ប្រតិបត្តិការ​របស់​ទ័ព​អូតង់។ តាមទីក្រុង​ប៉េកាំង គេ​បាន​រំលោភសេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បាន​ប្រើ​កម្លាំងយោធា ដើម្បី​ជួយ​តែ​ក្រុមប្រឆាំង ផ្តួលរំលំ​មេដឹកនាំ​ប្រទេស​មួយ។
 
យើង​ដឹង​ហើយ​ថា តាំងពីណា ពីណីមក នយោបាយ​របស់​ចិន គឺ​មិនចង់​លូកដៃ​ក្នុង​កិច្ចការផ្ទៃក្នុង​ប្រទេស​មួយ ហើយ​ក៏​មិន​ចង់​ឲ្យ​គេ​យក​សេចក្តីសម្រេច​របស់​អង្គការ​ប្រជាជាតិ​ដាក់​សម្ពាធ​លើ​របបដឹកនាំ​ប្រទេស​ណាមួយ ដូច​ជានៅលីប៊ី ឬ​ស៊ីរី​បច្ចុប្បន្ន។ មើលទៅ ចិន​ដែល​ចង់​គោរព មិន​លូកលាន់​ក្នុង​កិច្ចការផ្ទៃក្នុង​ប្រទេស​គេ​ផ្សេង ព្រោះតែ​ចិន​ក៏​មិន​ចង់​ឲ្យ​ប្រទេស​ដទៃ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន។ ជាក់ស្តែង វិបត្តិនៅទីបេ ឬ​ការបះបោរ​នៅ​ស៊ីនជាំង ចិន​បាន​ចាត់ទុក​ជា​វិបត្តិ​ផ្ទៃក្នុង និង​ធ្លាប់​ព្រមាន​មិន​ឲ្យ​អន្តរជាតិ​លូកដៃ​អន្តរាគមអ្វីដែរ។
 
សេចក្តីសម្រេច​ថ្មី​ដើម្បី​ពន្យា​បេសកកម្ម​របស់​ក្រុមអ្នកសង្កេតការណ៍​អសប
 
អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​សម្រេច នៅថ្ងៃ​សុក្រនេះ ពីអនាគត​វត្តមាន​របស់​ទ័ពមួកខៀវ ៣០០​នាក់ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​របស់ខ្លួន នៅ​យប់​ថ្ងៃ​សុក្រ​នេះដែរ។ ទោះជា​ក្រុមប្រឹក្សា​សន្តិសុខ​ខកខាន​ក្នុង​ការអនុម័ត​សេចក្តីសម្រេច ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយដែល​ចង់ឃើញ​ក្រុមអ្នកសង្កេតការណ៍​អង្គការ​សហប្រជាជាតិ​បញ្ចប់​ការងារ​ត្រឹមណេះដែរ។ អង់គ្លេស​ស្នើ​ឲ្យ​គេ​បន្ត​តែ​៣០ថ្ងៃ ប៉ុន្តែ ប៉ាគីស្ថាន ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​ស្នើ​សេចក្តីសម្រេច​មួយ​ដែល​ចង់​ឲ្យ​ក្រុមមួយខៀវ​ស្ថិតនៅ​បន្ត នៅស៊ីរី​ ៤៥​ថ្ងៃទៀត។ សម្រាប់​អាមេរិក និង​អង់គ្លេស ការបន្តពន្យារ​ពេល​ក្រុមមួយខៀវ នៅ​ស៊ីរី ជារឿង​គ្មាន​ប្រយោជន៍ និង​គ្រោះថ្នាក់​សម្រាប់​ក្រុមនេះ ដែល​គ្មាន​អាវុធ​ក្នុង​ដៃ។ ហើយ​ការងារ​របស់ពួកគេ​បាន​ព្យួរផ្អាក តាំង​ពី​ពាក់​កណ្តាល​មិថុនា ដោយសារ​តែ​ភាគី​ទាំងពីរ រដ្ឋាភិបាល​ស៊ីរី និង​ក្រុមប្រឆាំង មិន​បាន​គោរព​បទឈប់បាញ់​របស់​លោក​កូហ្វី អាណាន់។
 
