អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប​សម្រេច​ឲ្យ​​បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​នៅ​ហ្កាហ្សា

នៅ​ក្នុង​កិច្ចប្រជុំវិសាមញ្ញ កាល​ពីថ្ងៃ​ពុធ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប ដែល​មាន​ទីស្នាក់ការ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​មួយ ទៅតាម​សំណើ​របស់​ប៉ាឡេស្ទីន ដើម្បី​​បើក​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅលើ​​សកម្មភាព​យោធា​របស់​អ៊ីស្រាអែល នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​គេ​សង្ស័យ​ថា​អាច​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោកស្រី Navi Pillay អគ្គស្នងការ​សិទ្ធិមនុស្ស​អ.ស.ប នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃ​ទី២៣ កក្កដា ២០១៤
លោកស្រី Navi Pillay អគ្គស្នងការ​សិទ្ធិមនុស្ស​អ.ស.ប នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃ​ទី២៣ កក្កដា ២០១៤ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ នៅ​តំបន់​ហ្កាហ្សា ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​មាន​កិច្ចប្រជុំ​បន្ទាន់ រយៈពេល ៧ម៉ោង កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទៅតាម​សំណើ​របស់​ប៉ាឡេស្ទីន អេហ្ស៊ីប និង​ប៉ាគីស្ថាន។ កិច្ចប្រជុំ ដែល​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​យក​ធ្វើ​ជា​វេទិកា​ចោទគ្នា​ទៅវិញ​ទៅមក ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។

នៅទីបញ្ចប់ តំណាង​ប្រទេស​ទាំង ៤៧ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប បាន​ចេញសេចក្តីសម្រេច​ថ្កោលទោស​ចំពោះ​ “ការ​រំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិសេរីភាព​ជាមូលដ្ឋាន ប្រព្រឹត្ត​ជា​លក្ខណៈប្រព័ន្ធ” នៅ​ក្នុង​តំបន់​ហ្កាហ្សា ចាប់តាំង​ពី​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​យោធា និង​សម្រេច​ឲ្យមាន​ការបង្កើត​គណៈកម្មការ​អន្តរជាតិ​ឯករាជ្យ​មួយ​ជា​បន្ទាន់ ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស​នេះ។

សេចក្តីសម្រេចនេះ ដែល​ព្រាងឡើង​ដោយ​ប៉ាឡេស្ទីន​ ត្រូវ​បាន​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ ២៩​សំឡេង មក​ពី​បណ្តា​ប្រទេស​អារ៉ាប់ ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ប្រទេស​មក​ពី​តំបន់​អាមេរិក​ឡាទីន និង​​អាហ្វ្រិក រួមជាមួយ​នឹង​ប្រទេស​រុស្ស៊ី និង​ចិន។ សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​តែមួយគត់ ដែល​បោះឆ្នោត​ប្រឆាំង។ ចំណែក​ប្រទេស ១៧ផ្សេងទៀត រួមមាន​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មក​ពី​អឺរ៉ុប បាន​បោះឆ្នោត​អនុប្បវាទ។

អ៊ីស្រាអែល ដែល​មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ មិនមាន​សិទ្ធិ​បោះឆ្នោត​នោះទេ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ ក៏ប៉ុន្តែ មាន​សិទ្ធិ​ឡើង​និយាយ​នៅ​ក្នុង​អង្គ​ប្រជុំ។ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​បាន​រិះគន់​បណ្តា​ប្រទេស​ដែល​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​លើ​សេចក្តីសម្រេច​​នេះ​ថា សុទ្ធសឹង​ជា​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​ការ​រំលោភ​សិទ្ធិមនុស្ស ប៉ុន្តែ នាំគ្នា​ថ្កោលទោស​អ៊ីស្រាអែល​ ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​ពី​ការ​រំលោភ​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​ខ្លួនឯង។

ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ក៏​បាន​លើកឡើង​ផងដែរ​ថា ​ការណ៍​ដែល​ក្រុម​ហាម៉ាស់​​ធ្វើការ​​បាញ់​ផ្លោង​រ៉ុកកែត​ទៅលើ​អ៊ីស្រាអែល​ដោយ​មិនរើសមុខ​ថា​ជា​ទីតាំង​ស៊ីវិល ឬ​យោធា​ទើប​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ហើយ​ការណ៍​ដែល​ក្រុម​ហាម៉ាស់​យក​ជនស៊ីវិល​នៅ​ហ្កាហ្សា​មក​ធ្វើ​ជា​ខែល​ការពារ​ទីតាំង​រ៉ុកកែត​របស់​ពួកគេ ក៏​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាមដែរ។

សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​មក​ពី​សហភាព​អឺរ៉ុប​បាន​ពន្យល់​​ថា ​មូលហេតុ​ដែល​ពួកគេ​មិន​បោះឆ្នោត​គាំទ្រ​​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប  គឺ​ដោយសារតែ​សេចក្តីសម្រេច​នេះ​ធ្វើការ​ចោទប្រកាន់​តែ​ទៅលើ​សកម្មភាព​យោធា​អ៊ីស្រាអែល ហើយ​មិននិយាយ​ទៅដល់​រឿង​ដែល​ក្រុម​ហាម៉ាស់​ប្រើ​រ៉ុកកែត​បាញ់​ផ្លោង​ទៅលើ​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