ម្យ៉ាងវិញទៀត បើទោះ​ជាក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ​មិនអាច​ចេញសេចក្តីសម្រេច អាមេរិក​ដែល​នាំមុខ​ក្នុង​ក្រុមប្រទេស​មិត្ត​ស៊ីរី ក្នុង​នោះ មាន​ការចូលរួម​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ផង បាន​និយាយ​ថា អាមេរិក​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រទេស​លោកខាងលិច​ផ្សេងទៀត និង​ក្រុមប្រឆាំង​ស៊ីរី ដើម្បី ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​លោក​Bachar Al Assad។ អាមេរិក​អាច​ផ្គង់ផ្គង់​ព័ត៌មាន​ដល់​ក្រុមទាហាន​ប្រឆាំង ចំណែក​ប្រទេស​កាតា និង​អារ៉ាប៊ី សាអ៊ូឌីត​វិញ ជា​អ្នកផ្តល់អាវុធ​ដល់​ទាហាន​ស៊ីរី​សេរី។
 
នៅ​ក្នុង​ការប្រយុទ្ធ​ប៉ុន្មាន​ថ្ងៃនេះ គេឃើញ​ថា ក្រុមទាហាន​ស៊ីរី​សេរី កាន់តែ​មាន​បទពិសោធន៍ និង​បច្ចេកទេស​ប្រយុទ្ធ​ជាងមុន ព្រោះថា បើទោះជា​ត្រូវ​ប្រឈម​នឹង​អាវុធ​ធុនធ្ងន់​របស់​កងទ័ព​រដ្ឋាភិបាល ក្រុមទាហានបះបោរ​បាន​សម្រុក​វាយ​ទៅលើ​ទ័ព​រដ្ឋាភិបាល​ដល់​ទីក្រុង នេះ​គេ​នៅមិនទាន់​រាប់បញ្ចូល​ពី​ជ័យជំនះ​របស់​ក្រុមប្រឆាំង​ដែល​ទើប​វាយ​ដណ្តើម​បាន​បុស្តិ៍​ច្រកត្រួតពិនិត្យ​របស់រដ្ឋាភិបាល ដែល​ស្ថិតនៅ​តាមព្រំដែន​តួកគី និង​អ៊ីរ៉ាក់ កាលពីថ្ងៃ​ម្សិលមិញ។
 
មើលទៅ​សេណារីយ៉ូ ស្ថានភាព​ស៊ីរី​កាន់​តែ​ដូច​ស្ថានភាព​នៅលីប៊ី មុន​ពេល​ដែល​លោក​កាដាហ្វ៊ី​បាក់ទ័ព​ចាញ់​ក្នុង​ដៃ​របស់ក្រុមប្រឆាំង។ គ្រាន់តែ​ថា នៅស៊ីរី ដោយសារ​តែ​គ្មាន​អន្តរាគមន៍​ទ័ព​បរទេស លោកប្រធានាធិបតី​Bachar Al Assad អាច​នៅក្រាញអំណាច​បាន​យូរ​ជាង​បន្តិច។ ប៉ុន្តែ មិន​យូរមិនឆាប់ ការបែកបាក់​ផ្ទៃក្នុង​ជួរកងទ័ព និង​ការដើរចេញ​របស់​មន្រ្តី​សំខាន់ៗ​របស់​រដ្ឋាភិបាល នឹង​ធ្វើ​ឲ្យលោក​Bachar Al assad ​ចុះទន់ខ្សោយ នោះ​បើទោះជា​មាន​ការគាំទ្រ​ពី​រុស្ស៊ី និង​ចិន​យ៉ាងណា​ក៏ដោយ៕

tags: ចិន - បដិវត្តន៍ - រុស្ស៊ី - សម្ព័ន្ធអារ៉ាប់ - សហរដ្ឋអាមេរិក - ស៊ីរី - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close